កម្ពុជាសង្ឃឹមថាអាមេរិកនឹងបន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ជាថ្មីឡើងវិញ

កម្ពុជាសង្ឃឹម​ថាអាម៉េរិក​នឹងបន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP)សាជាថ្មីម្ដងទៀត ក្រោយពី​អស់សុពលភាពរយៈពេល​២ឆ្នាំ​​ ពោលគឺតាំងពីថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០២០កន្លងមក​។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​បង្ហាញក្ដី​សង្ឃឹម​នេះ​ ក្នុងជំនួប​ជាមួយ ​ឯកឧត្តម អេនតូនី​ ប្លីងខេន​ ​រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក នៅក្នុង​​កិច្ចប្រជុំ​កំពូលពិសេស អាស៊ាន-អាម៉េរិក កាលពីថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន​។

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងអាមេរិក សុទ្ធតែបានកត់សម្គាល់ដូចគ្នាថា កម្ពុជា និងសហរដ្ឋអាម៉េរិក គឺមានកិច្ចសហប្រតិបត្តិការល្អលើវិស័យជាច្រើន ដូចជាការកើនឡើងនូវការផ្លាស់ប្ដូរខាងផ្នែកសេដ្ឋកិច្ច សុខាភិបាល អប់រំ ការបោសសំអាតមីន ការប្រឆាំងអំពើភេរវកម្ម ការរក្សាសន្តិភាព ការការពារបេតិកភណ្ឌវប្បធម៌ ការរុករកអដ្ឋិធាតុទាហានដែលបានបាត់ខ្លួនក្នុងសង្រ្គាម និងឈ្លើយសឹកអាម៉េរិក និងការផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន។ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានលើកឡើងថា ពាណិជ្ជកម្មគឺជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការវិជ្ជមានដ៏ល្អប្រសើរបំផុតរវាងប្រទេសទាំងពីរ។

ដោយមើលឃើញពីចំណុចទាំង​នេះហើយ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងនៅមុខឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកដោយមានក្ដីសង្ឃឹមថា ​អាម៉េរិក​នឹងបន្ត​ផ្តល់ប្រព័ន្ឋអនុគ្រោះពន្ធទូទៅ ដែលហៅ​​កាត់ជាភាសាអង់គ្លេសថា GSP (Generalized System of Preferences)សម្រាប់កម្ពុជា ជាថ្មីឡើងវិញ ដើម្បីគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកម្មករកម្ពុជានៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងដែលភាគច្រើនជាស្ត្រី។

​ឯកឧត្តម​ អេនតូនី ​ប្លីងខេន​​ បានលើកឡើងថា សហរដ្ឋអាម៉េរិកនឹងនៅតែគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍរបស់​កម្ពុជា និងធ្វើការយ៉ាងសកម្មជាមួយកម្ពុជាជាបន្តទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការខាងផ្នែកនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីការបរទេសកម្ពុជា បាន​ឆ្លើយតបទៅនឹង​ក្ដីបារម្ភរបស់សហរដ្ឋអាម៉េរិកពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញការប្តេជ្ញាចិត្ត​របស់រាជរដ្ឋាភិបាលកម្ពុជា​ ចំពោះដំណើរការនយោបាយ​ប្រកបដោយបរិយាបន្ន និងសេរីភាពនៃការបញ្ចេញមតិ។

ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងបន្ថែមថា កម្ពុជាបានបោះឆ្នោតពហុបក្ស ដែលបានធ្វើឡើងជាទៀងទាត់ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ។ ការបោះឆ្នោត គឺត្រូវបានអ្នកសង្កេតការណ៍ក្នុងស្រុក និងក្រៅស្រុកវាយតម្លៃថា​មានលក្ខណៈសេរី និងយុត្តិធម៌ និងមានគ្រឹះស្ថានប្រព័ន្ធផ្សព្វផ្សាយចំនួនរាប់រយកន្លែង ហើយមានបណ្តាញផ្សព្វផ្សាយសង្គមយ៉ាងទូលំទូលាយ ក៏ដូចជាមានប្រតិបត្តិការសហជីពសម្រាប់ការពារសិទ្ធិកម្មករ និងអង្គការមិន​មែន​រដ្ឋាភិបាល និងសង្គមស៊ីវិលរាប់ពាន់ ដើម្បីលើកកម្ពស់សិទ្ធិ​ និងសុខុមាលភាពរបស់ប្រជាជន។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីការបរទេសកម្ពុជា បានស្នើឱ្យសហរដ្ឋអាម៉េរិក​ពិចារណាឡើងវិញ លើការដាក់កំហិតទិដ្ឋាការដោយអយុត្តិធម៌ ទាក់ទងនឹងបញ្ហាមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ-អាម៉េរិក ដោយធានាដល់សមភាគីអាម៉េរិកអំពីកិច្ចសហប្រតិបត្តិការពេញលេញរបស់កម្ពុជាលើដំណើរការនេះ។

សូមរំលឹកថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាម៉េរិក(GSP) បានអស់សុពលភាពតាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០មក។ ការអស់ពលភាព GSP នេះ​ គឺស្របពេលដែលកម្ពុជា បានបាត់បង់ការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបចំនួន២០ភាគរយ។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)បានបញ្ជាក់ថា ក្នុងរយៈពេលនៃការអស់សុពលភាពប្រព័ន្ធអនុគ្រោះពន្ធ GSP រាល់ទំនិញដែលប្រទេសកម្ពុជា និងដែនដីទាំង១១៩ នាំចូលទៅអាម៉េរិក នឹងត្រូវជាប់អត្រាពន្ធនៃប្រទេសដែលទទួលបានការអនុគ្រោះបំផុត(The-Most-Favoured-Nations, MFN)។

GSP ជាប្រភេទប្រព័ន្ធអនុគ្រោះពន្ធ ដែលអនុញ្ញាតឱ្យ​ប្រទេសជិត២០០ប្រទេស អាចនាំចូលទំនិញជិត​១៥០០ប្រភេទ​ទៅអាម៉េរិកដោយមិនបង់ពន្ធឡើយ​។ កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាម៉េរិកតាំងឆ្នាំ១៩៩៧មក ដោយអនុញ្ញាតឱ្យកម្ពុជា​ អាចនាំចូលទំនិញរាប់រយមុខ ប៉ុន្តែកម្ពុជា ​គឺមានលទ្ធភាពអាចនាំចេញ​ទំនិញ​ទៅទីផ្សារអាម៉េរិក​ ​ដូចជា កាបូប និងវ៉ាលីប៉ុណ្ណោះ​។

គូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាអាមេរិកក្នុងត្រីមាសទី១ឆ្នាំ២០២២ គឺសម្រេចបានទំហំជាង២,៩ពាន់លានដុល្លារ ដែលកើនឡើងចំនួន៤៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២១។ នៅក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានចំនួន៧,៨ប៊ីលានដុល្លារ កើនឡើងប្រមាណ៤២ភាគយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close