កម្ពុជា ទទួលបាន​ពានរង្វាន់​ប្រាក់​ពិភពលោក ក្នុងឱកាស​នៃ​ការចូលរួម​ពិព័រណ៍​ពិភពលោក ២០២០ ឌុយ​បៃ សហភាព​អារ៉ាប់​រួម​

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២២ ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​ពិធី​អបអរសាទរ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​ពានរង្វាន់​ប្រាក់​ពិភពលោក ពី​គណៈកម្មការ​រៀបចំ​ពិព័រណ៍​ពិភពលោក និង​ការិយាល័យ​ពិព័រណ៍​អន្តរជាតិ (BIE) ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​និង​ចូលរួម​ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ និង​ជា​អគ្គស្នងការ​កម្ពុជា​សម្រាប់​ពិព័រណ៍​ពិភពលោក ២០២០ ឌុយ​បៃ​។​ ពិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ សិល្បករ​-​សិល្បការិនី និង​អ្នកសារព័ត៌មាន​ជាច្រើនរូប​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​របស់​ក្រសួងពាណិជ្ជកម្ម សមាជិក​សមាជិកា​គណៈ​កម្ម​ការ​អន្តរក្រសួង​ដើម្បី​រៀបចំ និង​ចូលរួម​ពិព័រណ៍​ពិភពលោក​និង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ សិល្បករ​-​សិល្បការិនី ក្រុមការងារ​វិទ្យាស្ថាន​ម្ហូបអាហារ​កម្ពុជា ពាណិជ្ជករ​កម្ពុជា​ពី​ក្រុមហ៊ុន Beyond Retail Business និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជម្នះ​រាល់​ឧបសគ្គ​ក្នុងការ​រៀបចំ និង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​កម្រិត​ពិភពលោក​នេះ រហូត​ទទួលបាន​ជោគជ័យ​ជូន​ជាតិ​មាតុភូមិ ទោះ​ស្ថិតក្នុង​កាលៈទេស​ដ៏​លំបាក​ដែល​ពិភពលោក​ទាំងមូល​កំពុង​ជួបប្រទះ​នូវ​វិ​ប​ត្ត​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​ក្តី​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា ជា​លទ្ធផល​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួល​ពានរង្វាន់​ប្រាក់​ពិភពលោក ០១ គ្រឿង ពី​គណៈកម្មការ​រៀបចំ​ពិព័រណ៍​ពិភពលោក និង​ការិយាល័យ​ពិព័រណ៍​អន្តរជាតិ BIE លើ​ផ្នែក​ការ​រចនា​ពន្លា​ជាតិ បានល្អ​ជាងគេ​ក្នុង​សង្កាត់​និរន្តរភាព (Silver Award on the Interior Design for Sustainable District) ក្នុងចំណោម​ប្រទេស​ចំនួន ៤៥ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​នោះ ហើយ​នេះ​ជា​លើក​ទី​២ ដែល​កម្ពុ​ជាមាន​កិត្តិយស​បានទទួល​ពាន​រង្វាន់​ប្រាក់​នេះ បន្ទាប់ពី​បានទទួល​ពានរង្វាន់​ប្រាក់​លើកដំបូង​ពី​ការចូលរួម​ពិព័រណ៍​ពិភពលោក​ឆ្នាំ ២០១៥ នៅ​ទីក្រុង​មី​ឡង់ ប្រទេស​អ៊ីតាលី​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បន្តថា ពានរង្វាន់​នេះ ធ្វើឡើង​តាមរយៈ​ការវាយតម្លៃ​យ៉ាង​សុក្រឹត ដោយ​ផ្អែកលើ​ការរៀបចំ​តុបតែង​ពន្លា​ជាតិ​ស្របតាម​ខ្លឹមសារ និង​ប្រធានបទ រួមទាំង​កំណត់​ទៅតាម​ទំហំ និង​ប្រភេទ​ពន្លា​ជាតិ ដោយ​ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ​ផ្អែកលើ​ទិដ្ឋភាព​រួម​ចំនួន ៣ គឺ​៖ ១. ស្ថាបត្យកម្ម និង​ទស្សនីយភាព ២. ការ​រចនា​ពន្លា​ជាតិ និង ៣. ការបកស្រាយ​ប្រធានបទ​។​
​ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែមថា ពានរង្វាន់​នេះ​ជា​ស្នាដៃ​មួយ​ដែលមាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ ហើយ​បានបញ្ជាក់​ពី​ការទទួលស្គាល់​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ និង​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​បាន​ល្បីល្បាញ​ជាស​កល តាមរយៈ​ការរៀបចំ និង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក​នានា ព្រមទាំង​នាំមក​នូវ​មោទកភាព​ជូន​ជាតិ​ក្នុង​ការចូលរួម​ពិព័រណ៍​ពិភពលោក ២០២០ ឌុយ​បៃ​។​

​គួរ​រំឭក​ផងដែរ​ថា កម្ពុជា​ធ្លាប់មាន​បទពិសោធន៍ និង​ទទួលបាន​ជោគជ័យ​ចំនួន ០៤ លើក​រួចមកហើយ ក្នុងការ​ចូលរួម​ពិព័រណ៍​ពិភពលោក​ចាប់តាំងពី​ឆ្នាំ​២០០០ រហូតដល់​បច្ចុប្បន្ន ក្នុងនោះ​ពិព័រណ៍​ពិភពលោក ២០០៥ នៅ​ទីក្រុង​អាយ​ជី ប្រទេស​ជប៉ុន​, ពិព័រណ៍​ពិភពលោក ២០១០ នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​, ពិព័រណ៍​ពិភពលោក ២០១៥ នៅ​ទីក្រុង​មី​ទ្ប​ង់ ប្រទេស​អ៊ីតាលី និង​ពិព័រណ៍​ពិភពលោក ២០២០ ឌុយ​បៃ នៅ​សហភាព​អារ៉ាប់​រួម ហើយ​នៅ​ឆ្នាំ​២០២៥ ខាងមុខ ដោយមាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល កម្ពុជា​នឹងចូលរួម​ពិព័រណ៍​ពិភពលោក ២០២៥ អូ​សា​កា​-​កាន់​សៃ ជប៉ុន (Expo 2025 Osaka, Kansia, Japan) ក្រោម​ប្រធានបទ “Designing Future Society for Our Lives”៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close