អាឡឺម៉ង់ ចាប់ផ្តើម​បញ្ជា​ទិញ​វ៉ាក់សាំង សម្រាប់​អ្នក​ប៉ះពាល់​អ្នកជំងឺ​អុត​ស្វា​

​ប្រទេស​អាឡឺម៉ង់​បាន​បញ្ជា​ទិញ​វ៉ាក់សាំង Bavarian Nordic ចំនួន ៤០,០០០​ដូ​ស ដើម្បី​ត្រៀម​ចាក់​អ្នក​ដែល​បាន​ប៉ះពាល់​អ្នកជំងឺ​អុត​ស្វា ប្រសិនបើ​ការផ្ទុះ​ឡើង​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​កាន់តែ​ធ្ងន់ធ្ងរ ខណៈ​មន្ត្រី​កំពុង​ដាក់​វិធានការណ៍​ប្រុងប្រយ័ត្ន​ផ្សេងទៀត​សម្រាប់​ពេលនេះ​។

​រដ្ឋមន្ត្រី​សុខាភិបាល​អាល្លឺម៉ង់​លោក Karl Lauterbach បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​២៤ ឧសភា​ថា វិធានការ​ដូចជា​ការ​ណែនាំ​ឱ្យនៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល ២១​ថ្ងៃ សម្រាប់​អ្នក​ឆ្លង​ជំងឺ​នេះ នាពេល​បច្ចុប្បន្ន​គឺ​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​ការផ្ទុះ​ឡើង​។​

​លោក Lothar Wieler ប្រធាន​វិទ្យាស្ថាន Robert Koch របស់​ប្រទេស​អាល្លឺម៉ង់​ទទួលបន្ទុក​ជំងឺឆ្លង បាន​និយាយ ថា រហូតមកដល់​ពេលនេះ មាន​ករណី​ចំនួន ៥ នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ខណៈដែល​ពួកគេ​សុទ្ធតែជា​បុរស​ទាំងអស់​។​

​គួរ​បញ្ជាក់ថា monkeypox គឺជា​មេរោគ​ដែល​អាច​បណ្តាល​ឲ្យ​មាន​រោគសញ្ញា​គ្រុនក្តៅ​, ឈឺខ្លួន និង​មាន​កន្ទួល​ធំៗ​នៅលើ​ស្បែក​។ អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ បានប្រកាសថា ខ្លួន​កំពុង​តាមដាន​ការ​វិ​វដ្ត​នៃ​មេរោគ​នេះ នៅក្នុង​ប្រទេស​ដែល​មិន​ធ្លាប់​កើតមាន នូវ​ជំងឺ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close