កម្ពុជា​-​វៀតណាម ព្រមព្រៀង​បើក​ទេសចរណ៍​ផ្លូវគោក និង​អាកាស​ឡើងវិញ​

​វ៉ា​ស៉ិ​ន​តោន​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ព្រមព្រៀងគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម​ក្នុង​ការបើក​ទេសចរណ៍​ផ្លូវគោក និង​ផ្លូវអាកាស​ជាមួយគ្នា​ឡើងវិញ និង​បាន​ណែ​នាំឱ្យ​រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​ពិភាក្សាគ្នា​ឱ្យបាន​ច្បាស់លាស់​ជុំវិញ​លក្ខខណ្ឌ​នៃ​ការធ្វើដំណើរ​នេះ​។​

​ចំណុច​នេះ​ត្រូវ​បានលើកឡើង​ក្នុងឱកាស​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ​ប្រជាជន​ខ្មែរ​អាមេរិក និង​ខ្មែរ​កាណាដា នៅ​រដ្ឋធានី​វ៉ា​ស៉ិ​ន​តោន សហរដ្ឋអាមេរិក នា​ព្រលឹម​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២ ម៉ោង​នៅ​កម្ពុជា ខណៈ​នៅ​សហរដ្ឋអាមេរិក​ចំពេល​ព្រលប់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា សម្ដេច​ទើបតែ​បាន​ព្រមព្រៀង​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម​លើ​ការបើក​ទេសចរណ៍​ផ្លូវគោក និង​ផ្លូវអាកាស​ឡើងវិញ បន្ទាប់ពី​ផ្អាក​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ខណៈ​កម្ពុជា​ក៏បាន​សម្រួល​លក្ខខណ្ឌ​មួយចំនួន​ប្រកបដោយ​ភាពងាយស្រួល សុវត្ថិភាព ផ្ដល់​ភាពកក់ក្ដៅ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ផងដែរ​។​

​សម្ដេច​តេ​ជោ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​អម្បាញ់មិញ ខ្ញុំ​បាន​ព្រមព្រៀង​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម​, ខ្ញុំ​គ្រាន់តែ​សំណូមពរ​ទៅ​គាត់​ថា ឥឡូវ យើង​គួរតែ​បើក​ទេសចរណ៍​ផ្លូវគោក​ឡើងវិញ​, ចម្លើយ​របស់គាត់ (​នាយ​រដ្ឋមន្ត្រី​វៀតណាម​) តប​មកវិញ​ថា គាត់​សុំ​ស្នើ​បើក​ទាំង​ផ្លូវគោក និង​ផ្លូវអាកាស​ថែមទៀត​, ខ្ញុំ​ថា ខ្ញុំ​ឯកភាព​»​។​

​គួរ​ជម្រាប​ថា កម្ពុជា​-​វៀតណាម​បាន​ផ្អាក​សកម្មភាព​ទេសចរណ៍​ជាមួយគ្នា​តាំងពី​ការ​រាតត្បាត​ជំ​ងឹ​កូ​វីដ​១៩​នៅ​ប្រទេស​ទាំងពីរ​មាន​ការរីក​រាលដាល​ខ្លាំង ជាហេតុ​នាំឱ្យ​ប្រទេស​វៀតណាម​ប្រកាស​ផ្អាក​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​បរទេស​ចូលក្នុង​ប្រទេស​ខ្លួន​។ មកទល់ពេលនេះ កម្ពុជា​បាននិងកំពុង​អនុវត្ត​យន្តការ​ទាក់ទាញ​ភ្ញៀវទេសចរ​ចាក់​វ៉ាក់សាំង បន្ទាប់ពី​ប្រកាស​បើក​ប្រទេស​ឡើងវិញ​កាលពី​ចុងឆ្នាំ​២០២១​។ ក្រសួងទេសចរណ៍​កម្ពុជា​ក៏​កំពុង​ផ្សព្វផ្សាយ​ពី «​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព និង​ផ្ដល់​ភាពកក់ក្ដៅ​» ផងដែរ​។ កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២២ កន្លងទៅ កម្ពុជា​ក៏បាន​បើក​ច្រកព្រំដែន​គោក​ជាមួយ​ប្រទេស​ថៃ​ឡើងវិញ​ផងដែរ ដើម្បី​សម្រួល​ឱ្យ​ប្រជាជន និង​ភ្ញៀវទេសចរ​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ទៅមក​បាន ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ខ្លះៗ​ដែល​ភាគី​ថៃ​តម្រូវឱ្យ​អនុវត្ត​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close