សហគ្រិន​ក្នុង​វិស័យ​ទេសចរណ៍​ថា គម្រោង​សហ​ហិរញ្ញប្បទាន ១៥០​លាន​ដុល្លារ នឹង​ឱ្យ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ឆាប់​ងើប​ឡើងវិញ

​​ភ្នំពេញ​៖ សហគ្រិន​ក្នុង​វិស័យ​ទេសចរណ៍ បាន​សម្តែង​ការ​សាទរ​ចំពោះ​ការប្រកាស​ដាក់ឱ្យអនុវត្ត​នូវ​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ផ្តល់​លទ្ធភាព ដល់​អ្នក​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ដែលមាន​បញ្ហា​ហិរញ្ញវត្ថុ អាច​ទទួលបាន​កម្ចី សម្រាប់​យកទៅ កែលម្អ និង​ស្តារ​អាជីវកម្ម​របស់ខ្លួន​ឡើងវិញ រង់ចាំ​ទទួលភ្ញៀវ​ទេសចរ បន្ទាប់ពី​ម្ចាស់​អាជីវកម្ម​ជាច្រើន​បាន​ផ្អាក ឬ​បិទ​អាជីវកម្ម​របស់ខ្លួនរ​យៈ​ពេល​២​ឆ្នាំកន្លងមក ដោយ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​។​ ​តែ​យ៉ាងនេះ​ក្តី ពួកគេ បានស្នើ​ឱ្យ​បន្ធូ​បន្ថយ​អត្រា​ការប្រាក់​ឱ្យទាប​ជាង​៦.៥​ភាគរយ និង​លក្ខខណ្ឌ​កម្ចី ដើម្បីឱ្យ​អ្នក​ប្រកប​របរ​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​ទទួលបាន ឥណទាន និង​ផលប្រយោជន៍​ពី​គម្រោង​នេះ​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ នា​រសៀល​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ បានរៀបចំ​កម្មវិធី​ផ្សព្វផ្សាយ «​ការដាក់ឱ្យ​អនុវត្ត​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ » ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឱ្យមាន​សន្ទុះ​ឡើងវិញ ព្រមទាំង​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​ហិរញ្ញប្បទាន​របស់​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យនេះ​។​

គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ​វិស័យ​ទេសចរណ៍​នេះ គឺ​ផ្តោត​សំខាន់​លើ​វិស័យ​ទេសចរណ៍​តែមួយ​ប៉ុណ្ណោះ ដែល​ម្ចាស់​អាជីវកម្ម​ក្នុងនេះ​អាច ស្នើសុំ​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម ដែលជា​ដៃគូ​របស់ SME Bank ក្នុង​អត្រា​ការប្រាក់​សម្បទាន សម្រាប់ ការកែលម្អ និង​ធ្វើ​ទំនើបកម្ម ការពង្រីក​ខ្លួន​បន្ថែម និង​ធ្វើ​ពិពិធ​កម្ម​នៃ​សេវា​ទេសចរណ៍​របស់ខ្លួន ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នៅពេលដែល​វិបត្តិ​ជំងឺ​កូ​វីដ​១៩ បាន​ធូរស្រាល ។

​ឯកឧត្ដម​បណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​ស​ហ​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បានឱ្យដឹងថា គម្រោង​ហ​ហិរញ្ញប្បទាន​នេះ មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ១៥០ លាន​ដុល្លារ ដែល​បានមកពី​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​ចំនួន ៧៥ លាន​ដុល្លារ​តាមរយៈ SME Bank និង​ថវិកាបដិភាគ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម (PFIs) ចំនួន​៧៥​លាន​ដុល្លារ​ដោយ​ផ្តល់​អត្រា​ការប្រាក់​៦.៥​ភាគរយ ក្នុង​មួយឆ្នាំ និង​ខ្ចី​បាន​ខ្ពស់បំផុត​រហូតដល់​៤០​ម៉ឺន​ដុល្លារ ដែល​អាច​ខ្ចី​បាន​រហូតដល់​៧​ឆ្នាំ ហើយ​អ្វីដែល​ពិសេស​នោះ រយៈពេល​អនុគ្រោះ​នៃ​ការសង​ត្រឡប់​ប្រាក់​ដើម មាន​រហូតដល់​១២​ខែ​។​

