បន្ទាប់ពីជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីត្រូវបានបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានអនុញ្ញាតឲ្យបលោកស្រី ចំរើន មុទិតា ប្រធានក្រុមការងារបេសកកម្មលើកទី៣ របស់ធនាគារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីសកម្មភាពអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II)

នាឱកាសនេះ លោកស្រី ចំរើន មុទិតា បានឲ្យដឹងថាក្រុមបេសកកម្មលើកទី៣ របស់ធនាគារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជាបានបំពេញទស្សនកិច្ច ចាប់ពីថ្ងៃទី៣០ ខែតុលា រហូតថ្ងៃទី១៤ ខែវិច្ឆិកា

ឆ្នាំ២០១៨ ដើម្បីពិនិត្យមើលលទ្ធភាពនៃការធ្វើការអង្កេតទិន្នន័យមូលដ្ឋាន និងរៀបចំការវាយតម្លៃពាក់កណ្តាលអាណត្តិនៃគម្រោង ការជ្រើសរើសមុខសញ្ញាទទួលដីសម្បទានសង្គមកិច្ច និងពិនិត្យស្ថានភាពជីវភាពរស់នៅរបស់ប្រជាកសិករដែលទទួលបានដីសម្បទានសង្គមកិច្ចកន្លងមក។ យោងតាមការពិនិត្យទិដ្ឋភាពជាក់ស្ដែង លោកស្រីបានបញ្ជាក់ថា គម្រោងនេះបាននិងកំពុងអនុវត្តបានយ៉ាងល្អប្រសើរ ដោយប្រាក់ចំណូលនិងជីវភាពគ្រួសាររបស់សម្បទានិកមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះផងដែរ លោកស្រីសូមថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីជំនាញរបស់ក្រសួងដែលបាន និងបន្តផ្តល់កិច្ចសហការយ៉ាងល្អក្នុងការអនុវត្តគម្រោងនេះ។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារពិភពលោកដែលបាននិងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសាទរចំពោះវឌ្ឍនភាព និងសមិទ្ធផលនានាដែលគម្រោងសម្រេចបាន ដោយសមិទ្ធផលនេះហើយបានជួយលើកស្ទួយជីវភាពគ្រួសាររបស់ប្រជាជននៅជនបទ និងបានកាត់បន្ថយភាពក្រីក្របានយ៉ាងមានប្រសិទ្ធភាព។

ដើម្បីឲ្យគម្រោងនេះទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងមាននិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសធនាគារពិភពលោកពិនិត្យ ពិចារណាលើការសិក្សា និងវាយតម្លៃស្ថានភាពនិងគុណភាពនៃដីឲ្យបានស៊ីជម្រៅ ក៏ដូចជាការធ្វើកំណត់តំបន់ដាំដុះ ដើម្បីធានាបាននូវផលិតភាពផលិតកម្មកសិកម្មរបស់សម្បទានិក។ ចំពោះដីដែលមិនមានភាពអំណោយផលក្នុងការដាំដុះដំណាំ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឲ្យពិនិត្យមើលពីលទ្ធភាពក្នុងផ្តល់ហេដ្ឋារចនាសម្ព័ន្ធឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ការផ្តល់ជំនួយទាំងផ្នែកបច្ចេកទេស ពូជសត្វដែលមានតម្លៃ និងសក្តានុពលខ្ពស់ជូនសម្បទានិកដើម្បីចិញ្ចឹម។

ជាការឆ្លើយតប លោកស្រីបានសន្យាថានឹងយកអនុសាសន៍ដែលឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ ហើយពិនិត្យឲ្យអស់លទ្ធភាព ដើម្បីធានាដល់ការអភិវឌ្ឍជីវភាពគ្រួសាររបស់សម្បទានិក។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close