សម្តេច ហ៊ុន សែន អញ្ជើញត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ ក្រោយ​បញ្ចប់​បេសកកម្ម​ក្នុងនាមប្រធានអាស៊ាន នៅទីក្រុងវ៉ាស៊ីនតោន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញមកដល់រាជធានីភ្នំពេញដោយសុវត្តិភាព នៅវេលាម៉ោង ៧៖៤៥នាទីយប់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់បេសកកម្ម ការងារក្នុងនាមប្រធានអាស៊ាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិករយៈពេល ៤ ថ្ងៃពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែឧសភាព ដើម្បីចូលរួមកិច្ចប្រជុំ កំពូលពិសេសអាស៊ាន អាមេរិក។

ក្នុងបេសកកម្មលើទឹកដីអាមេរិកនេះក្រៅតែពីចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចូលរួមវេទិកាធុរកិច្ចអាស៊ាន-អាមេរិក ហើយក៏បានដឹកនាំមេដឹកនាំប្រទេសសមាជិកអាស៊ានចូលរួម ប្រជុំជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស និង អាហារថ្ងៃត្រង់ជាមួយប្រធានសភាអាមេរិក។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម,ជួបជាមួយសមាជិកព្រឹទ្ធសភាអាមេរិក និង អតីតសមា ជិកព្រឹទ្ធសភាអាមេរិក និងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនអាមេរិកចំនួន ២ ផង​ដែរ។

ក្នុងបេសកកម្មលើទឹកដីអាមេរិកនេះសម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិកនិងកាណាដាប្រមាណ ជា ២ពាន់នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close