ថៃ រំពឹងថា អាចស្វាគមន៍​ភ្ញៀវទេសចរ ២០​លាន​នាក់ នៅ​ឆ្នាំក្រោយ​

​នាយករដ្ឋមន្ត្រី​លោក Prayut Chan-o-cha បានឱ្យដឹងថា ប្រទេស​ថៃ​អាច​រំពឹងថា​នឹង​ស្វាគមន៍​ភ្ញៀវទេសចរ ២០​លាន​នាក់​នៅ​ឆ្នាំក្រោយ ឬ​ប្រហែល​ពាក់កណ្តាល​នៃ​កម្រិត​មុនពេល​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នេះ​បើ​យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍​។​

​លោក​បាន​ថ្លែងថា ការ​ព្យាករ​នេះ​ទំនង​ក្លាយជា​ការពិត​ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មិន​ធ្លាក់​ទៅរក​ស្ថានភាព​អាក្រក់​ឡើយ និង​គ្មាន​ការលេចឡើង​ការគំរាមកំហែង​ថ្មី​ចំពោះ​វិស័យ​ទេសចរណ៍​។​

​កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ដោយ​ដកស្រង់​សំដី​របស់លោក Prayut ថា ភ្ញៀវទេសចរ​រាប់ម៉ឺន​នាក់​កំពុង​ចូលមកក្នុង​ប្រទេស​រៀង​រាល់ថ្ងៃ ហើយ​ស្ថានភាព​បាន​ប្រសើរឡើង​គួរឱ្យកត់សម្គាល់​ចាប់តាំងពី​ការ​រឹតបន្តឹង​ការចូល​ប្រទេស​ត្រូវបាន​បន្ធូរបន្ថយ​។​

​លោក​បាន​បន្តថា ផែនការ​កំណត់​យក​ក​ម្រៃ​ភ្ញៀវទេសចរ​អន្តរជាតិ​សម្រាប់​ការធ្វើដំណើរ​ក្នុងប្រទេស​ថៃ​នៅ​មិនទាន់​អនុវត្ត​នៅឡើយ​ទេ ដោយ​រង់ចាំ​ការពិភាក្សា​បន្ថែមទៀត ហើយ​ទោះបីជា​មានការ​ថមថយ​ចុះ​បន្តិច​នៃ​កំណើនសេដ្ឋកិច្ច​ក៏ដោយ ក៏​ការកើនឡើង​នៃ​ការនាំចេញ​ដោយសារតែ​ប្រាក់​បាត​ធ្លាក់ចុះ ជាពិសេស​ផលិតផល​កសិកម្ម និង​ការកើនឡើង​ភ្ញៀវទេសចរ​បរទេស​ផ្តល់​ហេតុផល​សម្រាប់​សុទិដ្ឋិនិយម​នេះ​។​

​ការ​ថ្លែង​របស់លោក​ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​របស់​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្តាហ៍​នៅ​សប្តាហ៍​នេះ​។ លោក​បាន​បន្តថា ជារួម​សេដ្ឋកិច្ច​ថៃ​បាន​កើនឡើង ក្នុង​អត្រា​ប្រសើរ​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ ធៀប​នឹង​ត្រីមាស​ទី​៤ ឆ្នាំ​២០២១៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close