សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ ប្រមូលបាន​សមាសភាព​ថ្មីៗ​ភាគច្រើន សម្រាប់​គោលដៅ​ស៊ី​ហ្គេម ២០២៣ និង​កីឡា​យុវជន​អាស៊ី ២០២៩

សហព័ន្ធ​កីឡា​ជឺ​ជិត​ស៊ូ​កម្ពុជា​បានរៀបចំ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់ និង​បន្ត​អាណត្តិ​ថ្មី ឆ្នាំ​២០២១-២០២៥ ដោយ​សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​ត្រូវបាន​រុះ​រើស​ថ្មី​ភាគច្រើន ដើម្បី​ជំរុញ​បន្ថែម​ដល់​គោលដៅ​អភិវឌ្ឍន៍​ឲ្យ​កានតែ​រឹងមាំ​បន្ថែម សម្រាប់​គោលដៅ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ និង​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៥ នា​ឆ្នាំ​២០២៩ ខាងមុខ​។​

​មហាសន្និបាត​នេះ​ត្រូវបាន​ធ្វើឡើង ក្រោម​ការគាំទ្រ​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​តំណាង​ដោយ​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គ​នាយ​កីឡា និង​លោក ប៉ែន វុទ្ធី ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC គូសបញ្ជាក់ថា ជឺ​ជី​តស៊ូ គឺជា​ប្រភេទ​កីឡា​សក្ដានុពល​កម្រិត​ខ្ពស់ ដែល​ធ្លាប់​ដណ្ដើម​មេដាយមាស​អន្ដរជាតិ​គ្រប់​កម្រិត ប៉ុន្តែ​ដោយសារ​សហព័ន្ធ​ជំនាញ​មួយ​នេះ​មិនសូវមាន​សកម្ម ភាព ខ្វះ​ភាពកក់ក្ដៅ ក្នុងការ​គ្រប់គ្រង​ដឹកនាំ ទើប​ក្រសួង​អប់រំ និង​NOCC បានសម្រេច​កែសម្រួល និង​រៀបចំ​សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​ឡើងវិញ ដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍ និង​ពង្រឹង​សក្ដានុពល​ឲ្យ​កាន់តែខ្លាំង​បន្ថែមទៀត​។​

​ប្រតិបត្តិ​ករ​កីឡា​រូបនេះ​បានដាក់​ក្តីសង្ឃឹម​ខ្ពស់​ថា ថ្នាក់ដឹកនាំ និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​នឹង​រួបរួមគ្នា​ឈរលើ​ស្មារតី​ខ្ពស់ ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន សម្រាប់​ត្រៀម​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិ ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា និង​ការប្រកួត​ធំៗ​ជាច្រើន​ទៀត នា​ថ្ងៃ​អនាគត ដើម្បី​ស្វែងរក​ឧត្ដមភាព​លើ​ឆាក​អន្ដរជាតិ​ជូន​ជាតិ ដូចដែល​កីឡាការិនី​ឆ្នើម ខាន់ ចេ​សា ធ្លាប់​ដណ្ដើមបាន​ជូន​ជាតិ នាពេល​កន្លងមក​។​

​ឯកឧត្តម បានស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​សហព័ន្ធ​អាណត្តិ​ថ្មី​រៀបចំ​ផែនការ​៤​ឆ្នាំ​ម្តង ដើម្បី​ផលិត​បាន​នូវ​ធនធាន​ប្រកបដោយ​គុណភាព​បន្ថែម ជាពិសេស​គឺ​ផលិត​ឲ្យ​បាន​ដូច ខាន់ ចេ​សា ឲ្យ​បាន​ច្រើន​នាក់ ដើម្បី​ត្រៀម​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ២០២៣​ផង និង​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៥ នា​ឆ្នាំ​២០២៩ ក្នុង​ក្របខណ្ឌ ៤៥​ប្រទេស​នៃ​ទ្វីបអាស៊ី​។​

​ចំពោះ​សមាសភាព​ថ្នាក់ដឹកនាំ និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​នេះ រួមមាន​លោក​បណ្ឌិត សេង ប៊ុន​សុង ត្រូវបានតែងតាំង​ជា​ប្រធាន​សហព័ន្ធ លោក ថោង ធន ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​អាណត្តិ​ចាស់ ត្រូវបានតែងតាំង​ជា​អនុប្រធាន និង​លោក Pass Jasper Martijn ជា​អនុប្រធាន​, លោក សៀន សុភ័ក្ដ្រ ជា​អគ្គលេខាធិការ និង​ឯកឧត្តម ប៊ុត សុទ្ធិ ជា​អគ្គលេខាធិការ​ង​, លោក អន សុ​វ​ឌ្ឍី​យ៉ា ជា​អគ្គ​ហិ​រញ្ញឹក និង​លោក សៀន សុភា ជា​អគ្គ​ហេរញ្ញិក​រង រួមទាំង​សមាជិក ៤​រូប​ផ្សេងទៀត​។​

​គួររំឭកថា ប្រភេទ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា​ធ្លាប់​កសាង​ស្នាដៃ​ដ៏​ធំធេង​ជូន​ជាតិ តាមរយៈ​ការ​ឈ្នះ​មេដាយ កីឡា​អាស៊ី ឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី និង​ឈ្នះ​មេដាយមាស ក្នុង​ស៊ី​ហ្គេម លើក​ទី​៣០ កាលពី​ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ដោយ​កីឡាការិនី​កូន​ខ្មែរ​-​អាម៉េរិក ខាន់ ចេ​សា ហើយ​កីឡាការិនី​ដ៏​ឆ្នើម​រូបនេះ​នឹង​បង្ហាញ​វត្តមាន ជាថ្មី​ម្តងទៀត ក្នុងការ​ប្រកួត ស៊ី​ហ្គេម លើក​ទី​៣១ នា​ខែឧសភា ឆ្នាំ​២០២២ នៅ​វៀតណាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close