ក្រសួងបរិស្ថាន ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​សៀវភៅ​មគ្គទេសក៍​ស្តីពី​គ្រឿងទេស​នៅ​ប្រទេស​កម្ពុជា​” និង​វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​២

​ភ្នំពេញ​៖ ក្រសួងបរិស្ថាន បាន​ផ្តួច​ផ្តើមគំនិត និង​រៀបចំ​ជា “​សៀវភៅ​មគ្គទេសក៍​ស្តីពី​គ្រឿងទេស​នៅ​ប្រទេស​កម្ពុជា​” ដំបូង​គេ និង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​២ នា​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ នៅ​អគារ​ខេមរា​នី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​។​

​វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​២​នេះ រៀបចំឡើង​ក្នុង​គោលបំណង​សំខាន់ៗ​រួមមាន​៖ ១)​ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​បាន​ស្គាល់​ពី​ប្រភេទ​កេសរ​កូ​ល​ព្រៃរបស់​កម្ពុជា ២)​ចែករំលែក​ព័ត៌មាន​ស្តីពី​វឌ្ឍនភាព​នៃ​ការរៀបចំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន ៣)​ចូលរួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍ធម្មជាតិ និង​៤)​ផ្សារភ្ជាប់​បណ្តាញ​អ្នកសិក្សា​ស្រាវជ្រាវ និង​ពង្រឹង​ការអភិរក្ស​កេសរ​កូ​ល​ព្រៃ​នៅ​កម្ពុជា​។​

​ដោយឡែក សៀវភៅ​មគ្គទេសក៍​ស្តីពី​គ្រឿងទេស​នៅ​ប្រទេស​កម្ពុជា ក្រសួង​បានរៀបចំ​ឡើង ដើម្បី​កំណត់​អត្តសញ្ញាណ ចងក្រង​ទុកជា​ឯកសារ អំពី​លក្ខណៈ​ជីវសាស្ត្រ រូបសាស្ត្រ សារប្រយោជន៍ ចំណេះដឹង​ជា​ប្រពៃណី និង​របៀប​នៃ​ការប្រើប្រាស់ រុក្ខជាតិ​គ្រឿងទេស​នៅ​កម្ពុជា ដែល​ប្រជាជន​តែងតែ​អនុវត្ត​តាំងពី​ដូនតា សម្រាប់​ធ្វើជា​គ្រឿងផ្សំ​ក្នុង ម្ហូបអាហារ​ប្រចាំថ្ងៃ និង​ជា​ឱសថ​ថែរក្សា​សុខភាព និង​ព្យាបាល​ជំងឺ​។​

​ក្នុងឱកាស​នោះដែរ ក៏មាន​ការចុះ​អនុស្សរណៈ​នៃ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​ក្រសួងបរិស្ថាន និង​សួន​រុក្ខ​ឧទ្យាន KEW នៃ​ចក្រភព​អង់គ្លេស ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ បង្កើត និង​ដំណើរការ​នៃ​ការអភិរក្ស​ជីវៈចម្រុះ​ក្រៅ​ដែន​ធម្មជាតិ​នៅ​កម្ពុជា​។ អនុស្សរណៈ​នៃ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​ក្រសួងបរិស្ថាន និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ ស្តីពី​កិច្ចសហការ​រៀបចំ និង​ប្រតិបត្តិការ​របស់ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន​។​

​គួរបញ្ជាក់​ឱ្យដឹងថា វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​២ និង​សៀវភៅ​មគ្គទេសក៍​ស្តីពី​គ្រឿងទេស​នៅ​ប្រទេស​កម្ពុជា​នេះ បានរៀបចំ​ឡើង​នៅ​អគារ​ខេមរា​នី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) រាជធានី​ភ្នំពេញ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន ស្ថានទូត អង្គការ​ដៃគូ វិស័យ​ឯកជន អ្នកជំនាញ​ជាតិ និង​អន្តរជាតិ សិស្ស និស្សិត និង​អ្នកពាក់ព័ន្ធ​។

​សៀវភៅ​មគ្គទេសក៍​ស្តីពី​គ្រឿងទេស​នៅ​ប្រទេស​កម្ពុជា នឹងមាន​ចែកជូន​ដល់​សាធារណជន​បណ្ដាញសារព័ត៌មាន តំណាង​ស្ថាប័ន និង​សិស្ស​និស្សិត​ដែល​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​កេសរ​កូ​ល​ជាតិ លើក​ទី​២ និង​ទស្សនា​ពិព័រណ៍​កេសរ​កូ​ល​នេះ​ដោយ​សេរី នៅ​អគារ​ខេមរា​នី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង ៨:៣០​នាទី​ព្រឹក ដល់​ម៉ោង ១៧:០០​នាទី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close