ករណីបុរសឈ្មោះ ស៊ាន វុទ្ធី បានប្រើហិង្សាមកលើស្ត្រី ហាំង ស៊ីវត្ថិវណ្ណនីដា បណ្ដាលឱ្យរបួសធ្ងន់ធ្ងរ បានសងសំណង ៥០០ដុល្លារ ដើម្បីបញ្ចប់រឿង
ខេត្តព្រះសីហនុ៖ សូមជម្រាបជូនសាធារណជន និងបងប្អូនសារព័ត៌មានមេត្តាជ្រាបថា តាមរបាយការណ៍បឋម កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានទទួលបណ្ដឹងរបស់ស្ដ្រីឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា ពីករណីបុរសឈ្មោះ ស៊ាន វុទ្ធី បានប្រើហិង្សាមកលើនាង បណ្ដាលឱ្យនាងរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅបន្ទប់ជួលភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។
យោងកំណត់ហេតុបំភ្លឺ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថាហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣ទាបភ្លឺ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ដោយស្ដ្រីជនរងគ្រោះបានទៅរកជួបអតីតប្ដី ឈ្មោះ ស៊ាន សារ៉ាឌី នៅបន្ទប់ជួលទីតាំងខាងលើ ដោយនាងបានតោងរបង(ផ្លោះរបង)ចូលក្នុងបរិវេណផ្ទះជួល ហើយដើរសំដៅបន្ទប់ជួលរបស់អតីតប្ដីនាង ដោយឃើញបង្អួចបិទជិត នាងបានយកកាំបិតតាំងតោនៅក្នុងរោងបាយ មកកាប់ទ្វារកញ្ចក់បង្អួចបន្ទប់អតីតប្ដី បណ្ដាលឱ្យបែកកញ្ចក់អស់០១ផ្ទាំង តែនាងមិនឃើញប្ដីនាងក្នុងបន្ទប់នោះទេ។
នាងក៏បានដើរចេញវិញទៅឈរស្រែកហៅឈ្មោះឌី(ជាអតីតប្ដី)ខ្លាំងៗ នៅមុខបន្ទប់របស់ឈ្មោះ ស៊ាន វុទ្ធី ជាបងថ្លៃ។ ពេលនោះឈ្មោះ ស៊ាន វុទ្ធី និងប្រពន្ធ បានចេញពីបន្ទប់មកស្ដីឱ្យឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា ហើយក៏បណ្ដាលឱ្យមានការទាស់សំដីគ្នាបង្កជាហិង្សាកើតឡើង(ប្រតាយប្រតប់) រវាងស្រី្ដរងគ្រោះ និងប្រពន្ធរបស់ឈ្មោះ ស៊ាន វុទ្ធី។
ក្រោយមកម្ចាស់ផ្ទះឈ្មោះ នូ ចន្ទដូរេន បានមកហាមឃាត់ភាគីទាំងសងខាងតែពួកគេមិនស្ដាប់ ហើយឈ្មោះ ស៊ាន វុទ្ធី បានប្រើទុយោជ័រ(ទំហំ២១ម.ម)វាយទៅលើស្ដ្រីរងគ្រោះបណ្ដាលឱ្យមានរបួសភ្លៅ និង កំភួនជើងផ្នែកខាងក្រោយ ដើម្បីទម្លាក់កាំបិតពីដៃស្ត្រីឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា។
ក្រោយហេតុការណ៍ភ្លាមៗកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ និងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះអន្ដរាគមន៍ កន្លែងកើតហេតុដោយបាននាំភាគីទាំងសងខាង រួមនិងសាក្សី ទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។
ជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀងសម្របសម្រួលគ្នាបញ្ចប់រឿង ដោយស្ដ្រីជនរងគ្រោះស្ម័គ្រចិត្ដទទួលយកប្រាក់ចំនួន៥០០$ ដើម្បីព្យាបាលរបួស និងផ្ដិតមេដៃដកបណ្ដឹងលើឈ្មោះ ស៊ាន វុទ្ធី ផងដែរ។ (របាយការណ៍បឋម)
ក្រោយមកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្រាប់តែស្ដ្រីជនរងគ្រោះខាងលើ បានមកដាក់ពាក្យបណ្ដឹង នៅស្នងការដ្ឋានគរបាលខេត្ដព្រះសីហនុ ថែមទាំងបានបង្ហោះសារ និងរូបភាពតាមបណ្ដាញសង្គម ពីករណីដដែលនេះ។
ក្រោយពេលទទួលបានបណ្ដឹងនេះ មន្ដ្រីជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានធ្វើការកោះហៅភាគីពាក់ព័ន្ធមកបំភ្លឺជាបន្ទាន់ជុំវិញករណីនេះ នៅការិយាល័យជំនាញ។ បច្ចុប្បន្ន មន្ត្រីនគរបាលបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងអនុវត្តនីតិវិធីសាកសួរ។ ព័ត៌មានលម្អិតនឹងផ្តល់ជូននៅពេលបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។