សម្តេចតេជោ នឹងដឹកនាំគណប្រតិភូកម្ពុជាទៅចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស នារំលងអាធ្រាតុឆ្លងចូលថ្ងៃទី២១ឧសភា
តាមការគ្រោងទុក នៅវេលាម៉ោងម៉ោង១ និង៣០នាទីរំលងអាធ្រាតុឆ្លងចូលថ្ងៃទី២១ឧសភា ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើដំណើរទៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក។
តាមរយៈទំព័រ facebook សម្តេចតេជោបានបញ្ជាក់ថា ក្នុងដំណើរទៅកាន់ប្រទេសស្វីសនេះ សម្តេចក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅទីនោះផងដែរ។
“តាមការគ្រោងទុកខ្ញុំនឹងជួបបងប្អូនខ្មែរ យើងនៅសូរិកប្រទេសស្វីសនៅល្ងាចថ្ងៃទី ២១ឧសភា ២០២២ ។ សូមជំរាបលាបងប្អូនជនរួមជាតិនៅក្នុងប្រទេសមួយរយៈខ្លីហើយនិងជួបបងប្អូនជនរួមជាតិនៅតំបន់អឺរ៉ុបក្នុងពេលប៉ុន្មាន៦០ម៉ោងទៀត”។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោកក្រោមមូលបទ“ការត្រៀមខ្លួនសម្រាប់យុគសម័ យក្រោយជំងឺកូវីដ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ទី ២៦ ខែឧសភា ឆ្នាំ ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ (Davos-Klosters) ប្រទេសស្វីស។
ការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោកសា ស្រ្តាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិកនិងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋ កិច្ចពិភពលោក។
អញ្ជើញអមសម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំនេះរួមមាន៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន,លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀតព្រមទាំងសមាជិកមួយចំនួនរបស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។