អ្នកដឹកនាំក្រុមកីឡាចំបាប់កម្ពុជា ប្តេជ្ញាដណ្តើមមេដាយឲ្យបាន៤គ្រឿង ក្នុងស៊ីហ្គេមវៀតណាម
លោក ខេស៊ី បាណេត (Casey Barnett) នាយកវិទ្យាស្ថាន ខេមអេដ (CamEd Business School) និងជាអនុប្រធានកីឡាចំបាប់កម្ពុជា ទទួលបន្ទុកប្រធានដឹកនាំក្រុមកីឡាចំបាប់កម្ពុជាបានដឹកនាំកីឡាករ១១នាក់ និងកីឡាការិនី៤នាក់ សរុប១៦នាក់មកដល់ប្រទេសវៀតណាមហើយៗកំពុងហ្វឹកហាត់ត្រៀមការប្រកួត នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដើម្បីចូលរួមប្រកួតប្រជែងមេដាយជូនជាតិយ៉ាងហោចណាស់ឲ្យបាន៤គ្រឿង ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
លោក Casey Barnett បានដឹកនាំគ្រូបង្វឹក២រូប គឺលោក កាង ដែនពិសិដ្ឋ និងគ្រូបង្វឹកជនជាតិអ៊ីរ៉ង់ លោក Komeil Ghasemi ដែលជាម្ចាស់មេដាយមាសអូឡាំពិកហ្គេម ឆ្នាំ២០១២ និងប្រធានគ្រូបង្វឹកផ្នែកនារី លោកស្រី ចូវ សុធារ៉ា ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៣ និងអត្តពលិកកីឡាចំបាប់អូឡាំពិក ឆ្នាំ២០១៦។ អត្តពលិកកីឡាចំបាប់ចំនួន ១៥រូបបានចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ គឺកីឡាករ៦នាក់ ត្រូវប្រកួតលើវិញ្ញាសាចំបាប់ Greco-Roman, កីឡាករ៥នាក់ ក្នុងប្រភេទកីឡាចំបាប់សេរី និងកីឡាការិនី៤នាក់ នឹងត្រូវប្រកួតលើវិញ្ញាសា សេរីនារី។
«ក្នុងការរៀបចំសម្រាប់ស៊ីហ្គេម យើងបានបញ្ជូនអ្នកចំបាប់សេរីបុរសរបស់យើងទៅប្រទេសអ៊ីរ៉ង់ ដើម្បីហ្វឹកហាត់រយៈពេល៣ខែកន្លះ ហើយយើងបានបញ្ជូនអ្នកចំបាប់ក្រិក-រ៉ូម៉ាំង ២នាក់ទៅកូរ៉េខាងត្បូង ដើម្បីហ្វឹកហាត់រយៈពេលជាង ៣ខែ។ យើងទទួលបានបង្ហាត់បង្រៀនពីគ្រូបង្វឹកជាម្ចាស់មេដាយមាសអូឡាំពិក លោក Komeil Ghasemi ។ អ្នកចំបាប់របស់យើងទាំងអស់មានសុខភាពល្អ និងត្រៀមខ្លួនជាស្រេច»។ លោក Casey Barnett បានបន្ថែម។
ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃស្អែកនៅកីឡដ្ឋាន Gia Lam ក្នុងទីក្រុងហាណូយ ដោយនឹងបញ្ចប់ការប្រកួតប្រកួត និងប្រកាសលទ្ធផលបំពាក់មេដាយជារៀងរាល់ថ្ងៃ នៅវេលាម៉ោង ៤:០០រសៀល។
ថ្ងៃអង្គារ ទី១៧ ឧសភា នឹងប្រកួតលើវិញ្ញាសា ចំបាប់ក្រិក-រ៉ូម៉ាំង (បុរស), ថ្ងៃពុធ ទី១៨ ឧសភា ចំបាប់ស្ត្រី និងថ្ងៃព្រហស្បតិ៍ ទី១៩ ឧសភា៖ ចំបាប់សេរី (បុរស)។ «ស្អែកនេះយើងមានអ្នកចំបាប់៣នាក់មកពី វិហារសួគ៌ ខេត្តកណ្តាល និងអ្នកចំបាប់មកពីភ្នំពេញម្នាក់ចូលរួមប្រកួត ដែលពួកគេទាំងអស់សុទ្ធតែជាអត្តពលិកដែលមានសក្តានុពល ដែលជាក្តីសង្ឃឹមដ៏ខ្ពស់ ក្នុងការប្រជែងមេដាយជូនជាតិ ជាប្រវត្តិសាស្ត្រ»។
គួររំឭកថា យ៉ុន ប៊ុណ្ណា, អេង សុផានិត, និង ដន សៅ សុទ្ធតែធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធពីស៊ីហ្គេមឆ្នាំ ២០១៩ នៅហ្វីលីពីន។ ឌន សៅ រកបានមេដាយមាស ក្នុងឆ្នាំ២០១៣ ក្នុងស៊ីហ្គេមមីយ៉ាន់ម៉ា។ ឌន សៅ នឹងត្រូវប្រកួតជាមួយកីឡាករ Jason Balabal មកពីហ្វីលីពីន ដែលគាត់បានចាញ់ត្រឹមមួយពិន្ទុក្នុងឆ្នាំ២០១៩។ កីឡាករ ងួន មករា មកពីរាជធានីភ្នំពេញមានភាពល្អប្រសើរឡើងច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។