ចុងឆ្នាំ២០១៩ខាងមុខ កម្ពុជាអាចបូមយកប្រេង៣ម៉ឺនបារ៉ែលក្នុងមួយថ្ងៃពីប្លុក A
ក្រុមហ៊ុនគ្រីសអេនើជី អិលធីឌី ដែលជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័នឯករាជ្យបានប្រកាសនៅថ្ងៃទី១២ខែវិច្ឆិកាថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ SJ Production Barge Ltd បានផ្ដល់កិច្ចសន្យាដល់ក្រុមហ៊ុន Keppel Shipyard Ltd សម្រាប់ការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវនាវាផលិតកម្មរបស់ខ្លួន សម្រាប់ការប្រើប្រាស់ក្នុងការអភិវឌ្ឍន៍អណ្ដូងប្រេងកាតអប្សរានៅក្នុងប្លុក A ស្ថិតក្នុងដែនសមុទ្រកម្ពុជា។
ក្រុមហ៊ុននេះបានប្រកាសថា “អណ្ដូងប្រេងអប្សរា គឺជាការអភិវឌ្ឍ អ៊ីដ្រូកាបូនដំបូងគេបំផុតក្នុងប្រទេសកម្ពុជា”។
ទំហំ ការងារទទួលខុសត្រូវរបស់ក្រុមហ៊ុន Keppel Shipyard សម្រាប់នាវាផលិតកម្មរួមមាន ការដំឡើង ម៉ូឌុលបង្កើតថាមពល ឈ្មោះ Electrical House ទីកន្លែងស្នាក់នៅថ្មី និងការងារជួសជុលដំឡើងផ្សេងៗទៀត។ នៅពេលបញ្ចប់ការងារសព្វគ្រប់ ក្នុងអំឡុងត្រីមាសទី៣ ឆ្នាំ២០១៩ នាវាផលិតកម្មនឹងមានសមត្ថភាពក្នុង ការធ្វើប្រព្រឹត្តកម្មសន្ទនីយ៍រហូតដល់ទៅ ៣០.០០០ បារ៉ែលក្នុងមួយថ្ងៃ និងមានបំពាក់នូវឋាបនៈភ័ណ្ឌ ដែលអាចញែកឧស្ម័ន ប្រេង និងទឹក។
លោក ប្រេន ហែលយ័ ( Brian Helyer) នាយករងផ្នែកប្រតិបត្តិរបស់ក្រុមហុនគ្រីសអេនើជី បានថ្លែងថា “យើងមានសេចក្តីរីករាយក្នុងការរួមដៃគ្នាធ្វើការជាមួយនឹងក្រុមហ៊ុន Keppel Shipyard សម្រាប់គម្រោងអភិវឌ្ឍន៍ប្រេងដ៏ធំសម្រាប់កម្ពុជានេះ។ តាមរយៈការជួយគាំទ្រពីដៃគូដែលមានបទពិសោធន៍ និងមានសមត្ថភាពបែបនេះ យើងជឿថា យើងនឹងអាចអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនូវធនធានប្រេងក្នុងប្លុក A ដើម្បីជាប្រយោជន៍ដល់ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធរបស់យើង”។
ក្រុមហ៊ុនគ្រីសអេនីជីគឺជាប្រតិបត្តិករនៃប្លុក A របស់កម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីទំហំ ៣.០៨៣ គីឡូម៉ែត្រការ៉េ នៃអាងសមុទ្រខ្មែរ ក្នុងឈូងសមុទ្រថៃ ដែលនៅទីនោះ ជម្រៅទឹកគឺមានចន្លោះពី ៥០ ទៅ ៨០ ម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។