រ័ត្ន រចនា​បានការ​គាំទ្រ​បទ​« ម៉េ​ម៉ា​យ​សប្បាយចិត្ត » យីអ៊ុន​ឡើង​ខ្លាំង​

​ភ្នំពេញ​៖ ច្រៀង​បទ​”​មេម៉ាយ​សប្បាយចិត្ត​”​ដែលជា​សំនៀង​ដើម​របស់​អ្នកស្រី​ប៉ែន រ៉​ន នោះបាន​ធ្វើ​ឲ្យ​តារាចម្រៀង រ័ត្ន រចនា បាន​ផ្លាស់​ប្តូរជីវិត​ថ្មី​ដោយមាន​ការទទួល​ស្វាគមន៍​ច្រើន​ពី​កម្មវិធី​នានា​។ ថ្មីៗ​នេះ​នាង​ក៏បាន​ថត​បទ​ចម្រៀង​មួយ​នេះ​ជាមួយនឹង​ទិដ្ឋភាព និង​ទឹកដម​សំនៀង​កាន់តែ​ពិ​រោះ​រណ្តំ​។​


​ផ្តើមចេញពី​ការផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​កនា​ការប្រគំ​តន្ត្រី​មួយ​នៅ​ខេត្តស្វាយរៀង បាន​ទាក់ទាញ​ចិត្ត​អ្នក​ស្តាប់​ខ្លាំង និង​បាន​ផ្លាស់​ប្តូរជីវិត​តារាចម្រៀង រ័ត្ន រចនា ដែល​ធ្លាប់តែ​ច្រៀង​ក្នុង​កម្មវិធី​ជប់លៀង​តូចតាច និង​តាម​ហាង​ផឹកស៊ី​នោះ​ឲ្យ​ក្លាយជា​អ្នកចម្រៀង​អាជីព​មានមុខមាត់​ក្នុងសង្គម​សិល្បៈ​។

​តារាចម្រៀង​ស្រី​វ័យ​៣០​រូបនេះ​លើកឡើងថា នាង​មិនដែល​គិតថា​ខ្លួន​នាង​ទទួលបាន​ការគាំទ្រ និង​ស្គាល់​ច្រើន​ដូច​ពេលនេះ​ពីមុនមក​ទេ​។ នាង​បញ្ជាក់ដែរថា ស្ថានីយទូរទស្សន៍​នានា​ចាប់ផ្តើម​អញ្ជើញ​នាង​ឡើង​ច្រៀង ហើយ​កម្មវិធី​តន្ត្រី​តូចធំ​ជាច្រើន​ក៏​ស្វាគមន៍​នាង​មិន​ដាច់​នោះឡើយ ដែល​ពេលខ្លះ​នាង​បាន​បដិសេធ​មិន​ទទួល​ការងារ​ដែល​ជាន់គ្នា​។ នាង​ក៏​មិន​អន់ចិត្ត​ដែល​ដែល​ច្រៀង​ជិត​២០​ឆ្នាំ​មកហើយ​ពោលគឺ​តាំងពី​កុមារ ហើយ​មិនមាន​អ្នក​ស្គាល់​ច្រើន​ទើបតែ​ពេលនេះ​។

​នាង​ថា​ប្រាក់ចំណូល​ពី​ការ​ច្រៀង​បច្ចុប្បន្ន​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​នាង​ពេញចិត្ត​ខ្លាំង​បើទោះបីជា​មិន​ក្រាស់ក្រែល​ប៉ុន្តែ​បើ​ធៀប​នឹង​ពេល​មិនទាន់​ល្បី​នោះ​គឺ​ខុសគ្នា​គួរសម​។ នាង​រំពឹងថា​ការងារ​សិល្ប​វៈ​របស់​នាង​នឹង​កាន់តែ​ប្រសើរ រួមជាមួយ​គម្រោង​បញ្ចេញស្នាដៃ​ច្រៀង​បទ​ចម្រៀង​ថ្មីៗ​ផងដែរ​។​

​បទ​ចម្រៀង​របស់​នាង​ក្រៅពី​ល្បី​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​Youtube នោះ​ក៏​ត្រូវបាន​អ្នកលេង បណ្តាញ​សង្គម Tik Tok​យកមក​ត្រាប់​តាម​ជា​ហូរហែ​។ ចុងក្រោយ​ថ្មីៗ​នេះ​នាង​បាន​បង្ហើ​សំនៀង​ពី​បន្ទប់​ផ្សាយ ជាមួយនឹង​រូប​វីដេអូ​ថ្មី​ត្រជាក់​ភ្នែក និង​កាន់តែ​ធ្វើ​ឲ្យ​សំនៀង​របស់​នាង​ពិ​រោះ​ប្លែក​ថែម​ឡើង​។ តារា​ស្រី រូបនេះ ធ្លាប់​ថ្លែងថា នេះ​ជា​គ្រា​ដំបូង​ហើយ ដែល​នាង​បាន​សាង​ប្រជាប្រិយ​ភាពល្បីល្បាញ និង​ជាការ​បំពេញ​បំណង​ដល់​ឪពុកម្ដាយ​របស់​នាង​បានសម្រេច​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close