សម្តេចតេជោ ណែនាំឲ្យប្រតិភូកីឡាកម្ពុជាគោរពឲ្យបាននូវសេចក្តីថ្លៃថ្នូរ ដើម្បីកិត្តិយសជាតិ ក្នុងការប្រកួតស៊ីហ្គេម នៅវៀតណាម
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់ប្រតិភូ កីឡាករ កីឡាការិនីកម្ពុជា ដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែក្រោយនេះត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ ដើម្បីថ្លៃថ្នូរ កិត្តិយសជាតិ ជាពិសេសជៀសឲ្យបាននូវការប្រើប្រាស់សាធាតុលើកកម្លាំង។
នេះជាប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពង់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅសាលមហោស្រព កោះពេជ្រ ដើម្បីត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលគ្រោងដំណើរការជាផ្លូវការពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ក្រុមអត្តពលិកកម្ពុជា ដែលត្រៀមប្រជែងមេដាយ ស៊ីហ្គេម នាខែក្រោយនេះត្រូវរក្សាឲ្យបាននូវសេក្តីថ្លៃថ្នូ ពីព្រោះថា ក្រុមប្រតិភូ កីឡាករ កីឡាការិនី និងមន្ត្រីសរុប ៥៦០នាក់ គឺយើងកាន់ទង់ជាតិរបស់កម្ពុជាទៅជាមួយ ដូច្នេះនៅជាប់ខ្លួនរបស់កីឡាករ កីឡាការិនីទាំងអស់មានតួអង្គព្រះមហាក្សត្រ តួអង្គនីតិបញ្ញត្តិ មានរដ្ឋសភា ព្រឹទ្ធសភា មានតួអង្គនីតិប្រតិបត្តិ ដែលតំណាងឲ្យប្រជាជនជិត ១៧លាននាក់ ដែលនៅជាមួយនឹងកីឡាករ កីឡាការនី។ ដូច្នេះកិត្តិយស សេចក្តីថ្លៃថ្នូរសម្រប់ជាតិ គឺសំខាន់ណាស់ ដូច្នេះមិនត្រូវប្រើប្រាស់សារធាតុប៉ូវកម្លាំង ដែលបានហាមឃាត់ក្នុងវិស័យកីឡានោះទេ។
ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំដល់អត្តពលិកកម្ពុជាត្រូវគោរពឲ្យបាននូវបទបញ្ជាការប្រកួត ហើយការប្រកួតតែងមានចាញ់ មានឈ្នះ ប៉ុន្តែកិត្តិយស និងសេចក្តីថ្លៃថ្នូរជាតិត្រូវតែគោរពឲ្យបានជាដាច់ខាត។ សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យថ្នាក់ដឹកនាំកីឡាទាក់ទងជាមួយក្រុមហ៊ុនហោះហើរកម្ពុជា ដើម្បីយកយន្តហោះដឹកប្រតិភូកីឡាកម្ពុជាទៅប្រកួតស៊ីហ្គេម វៀតណាម ដើម្បីសម្រួលការធ្វើដំណើរឲ្យកាន់តែងាយស្រួល។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភប្រតិភូ កីឡាករ កីឡាការិនី ចូលរួមប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម ៥៦០នាក់ ក្នុងម្នាក់ៗ ទទួលបាន ៥០០ដុល្លារអាម៉េរិក។
គួរបញ្ជាក់ថា នៅក្នុងចំណោមប្រតិភូកីឡាកម្ពុជាសរុប ៥៦០នាក់ ដែលត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម នៅវៀតណាម គឺមានចំនួនកីឡាករ កីឡាការិនី ៣៦៣នាក់ និងគ្រូបង្វឹក-គ្រូជំនួយ ៩៣នាក់ លើ៣៣ប្រភេទកីឡា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។