ក្រុមការងារស្ត្រីក្រសួងបរិស្ថាន ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពី «ការពង្រឹងអំណាចស្ត្រី និងការលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍ ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ»
លោកជំទាវ ឌិត នីតា ភរិយាឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ និងលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមការងារស្ត្រី និងក្រុមការងារបច្ចេកទេសយេនឌ័រ ចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់ពី «ការពង្រឹងអំណាចស្ត្រី និងការលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ»។ ដំណើរទស្សនកិច្ចសិក្សាបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃអាទិត្យទី០១ ដល់ថ្ងៃចន្ទទី០២ ខែឧសភា ឆ្នាំ២០២២ ទៅកាន់សហគន៍តំបន់ការពារធម្មជាតិជាំធ្លក និងសហគមន៍តំបន់ការពារធម្មជាតិបឹងទទឹល ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ភូមិសាស្ត្រខេត្តកំពង់ធំ។
ដំណើរទស្សនកិច្ចសិក្សាប្រព្រឹត្តទៅក្នុងគោលបំណងសំខាន់ៗរួមមាន៖ ១) ដើម្បីពិនិត្យមើលពីភាពរីកចម្រើន និងលទ្ធផលការងារដែលសម្រេចបាននៅសហគមន៍គោលដៅរបស់គម្រោង និង២) ដើម្បីស្វែងយល់ រៀនសូត្រពីបទពិសោធន៍នៃការបញ្ជ្រាបយេនឌ័រ និងការជំរុញការចូលរួមរបស់ស្ត្រីក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ និងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈយន្តការនិរន្តភាពហិរញ្ញវត្ថុ។
ក្នុងឱកាសនោះដែរ លោកជំទាវគណៈអធិបតី បានដឹកនាំពិភាក្សាជាមួយគណៈកម្មការសហគមន៍ ដើម្បីស្វែងយល់ពីស្ថានភាពក្នុងដំណើរការរៀបចំ និងការគ្រប់គ្រងសហគមន៍ និងបទពិសោធន៍ការងារស្ត្រីក្នុងការចូលរួមការគ្រប់គ្រងឥណទានសហគមន៍តំបន់ការពារធម្មជាតិដែលគាំទ្រដោយអង្គការរីខូហ្វ តាមរយៈគម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលដំណាក់កាលទី៣ ក៏ដូចជាបទពិសោធន៍ និងបញ្ហាប្រឈមក្រុមស្ត្រីដែលប្រកបមុខរបរសិប្បកម្មឬស្សីផ្ដៅក្នុងសហគមន៍ និងជួបជាមួយគណៈកម្មការសហគន៍ដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធ អភិបាលកិច្ច ដំណើរការរៀបចំផែនការគ្រប់គ្រងសហគមន៍ និងផែនការសកម្មភាពនៃតំបន់សក្តានុពលទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវគណៈអធិបតី បានធ្វើការសំណេះសំណាល និងផ្ដាំផ្ញើដល់សមាជិកសហគមន៍ដែលបានចូលរួម ដោយលើកទឹកចិត្តគណៈកម្មការសហគមន៍ឱ្យបន្តខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងសហគមន៍ និងថែរក្សាធនធានធម្មជាតិប្រកបដោយនិរន្តរភាព គិតគូរលើវិធានការប្រកបដោយនិរន្តរភាព និងការកែច្នៃផលិតផលកសិកម្មនានាដើម្បីលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន។
គួរបញ្ជាក់ឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះ បានសម្របសម្រួលរៀបចំឡើងដោយក្រុមការងារស្ត្រី និងក្រុមការងារបច្ចេកទេសយេនឌ័រនៃក្រសួងបរិស្ថាន និងក្រោមកិច្ចសហការពីអង្គការរីខូហ្វ (RECOFTC) ដោយមានសមាសភាពចូលរួមប្រមាណ៨០នាក់ ដែលក្នុងនោះមានដូចជា ក្រុមការងារស្ត្រី និងក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងនាយកដ្ឋានជីវភាពសហគមន៍ នាយកដ្ឋានទេសចរណ៍ធម្មជាតិ នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក និងក្រុមប្រឹក្សាឃុំ សហគមន៍តំបន់ការពារធម្មជាតិបឹងទទឹល និងក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាស្រុកប្រាសាទសំបូរ និងមន្ត្រីគ្រប់គ្រង និងបុគ្គលិកអង្គការរីខូហ្វ និងក្រុមការងារនៃគម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលដំណាក់កាលទី៣ (PaFF 3)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។