ប្រធានាធិបតីប៉ាឡេស្ទីន និងពលរដ្ឋរាប់សិបពាន់នាក់ចូលរួមដង្ហែរសពអ្នកសារព័ត៌មាន Al Jazeera រងការបាញ់សម្លាប់
ពលរដ្ឋរាប់សិបពាន់នាក់ បានចូលរួមនៅក្នុងពិធីដង្ហែរសពអ្នកសារព័ត៌មាន របស់ Al Jazeera ដោយមានការចូលរួមពីប្រធានាធិបតីប៉ាឡេស្ទីនផងដែរ ។
អ្នកសារព័ត៌មានស្រី របស់បណ្តាញព័ត៌មាន Al Jazeera គឺអ្នកស្រី Abu Aqleh រងការបាញ់ប្រហារចំមុខ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីថ្ងៃទី១៥ខែឧសភា ក្នុងពេលដែលកំពុងតែផ្សព្វផ្សាយព័ត៌មានស្តីពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើស្រុក Jenin ភាគខាងលិចជេរ៉ូសាឡឹម។
ក្រោយការបាញ់សម្លាប់ភាគី អ៊ីស្រាអែល និងប៉ាឡេស្ទីន បានស្តីបន្ទោសដាក់គ្នាទៅវិញទៅមកចំពោះការបាញ់សម្លាប់នេះ។ ក្នុងវីដេអូឃ្លីបមួយ, គេឃើញខ្មាន់កាំភ្លើងប៉ាឡេស្ទីន បានដើរសំដៅទៅទីតាំងដែលអ្នកកាសែត Abu Akleh ត្រូវបាញ់សម្លាប់។ ប៉ុន្តែវីដេអូនេះត្រូវបានលុបចេញភ្លាមៗដោយ មជ្ឈមណ្ឌលព័ត៌មានអ៊ីស្រាអែលសម្រាប់សិទ្ធិមនុស្សក្នុងដែនដីកាន់កាប់។
ប្រទេសអ៊ីស្រាអែល បានអំពាវនាវឲ្យមានការស៊ើបអង្កេតរួមគ្នាជាមួយអាជ្ញាធរប៉ាឡេស្ទីន លើការស្លាប់របស់ Abu Akleh។ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានច្រានចោលសំណើនេះទាំងខឹងសម្បាដោយនិយាយថា “យើងសូមឲ្យអាជ្ញាធរអ៊ីស្រាអែល ទទួលខុសត្រូវទាំងស្រុងចំពោះការសម្លាប់នាង សូម្បីតែចំពោះអំពើហិង្សាលើមនុស្សរាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នាដើម្បីកាន់ទុក្ខអ្នកស្រី ដែលបានស្លាប់នៅតំបន់ West Bank នៃទីក្រុង Ramallah ក៏ដោយ”។
លោក Abbas បាននិយាយនៅក្នុងសុន្ទរកថាមួយថា “ពួកគេមិនអាចលាក់បាំងការពិតជាមួយឧក្រិដ្ឋកម្មនេះបានទេ។ ពួកគេគឺជាអ្នកដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ហើយដោយសារតែយើងមិនទុកចិត្តពួកគេ យើងនឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិភ្លាមៗ”៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។