៤​ប្រភេទ​កីឡា​ កម្ពុជា​ចេញដំណើរ​មុនគេ ចូលរួម​ប្រកួត​ស៊ី​ហ្គេម នៅ​វៀតណាម​

​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​រដ្ឋលេខាធិកា​រ ស សុខា បាន​អញ្ជើញ​ជូន​ដំណើរ​ក្រុម​ប្រតិភូ​កីឡាករ កីឡាការិនី​ជាង​១០០​នាក់ លើ​៤​ប្រភេទ​កីឡា កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២២ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​។​

​បើតាម​ការបញ្ជាក់​ពី​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​ឲ្យ​ដឹងថា ក្រុម​ប្រតិភូ កីឡាករ កីឡាការិនី ដែល​ចេញដំណើរ​មុនគេ​នេះ គឺមាន​ចំនួន ១១០​នាក់​លើ​៤​ប្រភេទ​កីឡា ដូចជា​ក្រុមបាល់ទាត់​បុរស​-​នារី​, ប្រដាល់​គុន​ខ្មែរ​, ប្រដាល់​ឃី​ក​បុក​ស៊ី​ង និង​កីឡា​ទូ​កា​នូ​-​រ៉ូ​អ៊ីង​។ ៤​ប្រភេទ​កីឡា​នេះ​នឹង​ចាប់ផ្តើម​ប្រកួត​ជម្រុះ​មុនគេ ខណៈ​ពិធី​បើក​ជា​ផ្លូវការ គ្រោង​នឹងធ្វើ​ឡើង​នា​ថ្ងៃទី​១២​ឧសភា និង​បញ្ចប់​ជា​ផ្លូវការ នា​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២​។​

​នៅក្នុង​ដំណើរ​បំពេញបេសកកម្ម​ស្វែងរក​មេដាយ​ជូន​ជាតិ ពី​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ រៀងរាល់​២​ឆ្នាំ​ម្តងនេះ គឺ​ក្រុម​ប្រតិភូ អត្ត​ព​លិ​ក​សរុប​ចំនួន​១១៨​នាក់​ទៀត គ្រោង​នឹង​ចេញដំណើរ​ដំណាក់កាល​ទី​២ នា​ថ្ងៃទី​១០ ខែឧសភា និង​បន្ត​ចេញ​ចំ​ណើ​រ​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត ដែល​ចំនួន​ប្រតិភូ​កីឡា​កម្ពុជា​សរុប​ចំនួន ៥៦០​នាក់​។
​នេះ​ជា​បេសកកម្ម​ទ្រង់ទ្រាយ​ធំ​ជាង​ពេលណាៗ​ទាំងអស់ នៅក្នុង​ស៊ី​ហ្គេម លើក​ទី​៣១​នេះ ដោយសារ​នេះ​ជា​ហ្គេម​យុទ្ធសាស្ត្រ មុនពេល​ឆ្ពោះ​មក​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម បន្តវេន​លើក​ទី​៣២ នា​ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា សម្រាប់​ការដឹកជញ្ជូន​ក្រុម​ប្រតិភូ​កីឡាករ កីឡាការិនី​កម្ពុជា​ត្រូវ​បានផ្តល់​ការហោះហើរ​ដោយ​ក្រុមហ៊ុន Cambodia Airways ទាំង​ទៅ​ទាំង​មក​ដោយ​ឥតគិតថ្លៃ បន្ទាប់ពី​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close