កូរ៉េខាងត្បូង នឹងជួយប្រយុទ្ធនឹងកូវីដ ដែលកំពុងផ្ទុះខ្លាំង នៅកូរ៉េខាងជើង
ជាថ្មីម្តងទៀត លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បាននិយាយថា ប្រទេសរបស់លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយកូរ៉េខាងជើង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល COVID-19 ហើយនៅតែបន្តបើកចំហទ្វារជំនួយមនុស្សធម៌សម្រាប់ទីក្រុងព្យុងយ៉ាង។
លោក Yoon Suk-yeol ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាមួយ នៅឯសម័យប្រជុំសភាពេញអង្គ នៅថ្ងៃចន្ទ ទី១៦ ឧសភានេះ។ លោក Yoon បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើកូរ៉េខាងជើង ស្នើឱ្យសុំជំនួយពីពួកយើង យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការផ្ដល់ថ្នាំពេទ្យ ក្នុងនោះរួមមានទាំងវ៉ាក់សាំងបង្ការ COVID-19, បរិក្ខារពេទ្យ និងបុគ្គលិកសុខាភិបាលផងដែរ»។
កូរ៉េខាងជើងបានទទួលស្គាល់ពីការផ្ទុះរាលដាល COVID-19 ជាលើកដំបូងបំផុតនៅក្នុងប្រទេសរបស់ខ្លួន កាលពីសប្ដាហ៍មុន ហើយក្រុមអ្នកជំនាញជាច្រើន បារម្ភថាស្ថានភាពឆ្លងអាចនឹងមានសភាពកាន់តៃធ្ងន់ធ្ងរ ដោយសារតែប្រទេសនេះមិនមានបរិក្ខារវេជ្ជសាស្ត្រគ្រប់គ្រាន់ និងត្រូវបានគេរាយការណ៍ថា មិនមានកម្មវិធីចាក់វ៉ាក់សាំងបង្ការដល់ប្រជាជនរបស់ខ្លួននោះទេ។
គិតត្រឹមថ្ងៃអាទិត្យ ទី១៥ ឧសភា កូរ៉េខាងជើងបានរាយការណ៍ពីអ្នកស្លាប់ដោយសារ COVID-19 កើនដល់ ៥០នាក់ នៅក្នុងចំណោម មនុស្សច្រើនជាង ៣៩២,៩២០នាក់ ដែលមានរោគសញ្ញាគ្រុនក្ដៅ។ ប៉ុន្តែមិនទាន់បញ្ជាក់ថាតើមានមនុស្សប៉ុន្មាននាក់ឆ្លង COVID-19 នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។