ថតរូបលេងនៅប្រាសាទចៅសាយទេវតា ត្រឡប់មកវិញចុចមើលរូបថត ជាប់ស្រ្តីម្នាក់អត់មានក្បាល
យុវតីម្នាក់រស់នៅក្នុងក្រុងសៀមរាប បានសម្តែងការភ្ញាក់ផ្អើល ក្រោយពីនាងបានឆែករូបថតក្នុងទូរស័ព្ទរបស់នាងដែលបានថតលេងកាលពីកំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឃើញស្ត្រីម្នាក់បែរជាគ្មានក្បាល។
បើតាមយុវតីរូបនោះថា រូបថតនេះ នាងបានថតលេងកាលពីកំឡុងឱកាស នៃពិធីបុណ្យចូលឆ្នាំខ្មែរ ពោលគឺនៅវេលាម៉ោងប្រមាណ ១០ព្រឹក នៅប្រាសាទចៅសាយទេវត្តា។ ហើយសម្រាប់ស្រ្តីដែលនៅក្នុងរូបនោះ នាងមិនបានស្គាល់នោះឡើយ ហើយក៏មិនបានចាប់អារម្មណ៍ដែរនៅពេលនោះ។
យ៉ាងណាក៏ដោយ នាងសង្ឃឹមថា ស្រ្តីដែលបានស្លៀកពាក់របៀបនេះ និងបានទៅលេងប្រាសាទចៅសាយទេវត្តានៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២កន្លងទៅ បើឃើញហើយ គួរតែទៅធ្វើពិធីរំដោះគ្រោះ ខ្លាចក្រែងមានរឿងអកុសល្យណាមួយកើតឡើង។
តាមពិតទៅករណីថតរូបមិនឃើញក្បាលមនុស្សនេះ បានក្លាយទៅជារឿងអបិយ៍ជំនឿមួយរបស់ជនជាតិខ្មែរ ដោយថា អ្នកដែលគេថតមិនឃើញក្បាលនោះជាប្រថ្នូលមួយដោយអាចនឹងមានរឿងគ្រោះថ្នាក់អ្វីមួយកើតឡើងរហូតដល់ស្លាប់ថែមទៀតផង។ ដូច្នេះបុគ្គលដែលគេថតរូបមិនជាប់ក្បាលនេះ គប្បីធ្វើពិធីរំដោះគ្រោះតាមបែបសាសនា ដើម្បីសុំសេចក្តីសប្បាយត្រឡប់មកវិញ។
តែបើតាមមតិខ្លះបាននិយាយថា ករណីថតរូបមិនឃើញក្បាលនេះ គឺអាចប្រហែលជាកម្មវិធីថតរូបរបស់ទូស័ព្ទមានបញ្ហា ឬក៏គេអាចប្រើមូដ Pana ដើម្បីអូសឱ្យឃើញខ្ពស់ ឬទ្រវែង ដែលវាក៏អាចកាត់រូបខ្លះទៅតាមល្បឿនដែលយើងអូសនោះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។