រលក​កំដៅ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​យ៉ាងខ្លាំង នៅ​ប្រទេស​ឥណ្ឌា​

​ឥណ្ឌា​បាន​ហាមឃាត់​ការនាំចេញ​ស្រូវ​សាលី ដោយសារ​រលក​កំដៅ​ដ៏​ក្តៅគគុក​បាន​កាត់បន្ថយ​ទិន្នផល ហើយ​តម្លៃ​ក្នុងស្រុក​បាន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​។​

​រដ្ឋាភិបាល​ឥណ្ឌា​នឹង​នៅតែ​អនុញ្ញាតឱ្យ​នាំចេញ​ដដែល​សម្រាប់​ក្រុមហ៊ុន​ដែលមាន​លិខិតឥណទាន​ដែល​បានចេញ​រួចហើយ និង​សម្រាប់​ការនាំចេញ​ទៅកាន់​ប្រទេស​ដែល​ស្នើសុំ​ការផ្គត់ផ្គង់ «​ដើម្បី​បំពេញតម្រូវការ​សន្តិសុខ​ស្បៀង​របស់​ពួកគេ​»​។​

​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ឥណ្ឌា ខណៈដែល​បាន​ថ្លែង​ទៅកាន់​សន្និសីទ​សារព័ត៌មាន​មួយ​ថា វិធានការ​ហាមឃាត់​ការនាំ​ចេញទៅ​ក្រៅប្រទេស​របស់​ឥណ្ឌា​នេះ​ធ្វើឡើង​មិនជា​រឿង​រហូត​ទេ ហើយ​អាច​ត្រូវបាន​កែប្រែ​ឡើងវិញ​។​

​អ្នកទិញ​នៅ​ទូទាំង​ពិភពលោក កំពុង​ពឹង​ផ្អែកលើ​ការផ្គត់ផ្គង់​ពី​ប្រទេស​ផលិត​ស្រូវ​សាលី​ធំជាងគេ​ទី​ពីរ​របស់​ពិភពលោក​មួយ​នេះ បន្ទាប់ពី​ការនាំ​ចេញពី​តំបន់​សមុទ្រ​ខ្មៅ​បាន​ធ្លាក់ចុះ​បន្ទាប់ពី​ការ​លុកលុយ​របស់​រុស្ស៊ី​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ មុនពេល​ប្រកាស​អំពី​ការហាមឃាត់​នេះ ឥណ្ឌា​មានបំណង​នាំចេញ​ឱ្យបាន ១០​លាន​តោន​ក្នុងឆ្នាំនេះ​។​
​ក្រុមមន្ត្រី​ទាំងនេះ​បាន​បន្ថែមថា មិនមាន​ការធ្លាក់ចុះ​ទិន្នផល​ស្រូវ​លា​លី​ខ្លាំង​នោះទេ​នៅ​ឆ្នាំនេះ ប៉ុន្តែ​ការនាំចេញ​ដែល​មិនមាន​ការគ្រប់គ្រង​បាន​នាំឱ្យមាន​ការកើនឡើង​តម្លៃ​ក្នុងស្រុក​។​

​ការកើនឡើង​តម្លៃ​អាហារ និង​ថាមពល​បាន​ជំរុញ​ឱ្យ​អតិផរណា​លក់រាយ​ប្រចាំឆ្នាំ​នៅ​ប្រទេស​ឥណ្ឌា​កើនឡើង​ជិត​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​ប្រាំបី​ឆ្នាំ​ក្នុង​ខែមេសា​។ តម្លៃ​ស្រូវ​សាលី​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​។ តម្លៃ​ទិញ​លក់​ភ្លាមៗ​ក្នុង​ទីផ្សារ​មួយចំនួន​បាន​កើនឡើង​ដល់ ២៥ ០០០​រូពី (៣២០​ដុល្លារ​) ក្នុង​មួយ​តោន ដែល​ខ្ពស់ជាង​តម្លៃ​ដែល​ទទួលបាន​ការគាំទ្រ​អប្បបរមា​ពី​រដ្ឋាភិបាល​ឥណ្ឌា​ដែល​មានតែ ២០ ១៥០​រូពី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close