រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ស្នើឱ្យ​ក្រុមហ៊ុន Walmart ពង្រីក​ប្រតិបត្តិការ​ធុរកិច្ច និង​វិនិយោគ​លើ​វិស័យ ដែលមាន​សក្តានុពល​នានា​បន្ថែមទៀត នៅ​កម្ពុជា​

​វ៉ាស៊ីនតោន​៖ ឆ្លៀត​ក្នុងឱកាស​ចូលរួម​អម​ដំណើរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី Anbinh Phan តំណាង​ក្រុមហ៊ុន Walmart និង​សហការី កាលពី​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ ដើម្បី​ពិភាក្សា និង​ស្វែងយល់​បន្ថែម​អំពី​សក្តានុពល​ពាណិជ្ជកម្ម និង​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​លទ្ធភាព​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​នៅពេល​ខាងមុខ​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ លោកស្រី Anbinh Phan តំណាង​ក្រុមហ៊ុន Walmart និង​សហការី ព្រមទាំង​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណាប់អារម្មណ៍​ក្នុងការ​ពង្រីក​ការធ្វើ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ជម្រាប​អំពី​ស្ថានភាព​ល្អប្រសើរ​នៃ​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ក្រោម​ការដឹកនាំ​ប្រកប​ដ៏​ឈ្លាសវៃ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែលនាំឱ្យ​សេដ្ឋកិច្ចកម្ពុជា​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​បន្ថែម​ពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ជម្រាប​អំពី​សមិទ្ធផល​ថ្មីៗ និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងពាណិជ្ជកម្ម​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា ដូចជា ការចរចា​បង្កើត​ទីផ្សា​រ​ថ្មីៗ​បន្ថែមទៀត​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មីៗ ការកសាង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​បន្ថែម ព្រមទាំង​ការបន្ត​ធ្វើ​ទំនើបកម្ម​សេវាសាធារណៈ ការកាត់បន្ថយ​នីតិវិធី​និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នានា ដែល​បាន​ជួយ​សម្រួល​យ៉ាងច្រើន​ដល់​ការធ្វើ​ធុរកិច្ច​និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​កាន់តែ​ប្រសើរឡើង​។​

​ក្នុងឱកាស​នោះដែរ លោកស្រី Anbinh Phan បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ ដ៏​មាន​ប្រសិទ្ធភាព​របស់​កម្ពុជា ក៏ដូចជា​អបអរសាទរ​ចំពោះ​ការសម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មីៗ ព្រមទាំង​ជម្រាបជូន​អំពី​ចំណាប់អារម្មណ៍​ក្នុងការ​នាំចូល​ផលិតផល​របស់​កម្ពុជា​បន្ថែមទៀត ដូចជា គ្រឿង​សង្ហា​រឹម ផ្លែឈើ ម្ហូបអាហារ និង​គ្រឿង​អេឡិចត្រូនិក ជាដើម​។​

​ទន្ទឹមនឹងនេះ លោកស្រី ក៏បាន​ជម្រាប​ផងដែរ អំពី​បំណង​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ ការពង្រឹង​ភាពជា​ដៃគូ​ក្នុង​សកម្មភាព​ធុរកិច្ច​និង​វិនិយោគ ដែល​នឹង​ចូលរួមចំណែក​ក្នុងការ​បង្កើត​ឱកាស​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា ជាពិសេស​ស្ត្រី ការជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​។​

​នៅ​កិច្ចបញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន Walmart ពិនិត្យ​លទ្ធភាព​ក្នុងការ​ពង្រីក​ប្រតិបត្តិការ​ធុរកិច្ច​នៅ​កម្ពុជា និង​វិនិយោគ​លើ​វិស័យ​ដែលមាន​សក្តានុពល​នានា​បន្ថែមទៀត​នៅ​កម្ពុជា​ផងដែរ និង​បង្ហាញ​ពី​ការត្រៀមខ្លួន​របស់​ក្រសួងពាណិជ្ជកម្ម​ក្នុងការ​សហការ និង​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close