ឯកឧត្តម ស៊ុន ចាន់ថុល​៖ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ មាន​តួនាទី​យ៉ាងសំខាន់ ពង្រឹង​ការតភ្ជាប់​របស់​កម្ពុជា ជាមួយនឹង​លំហូរ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​

​ភ្នំពេញ​៖ ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២២ ទីស្តីការក្រសួង ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ (MoU) រវាង​ក្រុមហ៊ុន YCH Group និង WorldBridge Group ស្តីពី​ការសហការ​អភិវឌ្ឍន៍ និង​ដំណើរការ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​អង្គភាព​ពាក់ព័ន្ធ រួមមាន​ដូចជា​៖ ក្រុមហ៊ុន YCH Group ក្រុមហ៊ុន WorldBridge Group ក្រុមហ៊ុន Infrastructure Asia (IA) ធនាគារអភិវឌ្ឍន៍អាស៊ី ឯកអគ្គរាជទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​សិង្ហ​បុរី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ថ្នាក់ដឹកនាំ និង​អគ្គនាយកដ្ឋាន​ជំនាញ​របស់​ក្រសួង និង​គណៈប្រតិភូ​អមដំណើរ​ផងដែរ​។​

​សូម​ជម្រាបជូន​ថា​៖ យោងតាម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ FA (Framework Agreement) ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន YCH កាលពី​ខែមីនា ឆ្នាំ​២០២១ បាន​តម្រូវឱ្យ​ក្រុមហ៊ុន YCH ជ្រើសរើស​ក្រុមហ៊ុន​ដៃគូ​ក្នុងស្រុក ដើម្បី​សហការ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ (PPLC) ហើយ​គោលបំណង​សំខាន់​នៃ​ការចុះ​ហ​ត្ថេ​ល​ខា​លើ​អនុស្សារណៈ (MoU) រវាង​ក្រុមហ៊ុន YCH Group និង WorldBridge Group នៅថ្ងៃនេះ គឺជា​ការអនុវត្ត​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ FA (Framework Agreement) ដែល​ក្រសួង​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន YCH​។​

​ថ្លែង​នៅក្នុង​ពិធី​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា​៖ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ​នេះ មាន​តួនាទី​យ៉ាងសំខាន់​មិន​គ្រាន់តែ​ការពង្រឹង​ការតភ្ជាប់​របស់​កម្ពុជា​ជាមួយនឹង​លំហូរ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន (​ជាពិសេស​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​) ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការដឹកជញ្ជូន​ពហុ​មធ្យោបាយ​នៅ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​បង្កើត​ប្រព័ន្ធ​អេកូ​ឡូ​ជី​ស្ទីក​ប្រកបដោយ​ប្រសិទ្ធភាព កាត់បន្ថយ​ថ្លៃដើម​ដឹកជញ្ជូន ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការប្រកួតប្រជែង​សមាហរណកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ជំរុញ និង​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​។

​សូមបញ្ជាក់​ផងដែរ​ថា​៖ ប្រទេស​កម្ពុជា​បានប្រកាស​ពី​ចក្ខុវិស័យ​របស់ខ្លួន​ក្នុងការ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ក្នុង​តំបន់ នៅក្នុង​ផែនការមេ​នៃ​ការតភ្ជាប់​និង​ប្រព័ន្ធ​ភស្តុភារ​អន្តរ​កម្ម ចក្ខុវិស័យ​នេះ​មាន​គោលបំណង​យុទ្ធសាស្ត្រ​ចំនួន​បី​៖ (១) ដើម្បី​ជំរុញ​ការតភ្ជាប់​ពាណិជ្ជកម្ម​ក្នុង​តំបន់ (២) ត​ភ្ជាប់​តំបន់​ឥណ្ឌូចិន​ជាមួយ​ប្រទេស​ចិន និង (៣) ទាក់ទាញ​អ្នកវិនិយោគ​បន្ថែមទៀត​មក​បង្កើត​អាជីវកម្ម និង​រោងចក្រ​ផលិត​នៅ​ប្រទេស​កម្ពុជា​។​

