សាលា​បារាំង​ចុង​បូព៌ា ប្រគល់​បុរាណវត្ថុ ១៤៦​កេស ជូន​អាជ្ញាធរ​ជាតិ​អប្សរា​

កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ សាលា​បារាំង​ចុង​បូព៌ា (EFEO) បានប្រគល់​បុរាណវត្ថុ​ចំនួន​១៤៦​កេស កំណាត់​សរសរ​ឈើ ចំនួន​១១​ដើម និង​សិលាចារឹក​១​ផ្ទាំង​ជូន​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​មជ្ឈមណ្ឌល​អ​ន្ត​រ​ជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ ដើម្បី​រក្សាទុក​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។ បុរាណវត្ថុ​ទាំងអស់នេះ បាន​រកឃើញ​ក្នុង​ពេលធ្វើ​កំណាយ​ស្រាវជ្រាវ​ក្នុង​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៧ និង​ក្នុងអំឡុងពេល​ជួសជុល​ប្រាសាទមេបុណ្យខាងលិច​។​

​លោក ទិន ទីណា អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ បាន​មាន​លើកឡើងថា នេះ​ពុំមែន​ជា​លើក​ទី​១ ដែល​សាលា​បារាំង​ចុង​បូព៌ា​បានប្រគល់​បុរាណវត្ថុ ដែល​រកឃើញ​នៅ​ប្រាសាទមេបុណ្យខាងលិច​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ទេ គ្រាន់តែ​លើក​នេះ មាន​ចំនួន​ច្រើនជាង​លើក​មុនៗ ហើយក៏​ពុំមែន​មានតែ​ស្ថាប័ន​មួយ​នេះ​ទេ ដែល​បានប្រគល់​វត្ថុ​បុរាណ​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​រកឃើញ​ក្នុងពេល​ជួសជុល និង​ស្រាវជ្រាវ​ក្នុង​រមណីយដ្ឋាន​អង្គរ​។​

​លោក​បាន​មាន​លើក​បន្ថែមទៀតថា ជាទូទៅ​ស្ថាប័ន​អន្តរជាតិ​ទាំងអស់ ដែល​កំពុង​បំពេញការងារ​ជួសជុល​ប្រាសាទ និង​សិក្សា​ស្រាវជ្រាវ នៅ​តំបន់​អង្គ​រតែង​ប្រគល់​បុរាណវត្ថុ​ដែល​រកឃើញ​ជូន​មក​អាជ្ញាធរ​ជាតិ​អប្សរា​ក្រោយពេល​សិក្សា​រួច​។ ដោយឡែក ក្នុងករណី​ស្ថាប័ន​អន្តរជាតិ​ដែល​បានប្រគល់​វត្ថុ​បុរាណ​ទាំងនោះ​មានបំណង​មក​សិក្សា​ពី​វត្ថុ​សិល្បៈ​ទាំងនោះ​បន្ថែមទៀត គឺ​យើង​តែងតែ​អនុញ្ញាត​តាម​ការស្នើសុំ​។
​បុរាណវត្ថុ​ដែល​សាលា​បារាំង​ចុង​បូព៌ា​បានប្រគល់​មក​លើក​នេះ ភាគច្រើន​ជា​បំណែក​ភាជន៍ (​មាន​ស្រទាប់​រលោង និង​ពុំមាន ស្រទាប់​រលោង​) វត្ថុ​សំណាក (​ដី​សម្រាប់​វិភាគ​) បំណែក​ចម្លាក់​ថ្មភក់ និង​ថ្មភក់​បំណែ​កលោក​ហៈ​ធាតុ (​ដែក ស្ពាន់ លង្ហិន​) ជាពិសេស គឺ​ព្រះ​ពុទ្ធរូប​ធ្វើ​ពី​ក្រមួន​ចំនួន​១​អង្គ ដាក់​ក្នុង​ឆ្នាំងដី​ធំ​មួយ​ជាមួយ​អំបោះឆៅ​បញ្ចុះ​ក្នុង​ដី​។​ល​។

​គួរបញ្ជាក់​ផងដែរ​ថា ប្រាសាទមេបុណ្យខាងលិច​ត្រូវបាន​កសាងឡើង​នៅ​ពាក់កណ្តាល​សតវត្ស​ទី​១១ ដោយ​ព្រះបាទ​ឧទ​យា​ទិ​ត្យ​វរ្ម័នទី​២ ចន្លោះ​ឆ្នាំ (១០៤៩-១០៦៦) នៅលើ​កោះ​តូច​មួយ​កណ្តាល​បារាយណ៍ទឹកថ្លា​ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​នរាយណ៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close