អ្នកភូមិ​ចំណុះជើងវត្ត​អធ្វា ​ធ្វើ​ពិធី​ឡើងអ្នកតា នៅ​ដើមរដូវ​វស្សា​

​ក្នុង​ជីវភាព​រស់នៅ​របស់​អ្នកស្រុក​អង្គរ​រមែង​ភ្ជាប់​នឹង​បេតិកភណ្ឌ​។ ការ​នេះ​ធ្វើឱ្យ​បេតិកភណ្ឌ​អង្គរ​ផ្សារភ្ជាប់​គ្នា​ពុំ​ដាច់​រវាង​បេតិកភណ្ឌ​រូបី​(​ប្រាសាទ​) និង​បេតិកភណ្ឌ​អរូបី​(​ការប្រតិបត្តិ​ប្រពៃណី​)​។ នៅ​រៀងរាល់ឆ្នាំ​ក្នុង​ថ្ងៃ​៣​កើត ខែ​ពិសាខ ពោលគឺ​ដើមខែ​វស្សា អ្នកភូមិ​ចំណុះជើងវត្ត​អធ្វា​តែងតែ​នាំគ្នា​ប្រារព្ធ​ពិធី​ឡើងអ្នកតា​ចាស់​ស្រុក ដើម្បី​សុំ​ទឹកភ្លៀង និង​សេចក្តីសុខ​ចម្រើន​សម្រាប់​សហគមន៍​ដែល​ពួកគេ​រស់នៅ ឱ្យ​ចៀស​ផុតពី​រោគាព្យាធិ គ្រោះកាច​ឧបទ្រពចង្រៃ​ពី​មនុស្ស​និង​សត្វ​។
​ទីតាំង​សម្រាប់ធ្វើ​កិច្ច​ពិធី​មាន​៣​កន្លែង គឺ​នៅ​ប្រាសាទ​វត្ត​អធ្វា ទួល​តា​មឿង និង​ទួល​ដូន​ប៉ុក​។

 

​ដំបូង​គេ​ឡើងអ្នកតា​នៅ​ប្រាសាទ​វត្ត​អធ្វា​ឱ្យ​គ្រប់​ចំនួន​ទើប​បន្តទៅ​ឡើង​នៅ​ទួល​ដូន​ប៉ុក និង​បញ្ចប់​នៅ​ទីទួល​តា​មឿង​ដែលជា​ផ្នែក​មួយ​នៃ​រចនា​សម្ពន្ធ​ប្រាសាទ​វត្ត​អធ្វា​វិញ​។ ​ចំពោះ​រណ្តាប់​នៅក្នុង​ពិធី​ឡើងអ្នកតា មាន​ក្បាលជ្រូក មាន់ ស្រា ទឹកក្រូច នំចំណី បាយ​សម្ល ទៀន ធូប ផ្កា​ភ្ញី បាយសី និង​សម្លៀកបំពាក់​ជាដើម​។

​អ្នកតា​ដែល​គេ​បញ្ចូល​មានដូចជា លោកតា​មហារាជ មហាជម្ពូ ស្តេច​នាគ​ខៀវ នា​គស នាគ​ក្រហម យម​ភូបាល​។​ល​។ ការបញ្ចូល​រូប​តាម​លំដាប់លំដោយ ហើយ​មនុស្ស​អាច​ប្រាស្រ័យ​ជាមួយ​អ្នកតា​បាន​តាមរយៈ​រូប​ស្នង ដោយ​សុំ​ទឹកមន្ត និង​ឱ្យ​អ្នកតា​ទាំងនោះ​ស្តោះផ្លុំ​ជាដើម​។​

​ក្រោយពេល​បញ្ចូល​រូប​ចប់សព្វគ្រប់ គេ​ធ្វើ​កិច្ច​បញ្ជូន​អ្នកតា​ឱ្យទៅ​ភ្នំ​គូលែន​។ គេ​ធ្វើជា​រូប​កូន​ឡាន​ក្រដាស​ដើម្បី​សន្មត​ថា នេះ​ជា​យានជំនិះ​ឱ្យ​អ្នកតា​ទាំងនោះ​បាន​ជិះ​ទៅដល់​ភ្នំ​គូលែន ដោយមាន​ចាក់​បាយ​សម្ល​ដែល​សែន​ថ្វាយ​អ្នកតា ចូលទៅក្នុង​ឡាន​ក្រដាស​នោះ រួច​សែង​សំដៅទៅ​ទិស​ខាងជើង​ឆ្ងាយ​ពី​ទីតាំង​ពិធី ហើយ​ទម្លាក់ចោល​នៅ​ទីនោះ ក្នុង​បំណង​ថា​អ្នកតា​ពិតជា​បានធ្វើ​ដំណើរ​ទិស​ខាងជើង​មែន​។ ទំនៀម​ស្រដៀង​គ្នា​នេះ​ក៏មាន​ប្រតិបត្តិ​នៅ​ម្តុំ​ប្រាសាទបាគង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close