កម្ពុជា ស្នើឱ្យក្រុមហ៊ុនជប៉ុន បន្តជំរុញសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគជប៉ុនបន្ថែមទៀត
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Fumiaki TAKASHASHI អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា ព្រមទាំងគណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគជប៉ុន នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្ម និងជំរុញការវិនិយោគរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមន្សរីកររាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ព្រមទាំងថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការសម្រួល និងធ្វើឱ្យប្រសើរឡើងនូវបរិយកាសធុរកិច្ច-វិនិយោគនៅកម្ពុជា និងបានជម្រាបជូនអំពីការគាំទ្ររបស់ក្រសួងពាណិជ្ជកម្មដល់ធុរកិច្ចនៅកម្ពុជា តាមរយៈការសម្រួលការចុះបញ្ជីម៉ាកដល់ក្រុមហ៊ុនធុរកិច្ចនានា ការជំរុញការធ្វើធរុកិច្ចលើផលិតផលសក្តានុពលនានានៅកម្ពុជា រួមមានកសិដ្ឋានចិញ្ចឹមដង្កូវនាងសម្រាប់បម្រើដល់ការផលិតគ្រឿងសំអាង និងផលិតផលកសិកម្មមានសក្តានុពលដទៃទៀត។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនធុរកិច្ច និងវិនិយោគិនជប៉ុន ព្រមទាំងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តកិច្ចសម្របសម្រួលដ៏ល្អប្រសើរក្នុងការជំរុញសកម្មភាពធរុកិច្ច ពាណិជ្ជកម្ម និងវិនិយោគជប៉ុនបន្ថែមទៀត ស្របពេលដែលកម្ពុជាមានវិស័យសក្តានុពលជាច្រើនទៀត ជាពិសេស ឱកាសដែលទទួលបានក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េ និងអាសិបចូលជាធរមាន។
ជាការឆ្លើយតប ឯកឧត្តម Fumiaki TAKASHASHI បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវកំណើនពាណិជ្ជកម្មទ្វេភាគីដ៏ល្អប្រសើរ ទោះបីកន្លងមកប្រទេសទាំងពីរស្ថិតក្នុងកាលៈទេសៈលំបាក ដែលបង្កដោយជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។
ទន្ទឹមនឹងនេះ គណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគជប៉ុន បានសម្តែងការពេញចិត្ត និងថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់ពេលវេលាជម្រាបជូនអំពីកិច្ចសម្រួលដល់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសការបន្តសម្របសម្រួលរវាងក្រសួងពាណិជ្ជកម្ម ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងធុរកិច្ច-វិនិយោគិនជប៉ុន សំដៅជំរុញ បន្ថែមនូវការវិនិយោគ ព្រមទាំងធ្វើពាណិជ្ជកម្មលើទំនិញ និងវិស័យសក្តានុពលដទៃទៀតរបស់កម្ពុជា។
ក្នុងឱកាសនោះផងដែរ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីវឌ្ឍនភាពទូទៅដទៃទៀតពាក់ព័ន្ធនឹងការរៀបចំច្បាប់គ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស, គោលនយោបាយកាត់បន្ថយឧស្ម័នកាបូនរយៈពេលវែង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលដទៃទៀត រួមមាន ការបម្លាស់ប្តូរថាមពល (Energy Transition) ជាដើម។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួលជំរុញសកម្មភាព ធុរកិច្ច និងវិនិយោគបន្ថែមទៀត លើវិស័យសក្តានុពលនានានៅកម្ពុជា សំដៅជំរុញពាណិជ្ជកម្មទ្វេភាគី និងស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។