រដ្ឋបាល​ខេត្តសៀមរាប រៀបចំ​ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី ១៨ ឧសភា ឆ្នាំ​២០២២​នេះ រដ្ឋបាល​ខេត្តសៀមរាប បានធ្វើ​ការរៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ស្លូតត្រង់ កម្មាភិបាល យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិ ដែល​បាន​បាត់បង់​ជីវិត ដោយ​ភាពអយុត្តិធម៌ ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បាន​ធ្វើឡើង​នៅ បរិវេណ​វត្ត​ទេព​ពោធិ​វង្ស ហៅ​វត្ត​ថ្មី ស្ថិតនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប ដោយ​មានការ​និមន្ត​ព្រះសង្ឃ ចំនូ​ន ៧៣​រូប សូត្រមន្ត បង្សុកូល និង រាប់បាត្រ ដើម្បី​ឧ​ទិ្ទ​ស​មហាកុសល ផល​បុណ្យ​ជូន​ដល់​ប្រជាជន យុទ្ធជន យុទ្ធ​នារី កម្មាភិបាល​អ្នកស្នេហាជាតិ និង បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅ ដោយ​អំពើ​ឃោ​ឃៅ ព្រៃផ្សៃ និង អយុត្តិធម៌ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោកស្រី យូ សុភា អភិបាលរង​ខេត្ត​តំណាង​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​។

​ឯកឧត្តម អ៊ា​ន ឃុន បាន​គូសបញ្ជាក់ថា ពិធី​ទិវា​ជាតិ​នៃ​ការចងចាំ ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២​នេះ គឺជា​សកម្មភាព​ដ៏​មាន​អត្ថន័យ​យ៉ាងពិត​ប្រាកដ ដែល​បាន​ស្តែង​ឲ្យ​ឃើញថា ទោះបីជា​រឿងរ៉ាវ​នេះ​បាន​កន្លងផុត​ក្នុង​អតីតកាល​អស់​ជាង ៤០​ឆ្នាំ​ហើយក៏​ដោយ ប៉ុន្តែ​ជា​រឿង​ឈឺចាប់ និង​ជាម​ហា​សោកនាដកម្ម​ប្រល័យពូជសាសន៍​ជាតិ​ឯង ដែល​ធ្វើ​ឲ្យ​បងប្អូន​ជនរួមជាតិ យើង​ទាំងអស់​ពុំ​អាច​បំភ្លេច​បានឡើយ ហើយ​បាន​ចារ​ទុកជា​សច្ចៈ​ធម៌ ប្រ​វិត្ត​សាស្ត្រ ទោះបី​ជនរួមជាតិ​ជំនាន់​ក្រោយ​ដែល​ពុំបាន​ឆ្លងកាត់​ក៏ដោយ ក៏​ពួកគាត់​នឹងសិក្សា​ស្វែងយល់​ពី​ប្រ​វិត្ត​សាស្ត្រ​ដ៏​មហា​ជូរចត់​នោះ​។
​មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រ​វិត្ត​សាស្ត្រ​នេះ​ក៏ត្រូវ​បាននិងកំពុង​ទ​ទួល​ស្គាល់​ពាសពេញ​ពិភពលោក​តាមរយៈ​ការនាំយក​មេដឹកនាំ​នៃ​របប​ខ្មែរក្រហម មក​កាត់ទោស​នៅ​អង្គ​ជំនុំ​ជំ​រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដើម្បី​ជំនុំ​ជំ​រះ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្តឡើង​ក្នុង​រយៈកាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍​ដែល​យើង​អាច​និយាយបានថា ការទទួលស្គាល់​នេះ​ការ​ជំនុំ​ជំ​រះ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ផ្តល់នូវ​ភាពត្រឹមត្រូវ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា សង្គមជាតិ​កម្ពុជា និង​ការផ្សះផ្សា​បួស​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ជូន​ជនរួមជាតិ ដែល​បាន​រងគ្រោះ​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នោះ​។​

​នៅ​ចំពោះមុខ​ចេតិយ​គំនរ​អដ្ឋិធាតុ​នៃ​ជនរួមជាតិ​នាឱកាស​នោះ ឯកឧត្តម​ក៏បាន​ធ្វើការ​បេ្ត​ជ្ញា​ចិត្ត​យ៉ាង​មោះមុត ដោយបាន​គាំទ្រ​ជំហរ​ដ៏​រឹងមាំ​របស់​រាជរដ្ឋាភិបាល ឥស្សរជន និង​អង្គការ​នានា​ទាំង​នៅក្នុង​ប្រទេស និង​នៅ​ជុំវិញ​ពិភពលោក​ដែល​បាន​ខិតខំ​អស់​ពិ​កម្លាំងកាយ​ចិត្ត ពុំ​គិតការ​នឿយហត់​ជាង ៤០​ឆ្នាំកន្លងមក ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាជន​កម្ពុជា និង​ឈានទៅ​សម្រេច​ជោគជ័យ​ជា​ស្ថាពរ ដោយ​ធានាបាន​នូវ​សន្តិភាព ការបង្រួបបង្រួម​ជាតិ​អធិបតេយ្យភាព និង​ការអភិវឌ្ឍ ។
​ខិតខំ​ពង្រឹង​ធ្លុង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ជាតិ​ទាំងមូល​ឲ​បាន​រឹងមាំ​ប្រកបដោយ​ចីរភាព និង ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​៤ និង​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​យើងទាំងអស់គ្នា និង រួមគ្នា​ការពារ​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ ជាពិសេស​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ឲ​បានល្អ​ប្រសើរ និង ការពារ​ដាច់ខាត​នូវ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ពង្រឹង​ខឿន​ការពារជាតិ​របស់​ប្រជាជន​ឲ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ថែមទៀត ។

​ឯកឧត្តម​បាន​ឧទ្ទិស​នូវ​ថ្ងៃ​ទិវា​ជាតិ​នៃ​ការចងចាំ​២០​ឧសភា​នេះ ឲ្យ​ប្រែក្លាយ​ទៅជា​ការ​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ សំដៅ​ទៅរក​ការកាត់បន្ថយ​នូវ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា ព្រមទាំង​បាន​អំពាវនាវ​ដល់​សមាជិក សមាជិកា និង​ជនរួមជាតិ​ទូទាំង​ខេត្តសៀមរាប សូម​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​រដ្ឋបាល​ដែល​កំពុង​ដឹកនាំ ដោយ​គណបក្ស​ប្រជាជន កម្ពុជា មានលទ្ធភាព​បន្ត​ការអភិវឌ្ឍ​ប្រទេសជាតិ ក៏ដូចជា​ខេត្តសៀមរាប​យើង​ឲ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close