២០ប្រទេសក្នុងចំណោម៤០ បានយល់ព្រមផ្តល់ជំនួយអាវុធដល់អ៊ុយក្រែន
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសថា មានប្រទេសចំនួន២០ ប្រទេស បានសន្យាផ្តល់ជំនួយអាវុធឲ្យទៅប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់ជាមួយកម្លាំងទាហានរុស្ស៊ី ។
មានប្រទេសចំនួន ៤០ បានជួបប្រជុំគ្នាតាមអនឡាញ់ស្តីពីការជួយដល់អ៊ុយក្រែន ក្នុងការទប់ទល់សង្គ្រាមវាយប្រហារពីរុស្ស៊ី ក្នុងនោះមាន២០ ប្រទេសបានសន្យាផ្តល់ជំនួយ។ នៅក្នុងជំនួយពិភាក្សាថ្នាក់មន្ត្រីការពារជាតិ លោក Lloyd Austin បានបង្ហាញពីរបាយការណ៍ ស្តីពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ក្នុងចំណោមប្រទេសនោះ បានសន្យាផ្តល់ជំនួយរថក្រោះ កាំភ្លើងធំ រថពាសដែកជាដើម ។
នៅក្នុងព្រឹត្តិការណ៍មួួផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ អ៊ុយក្រែន យកខ្មោចរថក្រោះរុស្ស៉ី ដាក់តាំងពិព័រណ៍នៅរដ្ឋធានីកៀវ ដើម្បីបង្ហាញពីភាពជោគជ័យរបស់ខ្លួន។ សារព័ត៌មាន Telegraph នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២បានផ្សាយថា ខ្មោចរថក្រោះមួយចំនួនរបស់រុស្ស៉ី ត្រូវបានដាក់តាំងបង្ហាញ នៅរដ្ឋធានីកៀវរបស់អ៊ុយក្រែន ខណៈទីក្រុងនេះ បាននិងកំពុងបន្តវិលទៅរក សភាពប្រក្រតីឡើងវិញ បន្ទាប់ពីរុស្ស៉ីបានដកថយចេញពីតំបន់នៅជុំវិញនោះ។
ប្រជាជនអ៊ុយក្រែន ដែលរស់នៅក្នុងទីក្រុងកៀវ បាននាំគ្នាទៅទស្សនាក៏ដូចជាថតរូបភាព ខ្មោចរថក្រោះទាំងនោះ ដែលត្រូវបានដាក់តាំងពិព័រណ៍ នៅឯទីលាន សេន មីឈែល (Saint Michael) កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពួកវាស្ថិតក្នុងផ្នែកនៃការវាយប្រហារ ដែលបានប៉ុនប៉ងមកលើ រដ្ឋធានីរបស់អ៊ុយក្រែន ប៉ុន្តែទទួលបរាជ័យ។
បច្ចុប្បន្ន សញ្ញានៃប្រក្រតីភាព បាននិងកំពុងត្រឡប់មកវិញហើយ នៅទីក្រុងកៀវ កំលុងប៉ុន្មានសប្តាហ៍មកនេះ ដោយបម្រាមគោចរ មានរយៈពេលខ្លីជាងមុន, អាជីវកម្មត្រូវបើកដំណើរការឡើងវិញ ហើយបរទេសក៏ បាននាំគ្នាបញ្ជូនមន្ត្រីទូតពួកគេ ត្រឡប់មកវិញផងដែរ។
ក្នុងរយៈពេលជាង១២សប្តាហ៍ ក្រោយការឈ្លានពានរបស់រុស្ស៉ី កងទ័ពអ៊ុយក្រែនបានរារាំង ការប៉ុនប៉ងក្នុងការដណ្តើមយកទីក្រុងកៀវ និងទីក្រុង ខាកៀវ ដែលនៅភាគខាងជើង ប៉ុន្តែឥឡូវរុស្ស៉ីកំពុងផ្តោត ការវាយប្រហារយ៉ាងចាស់ដៃ នៅតំបន់ដុនបាស់ ដែលនៅភាគខាងកើត ព្រមទាំងតំបន់ភាគខាងត្បូងរបស់អ៊ុយក្រែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។