ឯកឧត្តម សាយ សំ​អាល់ សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវ​បេតុង​ប្រវែង ៦​គីឡូម៉ែត្រ នៅ​ភ្នំ​កែប​ធំ​នៃ​ឧទ្យាន​ជាតិ​កែប​

​ផ្លូវ​បេតុង​ប្រវែង ៦​គីឡូម៉ែត្រ​ស្ថិតនៅ​ភ្នំ​កែប​ធំ​នៃ​ឧទ្យាន​ជាតិ​កែប​ប្រសិទ្ធិ​នាម​ថា «​រុក្ខវិថី​បុ​ប្ជា​ប្រសិទ្ធ​» ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។ ​រុក្ខវិថី​បុ​ប្ជា​ប្រសិទ្ធ​ដែល​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បានចាត់ទុក​ថា​ជា​មិន​ត្រឹមតែ​ជា​មធ្យោបាយ​សម្រាប់​ធ្វើដំណើ​រ​ប៉ុណ្ណោះ​ទេ តែ​ផ្លូវ​នេះ​គឺជា​ការវិនិយោគ​ទៅលើ​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​ខេត្ត​កែប ទាក់ទាញ​ភ្ញៀវទេសចរ​មក​លំហែ​កម្សាន្ត​បែប​ធម្មជាតិ ស្រូប​ខ្យល់អាកាស​បរិសុទ្ធ គយគន់​រុក្ខជាតិ​ពណ៍​បៃតង​ជាច្រើន​នៅក្នុង​ព្រៃ​ឧទ្យាន​ជាតិ​នេះ​។​

​ឯកឧត្តម សាយ សំ​អាល់ បាន​មានប្រសាសន៍ថា រុក្ខវិថី​ប្រវែង ៦​គីឡូម៉ែត្រ​នេះ​ត្រូវបាន​ស្តារ​និង​សាងសង់ឡើង​ដោយ​ប្រើប្រាស់​ថវិកា​បានមកពី​ការលក់​ឥណទាន​កាបូន និង​ទុកជា​ប្រយោជន៍​សម្រាប់​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​។ អ្វីដែល​សំខាន់ យើង​ចង់​ប្រែក្លាយ​ផ្លូវ​និង​ឧទ្យាន​ជាតិ​នេះ​ទៅជា​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច​របស់​ខេត្ត​កែប ជា​ផ្នែក​មួយ​ដែល​ចូលរួម​លើកស្ទួយ​ជីវភាព​របស់​ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​នៅ​ខេត្ត​កែប​។

​រុក្ខវិថី​នេះ​មិន​ត្រឹមតែ​ជា​មធ្យោបាយ​សម្រាប់​ធ្វើដំណើ​រ​ប៉ុណ្ណោះ​ទេ តែ​ផ្លូវ​នេះ​គឺជា​ការវិនិយោគ​ទៅលើ​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​ខេត្ត​កែប​។ ថវិកា​ដែល​បានមកពី​ការលក់​ឥណទាន​កាបូន យើង​បាន​យកមក​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ដែល​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​។ ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ក៏​ស្ថិតក្នុង​គោលបំណង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប បង្កើត​ការងារ និង​បង្កើន​ចំណូល​ជូន​ប្រជាពលរដ្ឋ​។ អ្វីដែល​ក្រសួងបរិស្ថាន​ធ្វើ​នៅទីនេះ មិនមែន​ជំរុញ​លើ​ការការពារ​និង​អភិរក្ស ឧទ្យាន​ជាតិ​នេះ​ឱ្យមាន​សោភ័ណភាព​ស្អាត​ទេ តែ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​ខេត្ត​កែប​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត និង​ដើរ​កម្សាន្ត​នៅ​ជុំវិញ​ភ្នំ​កែប​ធំ​នេះ​»​។

