កីឡាយានយន្តឆ្លងកាត់ឧបសគ្គ ភ្នំពេញ-កំពត បញ្ចប់ដោយផ្លែផ្កា
ការប្រកួតកីឡាយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid Practice 2022 រយៈពេល២ថ្ងៃពីរាជធានីភ្នំពេញ និងខេត្តកំពតបានបញ្ចប់ជាផ្លែផ្កា ដោយអត្តពលិកជាតិ និងអន្តរជាតិ លើកសរសើរពីការរៀបចំរបស់ក្រុមការងារ KARA កម្ពុជា។
លោក សុំ មនោរម្យ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ KARA កម្ពុជា ជាពិសេស លោក ហូ សិទ្ធីគុណ ជាស្ថាបនិក KARA ដែលបានផ្តួចផ្តើម គៀគរស្វែងរកដៃគូឯកជនសហការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាយានយន្ត នៅកម្ពុជា ជាមួយនឹងការផ្តល់ឱកាសឲ្យកីឡាករជំនាញប្រកួតកម្តៅសាច់ដុំ និងអ្នកថ្មីចេះមើលសៀវភៅបង្ហាញផ្លូវ និង Rally Meters ជាពិសេសឲ្យយុវជនបានរៀនពីការរៀបចំកម្មវិធីប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គកម្រិតជាតិ និងឈានទៅរៀបចំកម្រិតអន្តរជាតិផងដែរ។
តំណាងក្រសួងបរិស្ថានរូបនេះបន្ថែមថា ព្រឹត្តការណ៍នេះក៏បានផ្សព្វផ្សាយតំបន់ទេសចរណ៍ផ្សេងៗ នៅតាមខេត្ត ក៏ដូចជានៅតាមតំបន់អភិរក្សធនធានធម្មជាតិ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ធម្មជាតិ ដែលជាទេសចរណ៍ផ្សារភ្ជាប់ទឹកដី ក្នុងគោលបំណងទាក់ទាញភ្ញៀវជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិឲ្យទៅលេងកម្សាន្ត តំបន់អេកូទេសចរ និងតំបន់អភិរក្សធនធានធម្មជាតិដ៏សម្បូរបែប និងមានសក្តានុពលលើទឹកដីប៉ែកនិរតី នៃប្រទេសកម្ពុជា។
លោក សុំ មនោរម្យ ក៏បានថ្លែងអំណរគុណដល់យុវជន ស.ស.យ.ករាជធានីភ្នំពេញ ដែលបានចូលរួមជួយសម្របសម្រួលរៀបចំការប្រកួតនេះ និងវិស័យឯកជនដែលតែងតែគាំទ្រឧបត្តម្ភឲ្យព្រឹត្តិការណ៍នេះដំណើរការទៅទទួលបានជោគជ័យ។
ដោយឡែកតំណាងយុវជនស.ស.យ.ករាជធានីភ្នំពេញបានឲ្យដឹងថា ការចូលរួមជាក្រុមការងារ KARA គឺជាចំណែកមួយជួយផ្សព្វផ្សាយកីឡាយានយន្ត និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា និងជាបទពិសោធន៍ថ្មីមួយផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ (KHMER RALLY RAID PRACTICE) ឆ្នាំ២០២២ ត្រូវបានរៀបចំឡើងដោយភ្នាក់ងារ KARA កម្ពុជា គាំទ្រដោយក្រសួងបរិស្ថាន សហពភាពសហព័ន្ធយុវជនកម្ពុជា និងសហព័ន្ធកីឡាយានយន្តកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។