កីឡារាំកម្ពុជា បានបញ្ចប់លើវិញ្ញាសា Latin Dance
កីឡាករ កីឡាការិនីកីឡារាំកម្ពុជាបានចូលរួមប្រកួតលើវិញ្ញាសា Latin Dance និងបានបញ្ចប់លើវិញ្ញាសានេះ កាលពីល្ងាចថ្ងៃទី១៥ឧសភា ក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដោយមិនទទួលបានមេដាយនោះទេ ប៉ុន្តែលោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបង្ហាញពីមោទន ភាព ដែលក្រុមកីឡារាំកម្ពុជាប្រឹងប្រែងអស់ពីសមត្ថភាព។
លោកស្រី ហង់ ស៊ីមន គូសបញ្ជាក់ក្រោយបញ្ចប់ការប្រកួតថ្ងៃទី១នេះថា បើទោះបីជាក្រុមកីឡារាំកម្ពុជាមិនអាចទទួលបានមេដាយ ស៊ីហ្គេម នៅវៀតណាមនេះក្តី ក៏លោកស្រីបានមើលឃើញពីការខិតខំប្រឹងប្រែង អស់ពីលទ្ធភាពរបស់ក្រុមកីឡាករ កីឡាការិនីទាំងពីគូកម្ពុជា។ លោកស្រីជឿជាក់ថា តាមរយៈការបញ្ចេញអស់ពីសមត្ថភាពនេះ ក្រុមរាំកម្ពុជានឹងអាចបង្កើនបានកម្រិតសិទ្ធផលល្អៗឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។
«ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធកីឡារាំកម្ពុជា ខ្ញុំមានសេក្តីត្រេកអរចំពោះ ការខិតខំអស់ពីលទ្ធភាពរបស់ក្រុមរាំងកម្ពុជា។ នេះជាលើកទី២ របស់ប្រភេទកីឡារាំកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម រៀងរាល់២ឆ្នាំម្តងនេះ។ ជារួមបច្ចេកទេសរបស់ក្រុមរាំកម្ពុជាទាំងពីរគូមានការរីកចម្រើនជាងមុនៗ»។ នេះជាការបន្ថែមរបស់អគ្គលេខាធិការកីឡារាំ។
ជាមួយគ្នានោះ លោកស្រីក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ការលើកទឹកចិត្តខ្ពស់ជូនដល់ក្រុមអត្តពលិកកម្ពុជាទាំងអស់ ក្នុងការបំពេញបេសកកម្មជូនជាតិ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។
គួរបញ្ជាក់ថា កីឡាករ សេង សុគីម និងកីឡាការិនី ម៉ូវ ដានីតា បានចាប់ដៃគូគ្នាប្រកួតលើវិញ្ញាសា Latin Dance ចង្វាក់ Ramba, Paso Doble និងJive ខណៈកីឡាករ ជុំ លីហៀង និងកីឡាការិនី ឱ រក្សា ប្រកួតលើវិញ្ញាសា Latin Dance ចង្វាក់ Samba, cha cha cha, និង 5 Dances grade A។ ក្រុមជម្រើសជាតិរាំ នៅសល់១វិញ្ញាសាទៀត លើវិញ្ញាសា standard Dance នាល្ងាចថ្ងៃទី១៦ ខែឧសភានេះ ដែលនឹងចូលរួមដោយកីឡាករ ភុន ស៊ីវត្រា និងកីឡាការិនី សាន រ៉ូហ្សា, កីឡាករ ជុំ ភូណាន់ និងកីឡាការិនី ហ៊ាន លក្ម្សី ដោយត្រូវប្រកួតលើ៤វិញ្ញាសា ក្នុងចំណោម៦វិញ្ញាសា ដែលម្ចាស់ផ្ទះ វៀតណាមបានរៀបចំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។