អាមេរិក បន្តផ្តល់ជំនួយឲ្យអ៊ុយក្រែន ក្នុងគោលដៅអូសបន្លាយសង្គ្រាម របស់រុស្ស៊ី
រដ្ឋសភាអាមេរិក នៅថ្ងៃទី ១០ ខែឧសភា (ម៉ោងទីក្រុងវ៉ស៊ីនតោន) បានអនុម័តច្បាប់ផ្តល់ជំនួយមានទឹកប្រាក់ជិត៤០ពាន់លានដុល្លារជួយដល់អ៊ុយក្រេន ក្នុងពេលដែលកំពុងផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។
សេចក្តីព្រាងច្បាប់ ទទួលបានការគាំទ្ររហូតដល់ទៅ ៣៦៨សំឡេង និងប្រឆាំងតែ ៥៧សំឡេងប៉ុណ្ណោះ។ សំឡែងឆ្នោតប្រឆាំង គឺជាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋទាំងអស់ ។
កន្លងមកប្រធានាធិបតីបៃឌិន បានស្នើកញ្ចប់ជំនួយដល់ប្រទេសអ៊ុយក្រែន ក្នុងនោះមាន ២០,៤ពាន់លានដុល្លារជាជំនួយយោធា ៨,៥ពាន់លានដុល្លារជាជំនួយសេដ្ឋកិច្ច និង៣ពាន់លានដុល្លារជាជំនួយមនុស្សធម៌។ ជាមួយគ្នានេះដែរ រដ្ឋសភាអាមេរិក បានផ្តល់ជំនួយបន្ថែម ៣,៤ ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិអ៊ុយក្រែនណិង ៣,៤ពាន់លានដុល្លារសម្រាប់មនុស្សធម៌ផងដែរ។
សេចក្តីព្រាងច្បាប់នឹងបញ្ជូនទៅកាន់រដ្ឋសភាអាមេរិក ដើម្បីបន្តអនុម័ត រួមបញ្ជូនទៅកាន់ប្រធានាធិបតីចុះហត្ថលេខា។
ពាក់ព័ន្ធសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោកស្រី Avril Haines បានឱ្យដឹងថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនបញ្ចប់សង្គ្រាមអ៊ុយក្រែន នៅត្រឹមតំបន់ដុនបាស់នោះទេ ដោយអាចនឹងសាងផ្លូវមួយភ្ជាប់ទៅកាន់តំបន់ ត្រេនស្នីស្ទ្រីយ៉ា (Transnistria) គ្រប់គ្រងដោយរុស្ស៉ី នៅក្នុងប្រទេសម៉ុលដាវី។
បើតាមលោកស្រី Avril Haines, ទីភ្នាក់ងារស៊ើបការណ៍អាមេរិក ក៏កំពុងតាមដានផងដែរពីលទ្ធភាពអាចទៅរួចថាលោក ពូទីន អាចនឹងកែនកងទ័ពបន្ថែម នៅទូទាំងប្រទេសរុស្ស៉ី ក្នុងនោះរួមមានទាំងការដាក់ចេញច្បាប់អាជ្ញាសឹក និងការវាយកាត់ផ្ដាច់ការផ្ដល់ជំនួយរបស់លោកខាងលិចដល់អ៊ុយក្រែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។