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បាន​គូសបញ្ជាក់ថា​ទន្ទឹមនឹង​ការគ្រប់គ្រង​អភិរក្ស​ឱ្យបាន​ល្អប្រសើរ ក្រសួងបរិស្ថាន​បានគិត​គូរ​ក្នុងការ​ប្រែក្លាយ​តំបន់​អភិរក្ស​ធម្មជាតិ​មួយចំនួន​ដូចជា​ឧទ្យាន​ជាតិ ដែនជម្រកសត្វព្រៃ​ដែលមាន​សក្តានុពល​ទេសចរណ៍ មិន​ត្រឹមតែ​ជា​កន្លែង​ថែរក្សា​អភិរក្ស​ធនធានធម្មជាតិ សត្វព្រៃ និង​ជីវៈចម្រុះ តែ​ក៏​ជា​កន្លែង​ទេសចរណ៍ធម្មជាតិ​សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​។
​ការរៀបចំ​នេះ​ដើរ​ទន្ទឹមគ្នា​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​ខេត្ត​នីមួយៗ​។ ដើម្បី​សម្រេច​គោលបំណង​នេះ យើង​ត្រូវការ​ថវិកា​ដើម្បី​អនុវត្ត ហើយ​ថវិកា​ដែល​យកមកអនុវត្ត​គឺ​បានមកពី​ថវិកា​លក់​ឥណទាន​កាបូន​ដែល​កម្ពុជា​ទទួលបាន​ជោគជ័យ​លក់​ក្នុង​ទីផ្សារ​ឥណទាន​កាបូន​ស្ម័គ្រចិត្ត​អន្តរជាតិ​។

​មានមតិ​ស្វាគមន៍ និង​របាយការណ៍​នាឱកាស​នោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប មានប្រសាសន៍ថា រដ្ឋបាលខេត្ត បាន​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​ការ​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ​ប្រកបដោយ​ចីរភាព ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវន្ត​ជាដើម ដូច​ថ្ងៃនេះ ខេត្ត​កែប​បាន​ជួសជុល ស្ថាបនា​ឡើងវិញ និង​សម្ពោធ​ឱ្យប្រើ​ប្រាស់​នៅ​ផ្លូវ​បេតុង​ជុំវិញ​ឧទ្យាន​ជាតិ​កែប ដែលជា​ផ្លូវ​ចាស់ ក្នុងសម័យ​សង្គម​រាស្ត្រ និយម ហើយ​ផ្លូវ​នេះ​ត្រូវបាន​ជួសជុល​ជា​បន្តបន្ទាប់ លើក​ទី​១ ឆ្នាំ​១៩៩៨, លើក​ទី​២ ឆ្នាំ​២០០៤ , លើក​ទី​៣ ឆ្នាំ​២០០៩-២០១០ ជួសជុល​ពង្រីក​អោយ​ធំ និង​លើក​ទី​៤ ជួសជុល ស្ថាបនា ចាក់​បេតុង មាន​ទទឹង ៣​ម៉ែត្រ បណ្តោយ ៦,០០០​ម៉ែត្រ ដោយ​ប្រើប្រាស់​ថវិកា​របស់​ក្រសួងបរិស្ថាន ដោយ​ចាប់ផ្តើម​ជួសជុល នៅ​ថ្ងៃទី​២៧ ខែមករា និង​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២២​។ ឯកឧត្តម បន្តថា ក្រៅពី​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ មាន​ផ្លូវ​កៅស៊ូ ផ្លូវ​បេតុង កំពង់ផែ​កោះទន្សាយ ផ្លូវ​គ្រួស​ក្រហម រដ្ឋបាលខេត្ត​កែប ក៏មាន​សមិទ្ធផល​ផ្សេងទៀត​ដែរ ក្នុងការ​ថែរក្សា​បរិស្ថាន មានដូចជា ទីលាន​ចាក់សំរាម ទំហំ ១៣.៣៩ ហិច​តា អាង​ប្រព្រឹត្តិកម្ម​ចម្រោះ​ទឹក​កខ្វក់ ឡ​ដុត​សំរាម​តាម​លក្ខណៈ​បច្ចេកទេស ផងដែរ​។

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ក៏បាន​អំពាវនាវ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ប្រជាពលរដ្ឋ ត្រូវ​រួមគ្នា​ជួយ​ថែរក្សា​ផ្លូវ​មួយ​ខ្សែ​នេះ អោយបាន​យូ​អង្វែង ព្រោះ​ការកសាង​សមិទ្ធផល​នីមួយៗ​ពិបាក ព្រមទាំង​នឹង​ចំណាយពេល​យូរណាស់ ទម្រាំ​លេចចេញ​ជា​រូបរៀង សម្រាប់​ជា​ប្រយោជន៍​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close