សម្ដេចតេជោ៖ កម្ពុជា កំពុងតែប្រើប្រាស់អគ្គិសនី ដែលផលិតដោយវារីអគ្គិសនីសរុប ៦៤,៣៩% អំពីសូឡា ៤.១% និង ជីវឧស្ម័នចំនួន០,២៨%
ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ដែលដឹកនាំដោយ ឯកឧត្តមឯកអគ្គរដ្ឋទូត ម៉ៃខើល មីចាឡាក់ ( Michael Michlalk ) អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន។
ក្នុងឱកាសនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិក ដែលបានផ្ដល់វ៉ាក់សាំង កូវីដ-១៩ Johnson &Johnson និង Pfizer ដល់កម្ពុជា ហើយសម្តេចតេជោបានបន្តថា ដោយមើលឃើញពីចំនួននៃការឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃមានកម្រិតទាបនៅកម្ពុជា សម្តេចបានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈមួយចំនួន ដោយក្នុងនោះអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចសម្រេចថាតើត្រូវពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។
បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូទាំងអស់នូវស្ថានភាពថាមពលរបស់កម្ពុជា ដោយក្នុងនោះប្រទេសកម្ពុជា កំពុងតែប្រើប្រាស់អគ្គិសនី ដែលផលិតដោយវារីអគ្គិសនីសរុបទាំងអស់មាន ៦៤,៣៩% អំពីសូឡា ៤.១% និង ជីវឧស្ម័នចំនួន០,២៨%។ ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះការដំឡើងរោងចក្ររថយន្តនៅខេត្តពោធិ៍សាត់ ហើយសម្តេចក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងអស់បន្តវិនិយោគ និងស្វែងរកសក្តានុពលផ្សេងៗទៀត ដើម្បីវិនិយោគនៅកម្ពុជានាពេលខាងមុខ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា ទោះបីជាមានការប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកត់សំគាល់។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានជួយគាំទ្រក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ហើយបានសម្តែងការគាំទ្រ និងអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២ នេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា ការដឹកនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើរតួនាទីបានយ៉ាងល្អសម្រាប់តំបន់ ហើយ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាដែលទទួលបានជោគជ័យ និងនាំទៅដល់ការបើកឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងការអនុញ្ញាតឱ្យមានជំនួបដោយផ្ទាល់នាថ្ងៃនេះ។
នៅកិច្ចបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនដល់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន នូវសក្តានុពល អំពីការវិនិយោគ នៅក្នុងប្រទេសកម្ពុជា និងបានអំពាវនាវ ឱ្យវិនិយោគិនសហរដ្ឋអាម៉េរិកពិចារណាមកវិនិយោគនៅកម្ពុជានាពេលខាងមុខបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។