ក្រោយ​រយៈពេល ៣​ឆ្នាំ អាមេរិក​មាន​អគ្គរដ្ឋទូត​ថ្មី​នៅ​អ៊ុយ​ក្រែ​ន​ចំពេល​កំពុង​តានតឹង​

​រដ្ឋសភា​អាមេរិក​បានសម្រេច​តែងតាំង លោកស្រី Bridget Brink ធ្វើជា​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ក្រោយ​រយៈពេល ៣​ឆ្នាំ មិនមាន​អគ្គរដ្ឋទូត​ប្រចាំ​នៅក្នុង​ប្រទេស​នេះ​។​

​តាម​គេហទំព័រ Globalnews បាន​ផ្សាយ​ថា ព្រឹទ្ធសភា​អាមេរិក នៅ​ថ្ងៃទី ១៨​ខែឧសភា (​ពេលវេលា​ន​នៅ​អាមេរិក​) បានសម្រេច​តែងតាំង​លោកស្រី Bridget Brink ជា​អគ្គរដ្ឋទូត​ថ្មី​ប្រចាំ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ។ ការសម្រេច​ខាងលើ ក្នុងពេលដែល​ទីក្រុង​វ៉ាស៊ីនតោន​បង្កើន​ការផ្តល់​ជំនួយ​សព្វាវុធ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​សមាជិក​មកពី​គណបក្ស​សាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ គឺ​បាន​ជំរុញ​ឲ្យ​មានការ​អនុម័ត ជាបន្ទាន់ ក្នុងការ​តែងតាំង លោកស្រី Bridget Brink ជា​អគ្គរដ្ឋទូត​ប្រចាំ​នៅ​អ៊ុយ​ក្រែ​ន​។ លោកស្រី Bridget Brink​ត្រូវបាន​ប្រធានាធិបតី​បៃ​ឌិន ជ្រើសរើស​នៅ​ថ្ងៃទី​២៥​ខែមេសា​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​, លោក Antony Blinken រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​គូសបញ្ជាក់ថា «​ប្រជាជន​អ៊ុយ​ក្រែ​ន បានការ​ពារ​មាតុភូមិ​របស់​ពួកគេ​, ប្រឈមមុខ​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី ដោយមាន​ជំនួយ​ផ្នែក​សន្តិសុខ​របស់​យើង ហើយ​លទ្ធផល ជា​ផ្លែផ្កា​ថែមទៀត​នឹង​កើតមាន ក្រោយ​ការបើក​ដំណើរការ​ស្ថានទូត​អាមេរិក​ឡើងវិញ​នេះ​»​។ លោក Antony Blinken ថា «​ខណៈ​សង្គ្រាម​រុ​ស្ស៉ី​-​អ៊ុយ​ក្រែ​ន នៅតែ​បន្ត​សហរដ្ឋអាមេរិក​កំពុង​ចាត់វិធានការ​បន្ថែមទៀត ដើម្បី​បង្កើន​សុវត្ថិភាព​ដល់​មន្ត្រី​រប​ស់​យើង​ដែល​ត្រូវ​វិលត្រឡប់​ទៅកាន់​ទីក្រុង​កៀវ​វិញ​»​។​

​រដ្ឋាភិបាល​អាមេរិក បាន​បញ្ជា​ឱ្យ​ក្រុមគ្រួសារ​របស់​បុគ្គលិក​អាមេរិក​ទាំងអស់ នៅឯ​ស្ថានទូត​ក្នុង​ទីក្រុង​កៀវ ចាក​ចេញពី​ប្រទេស កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២២ ចំពេល​មានការ​ព្រួយបារម្ភ​ថា​ទាហាន​រុស្ស៊ី​ដែល​ប្រមូលផ្តុំ​នៅតាម​ព្រំដែន​អ៊ុយ​ក្រែ​ន បម្រុង​នឹងធ្វើ​ការវាយប្រហារ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close