ក្មេងប្រុសលក់វត្ថុអនុស្សាវរីយ៍នៅអង្គរដែលចេះច្រើនភាសា ទទួលបានអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទេពកោសល្យរបស់កុមារាពីរនាក់បងប្អូន ដែលអាចនិយាយបានច្រើនភាសាក្នុងពេលលក់វត្ថុអនុស្សាវរីយ៍នោះ នៅថ្ងៃចន្ទ ទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
បានសម្រេចផ្តល់ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់កុមារា ធុច សាលីក អាយុ ១៤ឆ្នាំ និងកុមារា ធុច ទិត្យា អាយុ ១១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពរស់នៅ និងបន្តការសិក្សារហូតដល់ចប់ចុងចប់ដើមក្លាយជាធនធានមនុស្សដ៏ពូកែរបស់សង្គមជាតិ។
តាមរយៈ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ ដែលប្រគល់អំណោយនាពេលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានកោតសរសើរដល់ទេពកោសល្យពូកែចងចាំភាសារបស់ចៅៗទាំងពីរនាក់ និងផ្តាំផ្ញើឱ្យយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្រឱ្យចេះច្បាស់លាស់ទាំងការនិយាយ និងការសរសេរ លើភាសាខ្មែរ និងភាសាបរទេស។ បន្ថែមពីនេះ ត្រូវចាប់យកជំនាញ ឬឯកទេសអ្វីមួយឱ្យបានច្បាស់លាស់ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីអនាគតភ្លឺស្វាងព្រោះការចេះភាសានិយាយតែមួយមុខមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្តាំផ្ញើថ្លែងអំណរគុណដល់ឪពុកដែលប្រកបរបរជាជាងគំនូរ និងម្តាយជាអ្នកលក់វត្ថុអនុស្សាវរីយ៍ ដែលបានអប់រំប្រៀនប្រដៅ បណ្តុះបណ្តាលកូនៗ ឱ្យបានរៀនសូត្រគ្រប់គ្នា។
បន្ថែមពីនេះ សូមថ្លែងអំណរគុណដល់ ឧកញ៉ា ឌួង ឆាយ ដែលនឹងជួយឧបត្ថម្ភដល់ការរៀនសូត្ររបស់កុមាររហូតដល់ចប់មហាវិទ្យាល័យ ក៏ដូចជាសប្បុរសជនទាំងអស់ដែលជួយឧបត្ថម្ភជាបន្តបន្ទាប់ដើម្បីលើកទឹកចិត្ត និងជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅរបស់កុមារទាំងពីរនាក់នេះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។