អគ្គស្នងការរងនគរបាលជាតិ ​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អំពាវនាវឲ្យក្រុមហ៊ុនសន្តិសុខឯកជន និងសហគ្រាសទាំងអស់ត្រូវមានច្បាប់ទម្លាប់ត្រឹមត្រូវ

ព្រះសីហនុ ៖ អគ្គស្នងការរងនគរបាលជាតិ ​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អំពាវនាវឲ្យក្រុមហ៊ុនសន្តិសុខឯកជន និងសហគ្រាសទាំងអស់ត្រូវមានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយក្រុមហ៊ុនណាដែលមិនទាន់មានច្បាប់ ត្រូវរួសរាន់ទៅសុំច្បាប់ពីអាជ្ញាធរ និងសមត្ថកិច្ចដែលក្រុមហ៊ុនរបស់ខ្លួនកំពុងបោះទីតាំង។

នឹងមានច្បាប់អនុញ្ញាតត្រឹមត្រូវហើយនោះ ក្រុមហ៊ុនសន្តិសុខឯកជន និងសហគ្រាសទាំងអស់ ត្រូវរៀបចំឯកសណ្ឋានបុគ្គលិកឲ្យបានស្អាតបាត សមរម្យសក្តិសម ជាបុគ្គលិកសន្តិសុខឯកជន។ ការថ្លែងរបស់​លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ធ្វើឡើងក្នុងពិធីបិទវគ្គបំប៉នជំនាញច្បាប់ ភ្នាក់ងារសន្តិសុខឯកជន នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានសន្តិសុខឯកជន ចូលរួមចំនួន​៣០សហគ្រាស បុគ្គលិក​១៥៤នាក់។

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានបញ្ជាក់ថា ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សហគ្រាស និងគ្រឹះស្ថានទាំងអស់ ត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់ ទៅលើសាវតា ប្រវត្តិរូបរបស់បុគ្គលិកម្នាក់ៗ មុននឹងសម្រេចចិត្តជ្រើសរើសឲ្យចូលបម្រើការងារ ព្រោះខ្លាចក្រែងប៉ះចំបុគ្គលិកដែលមានប្រវត្តិមិនល្អ ជាហេតុនាំឲ្យមានគ្រោះថ្នាក់ដល់ក្រុមហ៊ុន​។

អគ្គស្នងការរងរូបនេះ បានបន្តថា ភ្នាក់ងារសន្ដិសុខឯកជនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ក្រៅអំពីភារកិច្ចរបស់ខ្លួនដែលឈរជើងនៅតាមគោលដៅគ្រឹះស្ថានឯកជន ដែលការចូលរួមចំណែកនេះ គឺពិតជាមានសារសំខាន់ ក្នុងការបំពេញភារៈកិច្ចរបស់ខ្លូន ក្នុងការបម្រើប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

លើសពីនេះ លោកឧត្តមសេនីយ៍ ឌី វិជ្ជា ក៏បានណែនាំទៅកាន់ក្រុមហ៊ុនសន្ដិសុខឯកជនផ្ដល់សេវាកម្ម និងសហគ្រាសគ្រឹះស្ថាន ត្រូវចាត់បញ្ជូន ភ្នាក់ងារសន្ដិសុខឯកជនរបស់ខ្លួន មកទទួលការបណ្ដុះបណ្ដាល តាមការស្នើសុំរបស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ស្របតាមអនុក្រឹត្យ ដែលភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវតែទទួលបានការបណ្ដុះបណ្ដាលពីអគ្គស្នងការដ្ឋាននគរបាលជាតិ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close