លោកស្រី ខៃ ចិន្តា អនុប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បាន​ប្រាប់អោយដឹង នៅ​ថ្ងៃទី​១៨ ខែឧសភា​នេះ​ថា ការផ្ដល់​អត្រា​ការប្រាក់ ៦.៥​ភាគរយ ក្នុង​មួយឆ្នាំ និង​ទំហំ​កម្ចី​ខ្ពស់បំផុត​រហូតដល់​៤០​ម៉ឺន​ដុល្លារ​អាម៉េរិក គឺ ជាការ​ប្រាក់ ទាប និង​ពិសេស​បំផុត​សម្រាប់​កាលៈទេសៈ​ដ៏​លំបាក​នេះ ដែល ទំហំ​ថវិកា​នេះ អាចជួយ​ដល់​ម្ចាស់​អាជីវកម្ម​ចំនួន​ច្រើន​មានលទ្ធភាព​ស្ដារ រៀបចំ​កែលំអ​អាជីវ​កម្មបាន​មួយកម្រិត ដើម្បី​រង់ចាំ​ភ្ញៀវទេសចរ​បរទេស​ចូលមក​ទស្សនា​កម្ពុជា​ជា​បណ្ដើរៗ​។ ហើយ​ករណី​ពិសេស​នេះ​ជួយ​ឱ្យ​អ្នក​កម្ចី​មានឱកាស​រកស៊ី​បាន និង​មានលទ្ធភាព​សង​ទាំង​ការ ទាំង​ដើម​ដោយ​ស្រួល​។​

​ម្ចាស់​សណ្ឋាគារ ទែ​រូ នៅ​ខេត្តរតនគិរី និង​សណ្ឋាគារ​សូរិយា​បូរី នៅ​កោះ​ទ្រង់ ខេត្តក្រចេះ រូបនេះ បាន ឱ្យដឹងថា «​ក្នុងនាម​នាង​ខ្ញុំ​ជា​ម្ចាស់​សណ្ឋាគារ​មួយរូប ដែល​រង​ផលប៉ះពាល់ កូ​វីដ ១៩ នេះ​នាង​ខ្ញុំ​មាន​គម្រោង​ស្នើ​កម្ចី​នេះ ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុង​អាជីវកម្ម​។ ព្រោះ​កន្លងមក​មិនទាន់មាន​ធនាគារ​ណាមួយ​ដែល​បើកទូលាយ​ផ្ដល់​ឥណទាន​ដល់​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នៅឡើយ​ទេ​។ ជាមួយគ្នានេះ ដើម្បីឱ្យ​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ងាយស្រួល​ទទួលបាន​កម្ចី​នេះ ។ នាង​ខ្ញុំ​មាន​សំណូមពរ​មួយចំនួន​ដូចជា សូម​ធនាគារ​ផ្ដល់​កម្ចី​ដល់​ម្ចាស់​អាជីវ​កម្មវិស័យ​ទេសចរណ៍​ទូទាំង​២៥​ខេត្ត​ក្រុង​នៅ កម្ពុជា បន្ធូរបន្ថយ​លក្ខខណ្ឌ​កម្ចី​មួយចំនួន ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​អាជីវកម្ម​ខ្នាតតូច​អាច​ទទួលបាន​កម្ចី​។ បើ​អាចធ្វើ​ទៅបាន គួរ​កុំ​តម្រូវ​ឲ្យ​ដាក់​មានទ្រព្យ​បញ្ចាំ ហើយ​បើ​តម្រូវ​ឲ្យ​បញ្ចាំ​គួរ​ទទួលយក​ប្លង់​ទន់​ផងដែរ​»​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​ថ្លែងថា សណ្ឋាគារ និង​ភោជនីយដ្ឋាន​មួយចំនួន ព្រមទាំង​ក្រុមហ៊ុន​ទេសចរណ៍​ជាច្រើន ដែល​បាន​បិទទ្វារ​បណ្តោះអាសន្ន​ដោយសារ​រង​ផលប៉ះពាល់​ពី​វិ​វ​ប​ត្តិ​កូ​វីដ​១៩ ដែល​ត្រៀមខ្លួន​បើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ មាន​តម្រូវការ​ទុនវិនិយោគ​ធំ សម្រាប់​រៀបចំ​អាជីវកម្ម​របស់​ពួកគេ​ឱ្យ​ដូចដើម​វិញ​។ តាមរយៈ​គម្រោង​ហ​ហិរញ្ញប្បទាន​នេះ មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន ១៥០​លាន​ដុល្លារ​នេះ នឹង​ជួយ​សម្រួល​យ៉ាងច្រើន​ដល់​ម្ចាស់​អាជីវកម្ម​ទាំងនោះ​។​

