មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូត នាយកគ្រប់គ្រងប្រចាំតំបន់ និងជាអនុប្រធានដឹកនាំជាន់ខ្ពស់ US-ABC
ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូត Michael Michalak នាយកគ្រប់គ្រងប្រចាំតំបន់ និងជាអនុប្រធានដឹកនាំជាន់ខ្ពស់ US-ABC (ក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន-អាមេរិក) ដែលមានក្រុមហ៊ុនអាមេរិកជាច្រេីនបានចូលរួមផងដែរ។
លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានផ្តល់អំណោយវ៉ាក់សាំងកូវីដ-១៩ (Pfizer 2 លានដូស) ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាក្នងពេលថ្មីៗនេះ។ លោកជំទាវបានបន្តថា ទោះបីយើងរស់ក្នុងបរិបទកូវីដ-១៩ តែវិស័យពាណិជ្ជកម្ម យើងនៅតែមានដំណើរការ និងសហការជាប្រចាំ។
ជាមួយគ្នានេះលោកជំទាវក៏បានជម្រាបជូនអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ និងជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋដែលមកដល់ថ្ងៃនេះយើងចាក់វ៉ាក់សាំងបាន៩៣.៤៩% នេះ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រោមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាល។
លោកជំទាវរដ្ឋលេខាធិការ ក៏បានជម្រាបជូនដល់ក្រុមធុរ:កិច្ចសហរដ្ឋអាមេរិកថា ក្រសួងសុខាភិបាលតែងតែផ្តល់ការគាំទ្រដល់ក្រុមហ៊ុន ឧទាហរណ៍ ដូចជាក្រុមហ៊ុន Abbott ជាដើមយើងបានអនុញ្ញាតទទួលយកការចុះបញ្ជិលើ Rapid Test សម្រាប់កូវីដ-១៩ លឿនបំផុតដើម្បីប្រជាជនមានឧបករណ៍ប្រើបានទាន់ពេលស្របជាមួយនឹងការដាក់ចេញវិធានការធ្វើតេស្តរហ័សរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំពោះជំងឺមិនឆ្លងជាជំងឺ ដែលកន្លងមកមានកង្វះការសហការជួយវិនិយោគលើជំងឺនេះ ពីសំណាក់ដៃគូ បើធៀបទៅនឹងជំងឺឆ្លង តែក្នុងពេលប៉ុន្មានឆ្នាំនេះយើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើជំងឺមិនឆ្លង ហើយក៏ដូចជាកិច្ចការគ្របដណ្តប់សេវាសុខភាពជាសាកល ដែលបច្ចុប្បន្ននេះយើងបានខិតខំលើការងារជម្រុញបង្កើនការថែទាំសុខភាពបឋម (Primary Health Care Booster) ឱ្យដើរតួនាទីគ្រឹះសម្រាប់ជំរុញការចូលរួមចំណែកសម្រេចបាននូវការគ្របដណ្តប់សេវាសុខភាពជាសាកល ហើយក្រសួងសុខាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការងារជាច្រើនសំដៅគ្របដណ្តប់សេវាសុខភាពជាសាកលនេះឯង ។
ចំពោះការចុះបញ្ជិការយើងបានខិតខំនិងជម្រុញរហូតទទួលបានការចុះបញ្ជិការតាមប្រព័ន្ធអនឡាញដែលបានជួយបង្កើនល្បឿននៃការចុះបញ្ជិការ និងមានតម្លាភាព។ រីឯបញ្ហាការកំណត់អាយុពិសារគ្រឿងស្រវឹង លោកជំទាវរដ្ឋលេខាធិការ បានស្នើសូមឱ្យមានការចូលរួមទទួលខុសត្រូវលើបញ្ហាសុខភាពមនុស្ស ជាពិសេសការផ្សាយពាណិជ្ជកម្មដែលមិនសមស្រប ដែលមានលក្ខណ:ជម្រុញបុគ្គលឱ្យទទួលទានច្រើនពេក និងសូមឱ្យមានការចូលរួមក្នុងការលើកកម្ពស់ការទទួលខុសត្រូវរបស់បុគ្គលតាមសារអប់រំ ជាជាងប្រើប្រាស់វិធីសាស្ត្រ ជំរុញមនុស្សពិសារគ្រឿងស្រវឹង ច្រើនហួសហេតុពេក សំដៅរួមគ្នា ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរផង និងកាត់បន្ថយនូវហានិភ័យនៃការកើត និងកើនឡើងនូវជំងឺរលាកបំពង់អាហារ ក្រពះ និងថ្លើម ហើយដែលអាចបង្កទៅជាជំងឺមហារីកថ្លើម និងក្រពះជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។