ទីក្រុង​សេ​អ៊ូ​ល ស្នើ​ផ្តល់ជំនួយ​ដល់​កូរ៉េខាងជើង​ទប់ស្កាត់​កូ​វីដ​១៩

ប្រធានាធិបតី​ថ្មី​កូរ៉េខាងត្បូង បានស្នើ​ផ្តល់ជំនួយ​វ៉ាក់សាំង និង​បរិក្ខា​ពេទ្យ​ដល់​កូរ៉េខាងជើង​ដើម្បី​ទប់ទល់​ការឆ្លង​រាលដាល​កូ​វីដ​១៩ ជា​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​នេះ ។ បច្ចុប្បន្ន​កូរ៉េខាងជើង បាន​បិទ​ប្រទេស​ទាំងមូល​តាំងពី​ថ្ងៃទី​១២​ខែឧសភា ក្រោយ​មាន​ករណី​ឆ្លង​និង​ស្លាប់​ជាច្រើន​។

​រដ្ឋាភិបាល​កូរ៉េខាងត្បូង មាន​គម្រោង ស្នើ​បើក​កិច្ចប្រជុំ​អន​ឡាញ​ជាមួយ​កូរ៉េខាងជើង ដើម្បី​ស្វែងរក​វិធានការ​ក្នុងការ​ផ្តល់ជំនួយ​ដល់ទី​ក្រុង​ព្យុងយ៉ាង ក្នុងការ​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​កូ​វីដ​១៩ ។​

​សារព័ត៌មាន​យ៉ុង​ហាប់​របស់​កូរ៉េខាងត្បូង បាន​ផ្សាយ​ថា ទីក្រុង​សេ​អ៊ូ​ល​នឹង​វាយតម្លៃ​ពី​ស្ថានភាព​នឹង​ផ្តល់ជំនួយ​ដល់ កូរ៉េខាងជើង ។ តាម​គម្រោង​រដ្ឋមន្ត្រីក្រសួង​ឯកភាព​ជាតិ លោក Kwon Young-se មាន​គម្រោង ជួបពិភាក្សា​ជាមួយ​ភាគី​កូរ៉េខាងជើង នៅ​ថ្ងៃទី ១៦​ខែឧសភា ។​

​មន្ត្រី​កូរ៉េខាងជើង បាន​បញ្ជាក់ថា ប្រសិនបើ​ទីក្រុង​ព្យុងយ៉ាង​យល់ព្រម នៅ​ថ្ងៃទី​១៦​ខែឧសភា​នេះ គឺជា​ជំនួប​ពិភាក្សា​លើកដំបូង​រវាង​មន្ត្រី​កូរ៉េខាងជើង និង​ខាងត្បូង ចាប់តាំងពី​ប្រធានាធិបតី Yoon Suk-yeol ឡើងកាន់តំណែង​នៅ​ថ្ងៃទី ១០​ខែឧសភា ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close