​លោក​បណ្ឌិត Robert Yap បាន​ថ្លែង​ក្នុង​ពី​ធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នេះ​ថា​៖ ភាពជា​ដៃគូ​នាពេល​បច្ចុប្បន្ននេះ គឺជា​ព្រឹ​តិ្ត​ការណ៍​ដ៏​សំខាន់​មួយទៀត ក្នុងការ​ធ្វើឱ្យ​ស៊ីជម្រៅ និង​អភិវឌ្ឍ​ការតភ្ជាប់​បណ្តាញ​ដឹកជញ្ជូន និង​ការផ្គត់ផ្គង់​នៅ​ទូទាំង​អាស៊ាន​។ យើង​មាន​ឯកសិទ្ធិ​ក្នុង​ការទទួល​បានការ​គាំទ្រ​ដ៏​រឹងមាំ​ពី​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​កា​រ​ប្រកួតប្រជែង និង​ភាព​ទាក់ទាញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការសាងសង់​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ដ៏​ឆ្លាត​វៃ​លំដាប់​ពិភពលោក ដើម្បី​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច ជាមួយនឹង​សមត្ថភាព​របស់​ក្រុមហ៊ុន WorldBridge Group ដើម្បី​នាំយក​គម្រោង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ​ឱ្យ​ទទួលបាន​ជោគជ័យ​។

​អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា យើង​មាន​កិត្តិយស​ណាស់​ដែល​ត្រូវបាន​ជ្រើសតាំងឡើង​ដោយ​ក្រុមហ៊ុន YCH Group ដើម្បី​ចូលរួមចំណែក​នូវ​ជំនាញ​របស់​យើង​ក្នុងការ​អភិវឌ្ឍ និង​គ្រប់គ្រង​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ ដែលជា​គម្រោង​ជាតិ និង​មាន​ឥទ្ធិពល​វិជ្ជមាន​មិនអាច​កាត់ថ្លៃ​បាន ក្នុងការ​លើកកម្ពស់​សុ​ខុ​មាល​ភាព​សេដ្ឋកិច្ច​ទាំងមូល​របស់​ប្រទេស​កម្ពុជា​។
​លោកអ្នកឧកញ៉ា​បាន​បន្តទៀតថា ក្នុងនាម​ក្រុមហ៊ុន​ក្នុងស្រុក​របស់​ប្រទេស​កម្ពុជា​ដែលមាន​ឯកទេស​ក្នុង​ភាពជា​ដៃគូ​អន្តរជាតិ​នៅ​ទូទាំង​វិស័យ​ចម្រុះ យើង​មាន​ទំនុកចិត្ត​ថា​ជំនាញ​របស់​យើង​ក្នុង​វិស័យ​ភស្តុភា​រកម្ម និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​នឹង​ក្លាយជា​ដៃគូ​ដ៏​មានតម្លៃ​សម្រាប់​ក្រុមហ៊ុន YCH Group និង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​សេដ្ឋកិច្ច​រីកលូតលាស់​។​
​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សំដែង​នូវ​ការអបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​ទាំងពីរ ដែល​បាន​សហការគ្នា​ក្នុងការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​៖ តាមរយៈ MoU នេះ ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ នឹង​ទទួលបាន​ជោគជ័យ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់ដៃ​គូ​អភិវឌ្ឍន៍​រួមមាន​៖ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(IFC) ធានា​គារ​អភិវឌ្ឍន៍អាស៊ី ក្រុមហ៊ុន Infrastructure Asia ដែល​បាន​ជួយ​គាំទ្រ​ដល់​គម្រោង PPLC​នេះ និង​បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អន្តរក្រសួង​ដែល​ពាក់ព័ន្ធ ដែល​បាន​សហការ និង​ជួយ​គាំទ្រ​ដល់​ការជំរុញ​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close