ក្រុមកីឡា​ថាសហោះ​ភ្នំ​ដា ឈ្នះ​ពានរង្វាន់​ស​.​ស​.​យ​.​ក​រាជធានី​ភ្នំពេញ​

​បន្ទាប់ពី​ដំណើរការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ពេញ​១​ថ្ងៃ កាលពី​ល្ងាច​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២២ ការប្រកួត​កីឡា​ថាសហោះ ពានរង្វាន់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) រាជធានី​ភ្នំពេញ​បានបញ្ចប់​ដោយ​ជោគជ័យ ដោយ​ក្រុម​ក្រុម​កីឡាករ​-​កីឡាការិនី​ថាសហោះ​ភ្នំ​ដា​ឈ្នះ​ពានរង្វាន់​នេះ​តែម្តង​។​

​ក្រុម​កីឡាករ​-​កីឡាការិនី​ថាសហោះ​ភ្នំ​ដា ចំណាត់ថ្នាក់​លេខ​១ ស្របពេល​ក្រុម​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​ក្រុម​កីឡាករ​-​កីឡាការិនី​ថាសហោះ​កោះ​កេរ្ដិ៍ រីឯ​ក្រុម​កីឡាករ​-​កីឡា​ករី​ថាសហោះ​សំបូរ​ព្រៃ​គុក​ដណ្តើមបាន ចំណាត់ថ្នាក់​លេខ​៣​។​

​លោក បែ មករា ប្រធាន​នាយក​កម្មវិធី​កីឡា​ភ្នំពេញ នៃ​ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ បាន​លើកឡើងថា ព្រឹត្តិការណ៍​នេះ​មាន​ក្រុម​ចូលរួម​សរុប​ចំនួន​៨ ដោយ​ចែកចេញជា​ពីរ​ពូ​ល ហើយ​ធ្វើឡើង​ក្នុង​គោលបំណង​ចម្បង ក្នុងការ​បំផុសស្មារតី​យុវជន​ឲ្យ​ចូលរួម​លេង​កីឡា​កាន់តែច្រើន​បន្ថែមទៀត​។​

​លោក​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹង​ប្រឹង​ប្រកួត​របស់​កីឡាករ កីឡាការិនី​រហូត​ឈានដល់​ការស្វែងរក​បាន​ម្ចាស់​ជ័យលាភី​នាពេលនេះ​។
​បន្ថែមទៀតថា ដោយ​មើលឃើញ​ពី​ផល​ល្អ នៃ​កីឡា​មួយ​នេះ ដែលមាន​គោលការណ៍ Fair-Play ត្រឹមត្រូវ ដោយ​លេង​មិនមាន​អាជ្ញាកណ្ដាល ហើយ​វា​បាន​ផ្ដោត​សំខាន់​លើ​ភាពស្មោះត្រង់​ជា​គោល​នោះ ដូច្នេះ​លោក​បាន​ជំរុញ​យុវជន និង​ប្រជាពលរដ្ឋ​កម្ពុជា​ចូលរួម​លេង​កីឡា​ថាសហោះ​ឲ្យ​បាន​ច្រើន ដើម្បី​អភិវឌ្ឍ​កីឡា​នេះ​ឲ្យ​កាន់តែ​រីកចម្រើន ឈានទៅរក​ការប្រកួត​ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ នាពេលខាងមុខ​។​

​លោក បែ មករា សង្កត់ធ្ងន់ថា កីឡា​ថាសហោះ​នេះ គឺជា​ប្រភេទ​កីឡា​ថ្មី​មួយ សម្រាប់​កម្ពុជា ហើយ​ការរៀប​ចំកា​ប្រកួត​នេះ គឺ​ដើម្បី​បំផុស​ឲ្យ​យុវជន​ចូលរួម​លេង​កីឡា​ឲ្យ​កាន់តែច្រើន ព្រមទាំង​ចូលរួម​គាំទ្រ​ដល់​យុទ្ធនាការ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។
«​ដូច្នេះ​ក្នុងនាម​យើងទាំងអស់គ្នា ជា​ប្រជាពលរដ្ឋ និង​យុវជន​ខ្មែរ​ទាំងអស់​សូម​ចូលរួម​គាំទ្រ​ដល់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ទាំងអស់គ្នា ជាពិសេស​ធ្វើ​ឲ្យ​ពិភពលោក​បាន​ស្គាល់​កម្ពុជា​បន្ថែម តាមរយៈ​ការធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣​ខាងមុខនេះ​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close