ផ្លូវបេតុងអារមេមួយខ្សែប្រវែង ៨៨៥ម៉ែត្រ និងស្ពានបេឡេត៍មួយកន្លែង នៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ខេត្តកណ្ដាល៖ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអារមេមួយខ្សែប្រវែង៨៨៥ម៉ែត្រ និងស្ពានបេឡេត៍មួយកន្លែង ស្ថិតនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៥៦០នាក់។

ថ្លែងក្នុងមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នប្រទេសយើងបានបើកដំណើរការសេដ្ឋកិច្ច សង្គមទាំងស្រុងឡើងវិញ តាមរយៈការសម្រេចបានអត្រានៃការចាក់វ៉ាក់សាំងបង្ការបានច្រើនជាងគេលំដាប់ទីពីរ នៅក្នុងពិភពលោក។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកកោះធំ ដែលរួមមានផ្លូវជាតិលេខ២១ ស្ពានឆ្លងទន្លេបាសាក់កោះធំ ផ្លូវលេខ១១០ មន្ទីរពេទ្យតេជាសែន កោះធំ មណ្ឌលសុខភាព ផ្លូវបេតុងជាច្រើនខ្សែ និងបណ្ដាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀតដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពីគម្រោងបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវពេលយប់តាមបណ្ដាញផ្លូវបេតុងដែលបានសាងសង់រួចដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបានសន្តិសុខសុវត្ថិភាពផងដែរ។
បន្ទាប់ពីកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង និងស្ពានមួយកន្លែងនាពេលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងចុះពិនិត្យវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យតេជោសែន កោះធំ ដើម្បីធានាគុណភាពសំណង់ស្របតាមកិច្ចសន្យាដែលមានចែងនៅក្នុងសៀវភៅបន្ទុក ហើយគិតរហូតមកទល់ពេលនេះ ការសាងសង់សម្រេចបាន ៣៣,៥៨%ហើយ គ្រោងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៣មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
សូមជម្រាបជូនផងដែរថា ផ្លូវបេតុងអារមេ ប្រវែង៨៨៥ម៉ែត្រ និងស្ពានមួយកន្លែងដែលសម្រេចបាននៅថ្ងៃនេះនឹងចូលរួមចំណែកក្នុងការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែមានភាពប្រសើរឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។