លោកជំទាវ ឱ វណ្ណឌី​ន ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព គឺជា​អាវុធ​ដ៏​ស្ងៀមស្ងាត់ ដែល​អាច​សម្លាប់​មនុស្ស​បាន​!

​នា​ព្រឹក​ថ្ងៃ​ចន្ទ ១​រោច ខែ​ពិសាខ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២២ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខាសាលា ស្តីពី​ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព នៅ​សណ្ឋាគារ​រ៉ក់​រ៉ូយ៉ាល់ ខេត្ត​កែប ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ពង្រឹងសមត្ថភាព មន្ត្រី​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ​ក្នុងការ​បង្ការ ទប់ស្កាត់ ស្រាវជ្រាវ និង​ចាត់វិធានការ​ផ្លូវច្បាប់​ការប្រយុទ្ធប្រឆាំង​ឱសថ ក្លែងក្លាយ និង​អន់​គុណភាព​។​

​សិក្ខាសាលា​នេះ​មានការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ និង​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល ព្រមទាំង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ដូចជា អង្គការ​សុខភាព​ពិភពលោក អង្គការ United State Pharmacopoeia-Regulatory Laboratory Capacity Strengthening Program (USP-RLCSP) និង Interpol ដោយមាន​ការចូលរួម​ពី​មន្ត្រី​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ​នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង និង​មន្ត្រី​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ​នៃ​មន្ទីរ​សុខាភិបាល រាជធានី​-​ខេត្ត​ចំនួន​១៣ (​រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ត្បូងឃ្មុំ កណ្តាល កោះកុង ក្រចេះ មណ្ឌលគិរី និង​កែប​)​។​

​ក្នុងឱកាស​បើក​សិក្ខាសាលា លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​លើកឡើងថា ឱសថ​គឺជា​ផ្នែក​មួយ​ចាំបាច់​មិនអាច​ខ្វះ​បាន​សម្រាប់​វិស័យ​សុខាភិបាល ក្នុងការ​បង្ការ ថែទាំ និង​ព្យាបាល​សុខភាព​ប្រជាជន​គ្រប់រូប​។ ប៉ុន្តែ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព គឺជា​អាវុធ​ដ៏​ស្ងៀមស្ងាត់ ដែល​អាច​សម្លាប់​មនុស្ស​បាន ព្រោះ​គុណភាព​ឱសថ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​គុណភាព​នៃ​ការព្យាបាល​ផងដែរ ប្រសិនបើ ឱសថ​មានគុណ​ភាពមិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ទេនោះ គុណភាព​នៃ​ការព្យាបាល មិនអាច​ទទួលបាន​ជោគជ័យ​ឡើយ ទោះបីជា​គ្រូពេទ្យ​នោះ​មាន​ជំនាញ​យ៉ាងណាក៏ដោយ ហើយ​វា​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ខ្ពស់​ដល់​សុខភាព សុវត្ថិភាព​សង្គម និង​ធ្វើឱ្យ​រាំងស្ទះ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ​។​

​ក្នុង​បរិបទ​បច្ចុប្បន្ននេះ ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ជា​បញ្ហា​សុខភាព​សាធារណៈ​រួមទាំង​នៅក្នុង​តំបន់ និង​នៅ​ទូទាំង​ពិភពលោក​។ ដោយឡែក​បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល​សង្កេត​ឃើញ​មានការ​ផ្សព្វផ្សាយ​លក់​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ ដែលជា​បញ្ហា​មួយ​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​ផលប៉ះពាល់​សុខភាព ព្រោះ​ក្នុងចំណោម​ឱសថ​ទាំងនោះ មាន​មួយចំនួន​ជា​ឱសថ​គ្មាន​ប្រភព​ច្បាស់លាស់ មិនមាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល ហើយ​អាចជា​ឱសថ​ក្លែងក្លាយ ឬ​អន់​គុណភាព​ផងដែរ​។​

