នៅ​ព្រឹក​នេះ​! សម្តេច​តេ​ជោ ជួប​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ២​ព​នាក់ រស់នៅ​សហរដ្ឋអាមេរិក និង​កាណាដា​

​នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២ (​ម៉ោង​នៅ​ប្រទេស​កម្ពុជា​) ដែល​ត្រូវ​នឹង​ល្ងាច​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ (​ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​) សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ទឹកដី​សហរដ្ឋអាមេរិក និង​កាណាដា សរុប​ប្រមាណ​ជាង​២​ពាន់​នាក់​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មកជួប​បងប្អូន​ពលរ​ដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស និង​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​បានធ្វើ​ដំណើរ​ពីរ​ដ្ឋ​ផ្សេងៗ​ទាំង​ក្នុង​ទឹកដីរ​អាមេរិក និង​កាណាដា មកជួប​សម្ដេច​នាពេលនេះ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា និង​វ៉ាស៊ីនតោន មាន​ចម្ងាយ​ជាង​១​ម៉ឺន​គីឡូ តែ​សម្តេច​នៅតែ​អាច​ជួប​ជាមួយ​ខ្មែរ​នៅ​អាមេរិក​បាន​។ សម្ដេច​បញ្ជាក់ថា វា​មិន​ស្ថិតនៅលើ​ចម្ងាយ​ទេ អាស្រ័យ​លើ​ការចង់​ជួប ឬ​អត់​?​។​

​នៅក្នុង​ឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​នាំយក​ព្រះរាជ​បណ្តាំ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក និង​កាណាដា​ជិត​២​ពាន់​នាក់ ដែល​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​នាពេលនេះ ។ ​សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក និង​កាណាដា បាន​ចំណាយ​ពេលវេលា និង​លុយ ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​។

​ទាក់ទង​ទៅនឹង​ស្ថានភាព​ជំងឺ Covid-19 នៅ​កម្ពុជា សម្តេច​តេ​ជោ បាន​មានប្រសាសន៍ ថា កម្ពុជា​ទទួលបាន​លទ្ធ​ផល​ល្អប្រសើរ​ណាស់​ក្នុងការ​គ្រប់គ្រង Covid-19 ហើយ​ក្នុង​រយៈពេល​៥​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​យើង​មិនមាន​អ្នក​ឆ្លង​Covid-19 ថ្មី​នោះទេ សូម្បីតែ​ម្នាក់​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា នយោបាយ​វ៉ាក់សាំង​នៅ​កម្ពុជា ទទួលបាន​ជោគជ័យ ដោយសារ​វ៉ាក់សាំង មិនមាន​បែងចែក​និន្នាការ​នយោបាយ ពណ៌​សម្បុរ ជាតិ​សាសន៍ និង​សាសនា​នោះឡើយ​។ ភាព​សាំ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុ​ជាមាន​ភាព​រឺ​ង​មាំ​ខ្លាំង ដោយសារ​ការអនុវត្ត​យុទ្ធសាស្ត្រ​ផ្កា​រីក គឺ​ចាក់ឱ្យ​ចប់​តាម​តំបន់​នីមួយៗ​ឱ្យ​រួចរាល់ ទើប​បន្តទៅ​តំបន់​ផ្សេង​។​

​សម្តេច​តេ​ជោ​បាន​ថ្លែងថា ពេលនេះ​វ៉ាក់សាំង​នៅក្នុង​ឃ្លាំង​មាន​រហូតដល់​ប្រមាណ ១២​លាន​ដូ​ស​ឯណោះ យើង​មិនមាន​ការព្រួយបារម្ភ​រឿង​ខ្វះ​វ៉ាក់សាំង​នោះទេ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ដោយសារ​សង្គ្រាម​រុ​ស្ស៉ី និង​អ៊ុយ​ក្រែ​ន ធ្វើឱ្យ​កម្ពុជា​ទម្លាក់​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​ពី ៥.៦% មក​នៅត្រឹម ៥.២% សម្រាប់​ឆ្នាំ​២០២២​។ ក្នុង​រយៈពេល​៤​ខែ ឆ្នាំ​២០២២ ការប្រមូល​ពន្ធដារ​ស​ម្រេច​បាន​ប្រមាណ ៥៣% គិត​ជា​សាច់ប្រាក់​ជាង ២​ពាន់​លាន​ដុល្លារ​។

​ទាក់ទង​ទៅនឹង​ស្ថានភាព​នយោបាយ សម្តេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​ការ​សូមទោស​របស់​អតីត​សកម្មជន​សង្គ្រោះ​ជាតិ​នៅ​អាមេរិក លោក ប្រេដ​ឌី យ៉ាំង ជាការ​ផ្តល់​ភាព​ស្អាតស្អំ​ជូន​ភរិយា និង​កូន​សម្តេច​។ សម្តេច​តេ​ជោ បាន​ថ្លែងថា បើ​ត្រឹម​ភាព​ស្អាតស្អំ​របស់​ប្រពន្ធ និង​កូន មិនអាច​ការពារ​បាន​ផង តើ​សម្តេច​មានតម្លៃ​ក្នុងការ​ដឹកនាំ​ជាតិ​ទេ​?​។

​ទាក់ទង​ទៅនឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក សម្តេច​តេ​ជោ​បាន​ថ្លែងថា ទីតាំង​ស្ថានទូត​អាមេរិក គឺជា​ទីតាំង​ល្អ​បំផុត​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ បើ​មិនមែន​អាមេរិក សម្តេច​មិន​ផ្តល់ឱ្យ​ទីតាំងនៅ​ទីនោះ​ឡើយ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា មិន​ជ្រើសរើស​ចិន ប្រឆាំង​អាមេរិក ឬ​ជ្រើស​អាមេរិក ប្រឆាំង​ចិន​នោះឡើយ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​អាមេរិក មាន​ទំហំ​ធំ​បំផុត ក្នុងនោះ​ការនាំ​ចេញមក​អាមេរិក មាន​រហូតដល់​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​កំពុងតែ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា និង​កំពុងធ្វើការ​ទាក់ទាញ​ការវិនិយោគ​ថ្មីៗ​បន្ថែមទៀត​។

​មុននឹង​បញ្ចប់ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទាំងអស់​ដែល​រស់នៅ​ក្រៅប្រទេស ជាពិសេស​នៅ​សហរដ្ឋអាមេរិក និង​កាណាដា ឱ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​ជៀសផុត​ពី​ជំងឺ​ផ្សេងៗ និង​ទទួលបាន​នូវ​ភាពជោគជ័យ​គ្រប់​ភារកិច្ច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close