សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា ទទួលបាន​ដៃគូ​អភិវឌ្ឍន៍​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ២០២៣

​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា និង​ក្រុមហ៊ុន COROS CAMBODIA បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ក្នុង​គោលបំណង ដើម្បី​ជួយ​ទ្រទ្រង់​គាំទ្រ​ដល់​វិស័យ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា ដែល​នេះ​ជា​ជំហាន​ថ្មី​មួយ​នៃ​ដំណើរ​ឆ្ពោះទៅ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ​ត្រូវបាន​ធ្វើឡើង​រវាង​លោក ងិន សុខ​បញ្ញា អគ្គលេខាធិការ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា និង​លោក តាំង តិច​ឡុង តំណាង​ក្រុមហ៊ុន COROS CAMBODIA ក្រោម​វត្តមាន​លោកជំទាវ ម៉ក់ វណ្ណ​ស៊ីថា អនុប្រធាន​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​។​

​លោក ងិន សុខ​បញ្ញា បាន​បញ្ជាក់ថា ភាពជា​ដៃគូ​នេះ​មាន​រយៈពេល​២​ឆ្នាំ (២០២២-២០២៤) ដោយ​សហព័ន្ធ​កីឡា​ទី​យ៉ា​ត្លុង​កម្ពុជា​ជួយ​សម្រួល​នូវ​រាល់​គណៈកម្មាធិការ​បច្ចេក​ទេស ក្នុង​ការរៀបចំ​កម្មវិធី​កីឡា​ទ្រី​យ៉ា​ត្លុង​របស់ COROS Cambodia និង​គាំទ្រ​ក្នុងការ​បង្កើត​កម្មវិធី​កីឡា​ក្នុង​ផ្សេងៗ​នៅ​កម្ពុជា ដែល​ក្រុមហ៊ុន COROS Cambodia ស្នើសុំ​ដោយ​ស្របតាម​គោលការណ៍​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

COROS Cambodia បាន​ផ្តល់ជូន​នូវ​ឯកសណ្ឋាន​ថ្មី Tri-Suits ១៨​ឈុត​ទៅដល់​កីឡាករ​ជម្រើសជាតិ​ទី​យ៉ា​ត្លុង​កម្ពុជា សម្ភារ​ហ្វឹកហាត់ ជាពិសេស​នឹង​ផ្តល់ជូន​នូវ​រង្វាន់​ជា​នាឡិកា ឬ​សម្ភារ​ប្រើប្រាស់​បន្ថែម ក្នុងការ​លើកទឹកចិត្ត​ដល់​កីឡាករ​ជម្រើសជាតិ​ណាមួយ ដែល​បានទទួល​ចំណាត់ថ្នាក់​ជ័យលាភី ក្នុងការ​ប្រកួត​ណាមួយ ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​បន្ថែម​នៃ​វិស័យ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​។​

​គួរ​បញ្ជាក់ថា ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close