ក្រសួង​ការងារ ណែនាំ​ស្តីពី​ការឈប់​បុណ្យ ដែលមាន​ប្រាក់​ឈ្នួល​ចំ​លើ​ថ្ងៃអាទិត្យ​

​ភ្នំពេញ​៖ យោង​មាត្រា ១៦២​ថ្មី នៃ​ច្បាប់​ស្តីពី​ការងារ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ណែនាំ​ដល់ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស បងប្អូន​កម្មករនិយោជិត និង​អង្គការ​វិជ្ជាជីវៈ​គ្រប់​ជាន់ថ្នាក់​ទាំងអស់​ដែល ស្ថិតក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តីពី​ការងារ​ឱ្យបាន​ជ្រាបថា ថ្ងៃ​ឈប់​បុណ្យ​ដែលមាន​ប្រាក់​ឈ្នួល​ចំ​លើ​ថ្ងៃអាទិត្យ មិនត្រូវ​បាន​លើក​ទៅ​ឈប់សម្រាក​នៅ​ថ្ងៃ​បន្ទាប់​ឡើយ​។

​ប្រសិនបើ​កម្មករនិយោជិត និង​និយោជក​ឯកភាព​គ្ន មក​ធ្វើការ​បន្ថែម​ម៉ោង​នៅ​ថ្ងៃ​ឈប់​បុណ្យ​ដែលមាន​ប្រាក់​ឈ្នួល​ចំ​លើ​ថ្ងៃអាទិត្យ នោះ​និយោជក​ត្រូវ​គិតការ​ធ្វើការ បន្ថែម​ម៉ោង​នោះ​ក្នុង​អត្រា​ស្មើនឹង ២០០% (​ពីរ​រយ​ភាគរយ​) ឬ ២(​ពីរ​)​ដង នៃ​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា​។​

​ឧទាហរណ៍​៖ កម្មករនិយោជិត​ម្នាក់​មាន​ប្រាក់​ឈ្នួល​សុទ្ធសាធ​ប្រចាំខែ ២០០$ (​ពីរ​រយ​ដុល្លារ​អាមេរិក​) ក្នុង​មួយខែ​។ នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២២ ជា​ថ្ងៃ​ឈប់​បុណ្យ​ដែលមាន​ប្រាក់​ឈ្នួល​ចំ​លើ​ថ្ងៃអាទិត្យ កម្មករ និយោជិត​នោះ​នៅតែ​ទទួលបាន​ប្រាក់​ឈ្នួល​ចំនួន ២០០$ (​ពីរ​រយ​ដុល្លារ​អាមេរិក​) ក្នុង​មួយខែ​ដដែល​។ ប្រសិនបើ កម្មករនិយោជិត​នោះ ស្ម័គ្រចិត្ត​មក​ធ្វើការ​បន្ថែម​នៅ​ថ្ងៃ​ឈប់​បុណ្យ​ដែលជា​ថ្ងៃអាទិត្យ​នោះ កម្មករនិយោជិត​ត្រូវ ទទួលបាន​ប្រាក់​ឈ្នួល​បន្ថែម​ម៉ោង​នោះ​ក្នុង​អត្រា​ស្មើនឹង ២០០% (​ពី​រយ​ភាគរយ​) ឬ ២(​ពីរ​)​ដង នៃ​ប្រាក់​ឈ្នួល ថ្ងៃ​ធ្វើការ​ធម្មតា​។

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស បងប្អូន​កម្មករនិយោជិត និង​អង្គការ​វិជ្ជាជីវៈ​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ចូលរួម​អនុវត្តតាម​សេចក្ដីណែនាំ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close