សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី “​រាត្រី​កម្ពុជា​” (CAMBODIA NIGHT) ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន WorldBridge Group

​នៅ​រាត្រី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី “​រាត្រី​កម្ពុជា​” (CAMBODIA NIGHT) ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន WorldBridge Group​។

​អ្នកឧកញ៉ា​សៀ ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន វើ​ល​ដ៏​ប្រ៊ី​ដ គ្រុប បានរៀបចំ​រាត្រី​ស​មោ​លស​កម្ពុជា (Cambodia Night) ដើម្បី​បង្ហាញ​ពី​ផលិត ផល​ខ្មែរ ពិសេស​មុខម្ហូប​ខ្មែរ​ចំនួន​១១​មុខ ជូន​ដល់​វាគ្មិន​អន្តរជាតិ ដែល​បាន​អញ្ជើញ​ចូល​រូ​ម​កិច្ចប្រជុំ​កំពូល នៃ​វេទិការ​ពិភពលោក ឆ្នាំ​២០២២ នៅ​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វី​ស​។ ពិធី​ដ៏​មាន​អត្ថន័យ​នោះ ត្រូវបាន​ការអញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វត្តមាន ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​រាជរដ្ឋាភិបាល​កម្ពុជា និង​វាគ្មិន​នៃ​វេទិកា​ពិភពលោក​ជាច្រើនរូប ។

​អ្នកឧកញ៉ា​សៀ ឬ​ទ្ធី មានប្រសាសន៍ថា ចាប់តាំងពី​ប្រទេស​កម្ពុជា បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ក្នុង​ឆ្នាំ​២០០៤ ប្រទេស​កម្ពុជា​បាន​ដើរ​លើ​មាគ៌ា​យ៉ាង​ស្វាហាប់ ទាំង​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា សាធារណរដ្ឋ​កូរ៉េ ពិតជា​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​។ អ្នកឧកញ៉ា មានប្រសាសន៍​បន្តថា ភាពជា​ដៃគូ​គ្រប់​ជ្រុង​ក្នុង​តំបន់ (RCEP) ដែល​ទើបតែ​ចូល​ជាធរ​មាននៅ​ឆ្នាំ​២០២២​នេះ ត្រូវបាន​រំពឹងថា​នឹង​ជំរុញ​ទំនុកចិត្ត​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស និង​នាំមក​នូវ​ការវិនិយោគ​ដោយផ្ទាល់ ពី​បរទេស​ថ្មីៗ បន្ថែមទៀត​។
​ជាមួយនិង​លទ្ធភាព​ទាំងអស់នោះ កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ទីផ្សារសេរី រីកចម្រើន​ក្នុង​តំបន់​។ អ្នកឧកញ៉ា​ប្រធាន​ក្រុមហ៊ុន​មានប្រសាសន៍​បន្តថា ក្នុងនាម​ធុរជន​កម្ពុជា អ្នកឧកញ៉ា​ពិតជា​មាន​មោទនភាព​ចំពោះ​អ្វីៗ ដែល​ប្រទេស​កម្ពុជា​សំរេច បាន ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ប៉ិនប្រសព្វ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​តេ​ជោ​។ ប្រទេស​កម្ពុ​ជាមាន​ស្ថិរភាព មានការ​គាំទ្រ​អាជីវកម្ម និង​គាំទ្រ​វិស័យ ឯកជន ពិសេស​ស្វាគមន៍​អ្នកវិនិយោគ​មកពី​ជុំវិញ​ពិភពលោក​។​

​នាឱកាស​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ភ្លក់​នូវ រស់ជាតិ​មុខម្ហូប​ប្រពៃណី​ខ្មែរ បាន​សំដែង​នូវ​ការកោតសរសើរ ចំពោះ​អ្នកឧកញ៉ា​សៀ ឬ​ទ្ធី ដែល​បានរៀបចំ​នូវ​រាត្រី​ស​មោ​លស​នេះ​ឡើង ដើម្បី​បង្ហាញ​ដល់​វាគ្មិន​អន្តរជាតិ នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក បាន​ស្វែងយល់ និង​ភ្លក់​នូវ​មុខម្ហូប​ប្រពៃណីជាតិ​។
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​ក្រសួងពាណិជ្ជកម្ម ក៏ដូចជា​អ្នកវិនិយោគទុន​របស់​កម្ពុជា ត្រូវតែ​បង្កើន​នូវ​ភាព​ប្រកួត ប្រជែង​ជាមួយនិង​ទីផ្សារ​អន្តរជាតិ អំពី​ផលិតផល​ខ្មែរ ពិសេស​មុខម្ហូប​ប្រពៃណីជាតិ លើ គ្រប់​វេទិកា​អន្តរជាតិ​នានា ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។ អ្នកឧកញ៉ា សៀ ឬ​ទ្ធី មានប្រសាសន៍ថា អ្នកឧកញ៉ា​ពិតជា​មាន​មោទនភាព និង​មាន​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម និង​សូម​ណែនាំ​ស្ថាបត្យករ នៃ​ភាពជោគជ័យ​របស់​កម្ពុ​ជា និង​ជា​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ដែល​បានធ្វើ​ឲ្យ​កម្ពុជា​មានការ​រីកចំរើន អភិវឌ្ឍ និង​មាន​កំណើន​ដ៏​អស្ចារ្យ​នោះ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ឆ្នាំ​២០២២​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close