​ដើម្បី​ចូលរួម​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ក្រសួងសុខាភិបាល បានដាក់​ចេញ​នូវ​យន្តការ​គ្រប់គ្រង ត្រួតពិនិត្យ​ឱសថ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ដូចជា​៖
− តម្រូវឱ្យ​ចុះ​ទិដ្ឋាការ បញ្ជិកា​ផលិតផល​ឱសថ អនុលោម​តាម​បទដ្ឋាន​បច្ចេកទេស​មុនពេល​អនុញ្ញាតឱ្យ​ផលិតផល​ទាំងនេះ​ដាក់លក់​លើ​ទីផ្សារ និង​ការអប់រំ​ណែនាំ​ដល់​សាធារណជន​មិនឱ្យ​ប្រើប្រាស់​ឱសថ​ដែល​គ្មាន​លេខ​ទិដ្ឋាការ ឬ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល​។​
− ចុះ​ត្រួតពិនិត្យ​តាមដាន និង​ស្រាវជ្រាវ​ជាប្រចាំ​នូវ​ឱសថ​ដែល​បាន​ចែកចាយ និង​លក់​នៅលើ​ទីផ្សារ​។​
− ចាត់វិធានការ​តាមផ្លូវ​ច្បាប់​នានា​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្នែក​ឱសថ និង​គ្រឿ​សម្អាង​។​

​ក្រសួងសុខាភិបាល សូម​ធ្វើការ​អំពាវនាវ​ដល់​គ្រប់​គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ត្រូវ​លក់​តែ​ឱសថ​ណា​ដែលមាន​លេខ​ទិដ្ឋាការ ឬ​បញ្ជិកា ពី​ក្រសួងសុខាភិបាល​។ ចំណែកឯ​ប្រជាពលរដ្ឋ​ត្រូវ​បញ្ឈប់​ការទិញ​ឱសថ ផលិតផល​បំប៉ន​សុខភាព តាម​ប្រព័ន្ធ​អន​ឡាញ ហើយ​ត្រូវ​ទិញ​ផលិតផល​ទាំងនេះ​តែ​ពី ឱសថស្ថាន​ស្របច្បាប់ ដោយ​ត្រូវ​ពិនិត្យមើល​នូវ​លតាប័ត្រ​ទិដ្ឋាការ ឬ​បញ្ជិកា នៅលើ​សំបក​វេច​ខ្ចប់​ឱសថ ដូច​មាន​ទំរង់​នៅក្នុង​សេចក្តី​ជូន​ព័ត៌មាន​ជា​ហូរហែ​កន្លងមក​របស់​ក្រសួងសុខាភិបាល​។ ម្យ៉ាងទៀត ក្រសួងសុខាភិបាល សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​ជំងឺ ឬ​បញ្ហា​សុខភាព​ផ្សេងៗ ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែលមាន​ជំនាញ​ត្រឹមត្រូវ ដើម្បី​ទទួលបាន វេជ្ជបញ្ជា​សម្រាប់​តម្រូវ​ការទិញ​ឱសថ​ប្រើប្រាស់ ដោយ​មិនត្រូវ​ប្រើប្រាស់​ឱសថ​ដោយ​គ្មាន​វេជ្ជបញ្ជា​ឡើយ សំដៅ​បង្ការ​កុំឱ្យ​កើតមាន​ភាពស៊ាំ​របស់​មេ​រោគ​ទៅនឹង​ឱសថ ក៏ដូចជា​គ្រោះថ្នាក់​ជាយថាហេតុ​នានា ដែល​កើតឡើង​ដោយ​ការប្រើប្រាស់​ឱសថ​មិន​ត្រឹមត្រូវ​ផងដែរ​។​

​ក្រសួងសុខាភិបាល ស​ង្ឈឹ​ម​ថា ប្រជាពលរដ្ឋ អាជ្ញាធរ​ពាក់ព័ន្ធ និង​ដៃគូ​ទាំងអស់​នឹងចូលរួម ជាមួយ​ក្រសួងសុខាភិបាល ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ទាំងអស់គ្នា សំដៅ​លើក​កំពស់ សុខុមាលភាព​សាធារណៈ ក៏ដូចជា​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close