ស្លាប់​និង​របួស​រាប់សិប​នាក់ ដោយ​គ្រោះទឹកជំនន់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

​រដ្ឋលេខាធិការ​ទទួល​ប​ន្ទិ​ក​គ្រោះធម្មជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន លោក Sharafuddin Muslim បានប្រកាស​កាលពី​ថ្ងៃទី ៤​ខែឧសភា ថា មាន​មនុស្ស ២២​នាក់​ស្លាប់ ដោយ​ភ្លៀង​ធា្ល​ក់​ខ្លាំង​បង្ក​ជា​គ្រោះទឹកជំនន់​នៅក្នុង​ខេត្ត​ក្រុង​ចំនួន ១២ ក្នុងប្រទេស​នេះ​រយៈពេល​៥​ថ្ងៃ​ជាប់​គ្នា ។ ក្រៅពី​អ្នកស្លាប់​ក៏មាន​មនុស្ស ២​នាក់​បាត​ខ្លួន និង​ជាង ៤០​នាក់​រង​រួស ។ ជាមួយគ្នានេះ​ក៏មាន​ផ្ទះ​ពលរដ្ឋ​ជាង ១០០​ខ្នង​រង​ការបំផ្លាញ​ផងដែរ​។​

​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែឧសភា ឆ្នាំ​២០២២ បាន​ដកស្រង​សំដី​លោក Sharafuddin Muslim បញ្ជាក់ថា ខេត្ត​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ គឺ​ខេត្ត​បា Badghis និង​ហ្វា​យ៉ាប Faryab ភាគ​ខាងលិច រួមទាំង​ខេត្ត Baghlan ភាគ​ខាងជើង​។​

​លោក Shekhani បាន​បន្ថែមថា ផ្ទះសម្បែង​ចំនួន ៥០០​ខ្នង​ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំងស្រុង ខណៈ ២,០០០​ខ្នង​ទៀត​បាន​រង​ការខូចខាត ហើយ​សត្វពាហនៈ​ចំនួន ៣០០​ក្បាល​បាន​ងាប់ និង​ដំណាំ​ប្រហែល ៣,០០០​ហិកតា​បាន​រង​ការខូចខាត​។​

​អា​ហ្វ​ហ្កា​នី​ស្ថាន បានទទួល​រង​នូវ​គ្រោះរាំងស្ងួត​កាន់តែ​អាក្រក់​ទៅៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​ការប្រែប្រួល​អាកាសធាតុ ជាមួយនឹង​ទិន្នផល​ដំណាំ​ធ្លាក់ចុះ​ទាប ដែល​បង្កើន​ការព្រួយបារម្ភ​អំពី​បញ្ហា​ខ្វះខាត​ស្បៀងអាហារ​ធ្ងន់ធ្ងរ​។ ការប្រែប្រួល​អាកាសធាតុ បានធ្វើឱ្យ​បញ្ហា​នៃ​ភាពក្រីក្រ​កាន់តែ​ធ្ងន់ធ្ងរ​ដែល​បណ្ដាលមកពី​សង្គ្រាម​ជាច្រើន​ទសវត្សរ៍ ហើយ​បន្ទាប់មក​ដោយសារ​ការ​ធ្លាក់ចុះ​នៃ​ជំនួយ​បរទេស និង​ការ​បង្កក​ទ្រព្យសម្បត្តិ​នៅ​បរទេស បន្ទាប់ពី​ពួក​តា​លី​បង់​បាន​វាយ​ដណ្ដើម​កាន់កាប់​ប្រទេស ហើយ​កងកម្លាំង​អាមេរិក​បាន​ដកថយ​ចេញ​កាលពី​ខែសីហា ឆ្នាំ​២០២១​កន្លងទៅនេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close