​តែ​យ៉ាងណាមិញ លោក​ស្នើឱ្យ​រាជរដ្ឋាភិបាល ពិចារណា​ក្នុងការ​កាត់បន្ថយ​អត្រា​ការប្រាក់​ឱ្យទាប​ជាង​៦.៥​ភាគរយ និង​រយៈពេល​នៃ​ការសង​ត្រឡប់​យ៉ាងហោចណាស់​ពី​១០​ទៅ​១៥​ឆ្នាំ​។ ជាងនេះទៅទៀត​នោះ លោក​ចង់ឱ្យ​ធនាគារ​ដែល​ផ្តល់​កម្ចី​តាមរយៈ​គម្រោង​នេះ បន្ធូ​បន្ថយ​ទ្រព្យ​បញ្ចាំ និង​របាយការណ៍​ហិរញ្ញវត្ថុ ព្រោះ​ក្នុង​រយៈពេល​២​ឆ្នាំនេះ អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ស្ទើរតែ​មិន​ទទួលបាន​ចំណូល​នោះទេ ដើម្បីឱ្យ​អ្នក​ប្រកប​របរ​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​ទទួលបាន​ថវិកា និង​ផលប្រយោជន៍​ពី​គម្រោង​នេះ​។​

​លោក​បន្ថែមថា «​ចំពោះ​ការប្រាក់​៦.៥​ភាគរយ​ក្នុង​មួយឆ្នាំ សម្រាប់​ខ្ញុំ​បើ​យើង​ធៀប​ជាមួយ​ធនាគារពាណិជ្ជ​ដទៃទៀត ខ្ញុំ​គិតថា​ប្រហាក់ប្រហែល និង​ក្រោម​តែ​បន្តិចបន្តួច​(០.៥%)​ប៉ុណ្ណោះ ប៉ុន្តែ​បើសិនជា​រដ្ឋាភិបាល​អាច​ពិចារណា​ដំបូងៗ​នេះ អាច​ថា​ការប្រាក់​រវាង​ពី​៣​ទៅ​៥​ភាគរយ​នោះ គឺជា​ការល្អ​មែនទែន​។ ដូចគ្នា​នឹង​រយៈពេល​ដែរ បើសិនជា​រដ្ឋាភិបាល​អាច​ពិចារណា​ក្នុង​រយៈពេល​វែង​បាន ព្រោះ​៧​ឆ្នាំ​តិច​ណាស់ ព្រោះ​យើង​ក៏​មិនទាន់​ដឹងថា​តើ​វា​មាន​អ្វី​កើតឡើង​ក្នុងពេល​ខាងមុខ​ទៀត​ទេ ដូច្នេះ​រដ្ឋាភិបាល​គួរ​ពិចារណា​ឡើងវិញ​ក្នុងការ​ពន្យា​ពេល​ចន្លោះ​ពី​១០​ទៅ​២០​ឆ្នាំ ឬ​ពី​១០​ទៅ​១៥​ឆ្នាំ ខ្ញុំ​គិតថា​អាចជួយ​បាន​ច្រើន​ព្រោះ​គ្នា​ទម្រាំ​តែ​រៀបចំ​សារ​ដើម​ឡើងវិញ​»​។​

​សូមជម្រាបថា មុននឹង​ការមកដល់​នូវ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ វិស័យ​ទេសចរណ៍​នៅក្នុង​ឆ្នាំ ២០១៩ បានផ្តល់​នូវ​ចំណូល​ដុល ដែល​ទទួលបាន​ពី​ភ្ញៀវទេសចរ​អន្តរជាតិ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤ ៩១៩ លាន​ដុល្លារ ដល់​សេដ្ឋកិច្ចកម្ពុជា និង​បានរួម​ចំណែក​ប្រមាណ ៤.៤% នៃ​ផសស ។ ក្នុងអំឡុង​ឆ្នាំ ២០២០ និង ឆ្នាំ​២០២១ វិស័យ​ទេសចរណ៍​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ដោយសារ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​បាន​បណ្តាលឱ្យ​សហគ្រាស​ជាច្រើន​នៅក្នុង​វិស័យនេះ កាត់បន្ថយ ផ្អាក ឬ​បិទ​អាជីវកម្ម​ទាំងស្រុង​តែម្តង ដែលជា​ហេតុនាំឱ្យ​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​បាន​បាត់បង់​ការងារ និង​ប្រាក់ចំណូល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close