លោកស្រី ឱ វណ្ណឌីន ជួបពិភាក្សាការងារជាមួយនាយកគម្រោង City Cancer Challenge ស្វែងយល់ពីការថែទាំជំងឺមហារីកនៅកម្ពុជា
កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នេះ ងជាប្រធាន គ.វ.ក-១៩ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី វេជ្ជបណ្ឌិត Susan Henshall, Chief Executive Officer City Cancer Challenge Foundation (C/Can) និងសហការី នាទីស្តីការក្រសួងសុខាភិបាល។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ ព្រមទាំងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ និងជោគជ័យក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងពេលកន្លងមករហូតកម្ពុជាអាចសម្រេចបានគោលដៅបើកប្រទេសឡើងវិញយ៉ាងឆាប់រហ័សសម្រាប់ការអភិវឌ្ឍន៍ប្រទេសឡើងវិញ។
គណៈប្រតិភូបានថ្លែងអបអរសាទរ និងកោតសរសើរនូវការខិតខំជាបន្តបន្ទាប់និងជាប្រចាំរបស់ក្រសួងសុខាភិបាលក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩រហូតឈានទៅការបើកប្រទេសឡើងវិញលើគ្រប់វិស័យ។ គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចសិក្សានាពេលនេះគឺដើម្បីស្វែងយល់អំពីការថែទាំជំងឺមហារីកនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា រាជធានីភ្នំពេញត្រូវបានជ្រើសរើសជាបេក្ខភាពសម្រាប់គម្រោង City Cancer Challenge។ គណៈប្រតិភូនឹងអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់អំពី ហេដ្ឋារចនាសម្ព័ន្ធសម្ភារបរិក្ខារវេជ្ជសាស្ត្រ សមត្ថភាពធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងថែទាំជំងឺមហារីកនៅតាមមន្ទីរពេទ្យជាតិមួយចំនួននៅរាជធានីភ្នំពេញ។
លោកជំទាវបានលើកទឹកចិត្ត និងស្នើសុំភាគីដៃគូពិនិត្យលទ្ធភាពរួមបញ្ចូល Digital Health និងគម្រោង PHC Booster ដើម្បីឈានទៅគ្របដណ្តប់សេវាសុខភាពជាសាកល។ លោកស្រីវេជ្ជបណ្ឌិតប្រធានគណៈប្រតិភូបានបញ្ជាក់ថាសកម្មភាពនានានៃគម្រោងគឺនឹងត្រូវអនុវត្តស្របតាមផែនការយុទ្ធសាស្ត្រជាតិសុខាភិបាល សកម្មភាពជាអាទិភាព និងតម្រូវការជាក់ស្តែងនៃផ្នែកជំងឺមហារីកនៅកម្ពុជា។ លោកជំទាវរដ្ឋលេខាធិការ បានស្នេីឱ្យមានការពិភាក្សាបច្ចេកទេសបន្ថែមទៀតជាមួយនាយកដ្ឋានការពារសុខភាព និងលេីកជាចំណុចសំខាន់ៗសម្រាប់គម្រោងការសហការ ឈានទៅរកការធ្វេីអនុស្សរណ:យោគយល់គ្នាទៅវិញទៅមកផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។