លោកត្រាំ៖ កូរ៉េខាងជើង មិនបានលាក់បាំងទីតាំង ផលិតមីស៊ីលដូចសារព័ត៌មានបានផ្សាយឡើយ
ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានចេញមុខការពារ មេដឹកនាំ គីម ជុងអ៊ុន ជាសាធារណ ក្រោយពេលមានប្រព័ន្ធផ្សព្វផ្សាយ ជុំវិញពិភពលោក បាន
ផ្សាយថា កូរ៉េខាងជើង បានលាក់បាំងទីតាំងផលិតមីស៊ីលជាច្រើនកន្លែងនៅតំបន់ភ្នំដាច់ស្រយាល។ លោកត្រាំបានបញ្ចាក់ថា អាមេរិក បានដឹងយ៉ាងច្បាស់ពីទីតាំង មីស៊ីលទាំងនោះ។ កូរ៉េខាងជើង បានប្រាប់ពីទីតាំងទាំងនោះដល់អាមេរិក ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតី ដូណាលត្រាំ បានថ្កោលទោសយ៉ាងខ្លាំង ដល់ប្រព័ន្ធផ្សព្វផ្សាយ ដែលបានផ្សាយព័ត៌មានមិនពិតស្តីពីទីតាំង ផលិតមីស៊ីលរបស់កូរ៉េខាងជើង ។ លោកត្រាំបានសរសេរនៅលើបណ្តាញសង្គម Twitter ថា «យើងបានដឹងទាំងអស់ពីទីតាំង មីស៊ីល ហើយមិនមានអ្វីថ្មី និងខុសប្រក្រតី ឡើយ »។ ការលើកឡើងរបស់លោកត្រាំគឺសម្តៅទៅលើ សារព័ត៌មានអាមេរិក New York Times ដែលបានផ្សាយព័ត៌មានខាងលើ។ លោកត្រាំបានបញ្ចាក់ទៀតថា «ខ្ញុំជាមនុស្សទីមួយដែលនិយាយឲ្យលោកអ្នកបានដឹងមុនគេប្រសិនបើ រឿងរ៉ាវពាក់ព័ន្ធនិង កូរ៉េខាងជើង ប្រែប្រួលអាក្រក់នោះ»។
ក្រុមអ្នកស្រាវជ្រាវ មកពីមជ្ឈមណ្ឌុលស្រាវជ្រាវយុទ្ធសាស្ត្រ អន្តរជាតិ នៅទីក្រុងវ៉ស៊ីនតោន កាលពីថ្ងៃទី១៣ខែវិច្ឆិកាបានបញ្ចាក់ថា តាមរូបភាពផ្កាយរណ បង្ហាញឲ្យឃើញថា មានទីតាំង ផលិតមីស៊ីល១៣កន្លែង ដែល កូរ៉េខាងជើង មិនបានប្រកាសឲ្យអាមេរិកដឹង ។
ប៉ុន្តែប្រធានាធិបតីអាមេរិកដូណាលត្រាំ បានបញ្ចាក់ថា អត្ថបទ ដែលសរសេរនៅលើបណ្តាញព័ត៌មាន New York Times ស្តីពីការស្រាវជ្រាវ តាមផ្កាយរណប គឺជារឿងមិនពិត ជាព័ត៌មានក្លេងក្លាយ។ កន្លងមក កូរ៉េខាងត្បូងធ្លាប់បានបញ្ចាក់ពីទីតាំង កាំជ្រួចមីស៊ីល កូរ៉េខាងជើងខាងលើ តាំងពីប៉ុន្មានឆ្នាំមុន។
លោកត្រាំបញ្ចាក់ថា រដ្ឋាភិបាលលោកគីមជុងអ៊ុន បច្ចុប្បន្ន បានផ្អាករាល់ការសាកល្បង គ្រាប់បែកបរមាណូ និងមីស៊ីល ហើយ ប្រកាសជាសាធារណនៅទីតាំងអាវុធមីស៊ីលទាំងនោះ ផងដែរ ។ កូរ៉េខាងជើង មិនបានលាក់បាំងអ្វីនោះឡើយ ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។