កម្ពុជា នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន​សម្រាប់​មី​យ៉ាន់​ម៉ា នា​ថ្ងៃស្អែក​

​ភ្នំពេញ​៖ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​សម្រាប់​មី​យ៉ាន់​ម៉ា និង​ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការ​អាស៊ាន ក្នុងឋានៈ​ជា​អ្នកសម្របសម្រួល​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន នឹង​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្ដីពី​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន សម្រាប់​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ និង​តាម​ប្រព័ន្ធ​វីដេអូ​។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ នឹង​ត្រូវបាន​អញ្ជើញ​ចូលរួម​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ ដោយ​តំណាង​ជាន់ខ្ពស់​មកពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ដៃគូ​ខាងក្រៅ​របស់​អាស៊ាន ទីភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ និង​បណ្តា​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ នឹង​ផ្ដល់​ជា​វេទិកា​កម្រិត​ខ្ពស់​មួយ​សម្រាប់​អាស៊ាន ធ្វើការ​ពិភាក្សា​ផ្ដួចផ្ដើម​ឱ្យមាន​កិច្ចសន្ទនា​មួយ ដែលមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​ផ្តល់នូវ​មគ្គុទ្ទេសក៍ អំពី​របៀប​ក្នុង​ការជំរុញ​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន ឱ្យទៅដល់​ប្រជាជន​ទី​យ៉ាន់​ម៉ា ដែល​កំពុង​ត្រូវការ​បំផុត​ដោយ​ឈរលើ​គោលការណ៍​មនុស្សធម៌ និង​គ្មាន​ការរើសអើង​។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ ដែលមាន​ការព្រមព្រៀង​គ្នា​ទៅវិញទៅមក លើ​វិធីសាស្ត្រ​ក្នុងការ​ពង្រឹង​បន្ថែម​នូវ​ការផ្ដល់​ជំនួយ​មនុស្សធម៌​នៅ​មី​យ៉ាន់​ម៉ា ដើម្បី​ធានាបាន​ថា នឹង​ពុំមាន​នរណាម្នាក់​ត្រូវបាន​ទុកចោល​នោះទេ​ដំណោះស្រាយ ចំពោះ​បញ្ហា​ប្រឈម​នានា ដែល​ពាក់ព័ន្ធ​ទៅនឹង​ប្រតិបត្តិការ​របស់​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន សម្រាប់​ជំនួយ​មនុស្សធម៌ ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ (AHA Centre), និង​វិធីសាស្ត្រ​នានា​ដែល ជួយ​គាំទ្រ​ទៅដល់​ការផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ទៅដល់​សហគមន៍​នានា​នៅ​មី​យ៉ាន់​ម៉ា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close